ដោយគង់ សូរិយា
ភ្នំពេញៈ បើទោះជាវាមានរយៈពេលខ្លីក្តី ប៉ុន្តែបទពិសោធន៍ដ៏អាក្រក់នេះ នឹងធ្វើឲ្យអ្នកមានបំណងវិនិយោគលើផ្ទះសម្បែង ទិញសំរាប់រស់នៅនឹងពិចារណាឡើងវិញលើការសម្រេចចិត្តរបស់ពួកគេ។
ទីប្រឹក្សាសមាគមអចលនទ្រព្យសកល ជាសហស្ថាបនិកនិងជាអគ្គនាយកនៃគេហទំព័រ Propertyarea.asia លោកយិន លាងគង់ បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ពិតណាស់បញ្ហាទឹកជំនន់ដោយសារទឹកភ្លៀង ដោយសារគ្រោះធម្មជាតិក្តី វាតែងតែកើតមាននៅគ្រប់បណ្តាប្រទេសនានា ប៉ុន្តែការលិចលង់ដែលមិនអាចប៉ាន់ប្រមាណជាមុនបាននៅពេលនេះ នឹងធ្វើឲ្យប្រជាពលរដ្ឋផ្លាស់ប្តូរការសម្រេចចិត្តរបស់ពួកគេ ទោះបីជារយៈពេលខ្លីក្តី រយៈពេលវែងក្តី។
លោកបន្តថា “អ្នកជំនាញផ្នែកនគរូបនីយកម្មថា ការលិចលង់នេះ ដោយសារការរៀបចំបែបផែននគរូបនីយកម្មមិនសូវបានល្អ ដែលនេះពិតជាផ្នែកមួយត្រឹមត្រូវ ប៉ុន្តែគ្រោះធម្មជាតិនេះវាជារឿងធម្មតាប៉ុណ្ណោះ” ។ លោកបន្តថា “ការត្អូញត្អែររបស់ប្រជាពលរដ្ឋ និងម្ចាស់គំរោងអភិវឌ្ឍន៍នៅតាមបណ្តោយផ្លូវមួយចំនួន ស្ថិតនៅភាគខាងត្បូង ឆៀងខាងលិចក្រុងភ្នំពេញ បាននិងកំពុងធ្វើឲ្យនិន្នាការនៃការទិញលក់ អាចផ្លាស់ប្តូរក្នុងកំឡុងពេល និងបន្ទាប់ពីវិបត្តិនេះ” ។
តំបន់ស្ថិតនៅតាមដងស្ទឹងព្រែកត្នោត ផ្នែកមួយចំនួននៃផ្លូវជាតិលេខ២បាននិងកំពុងលិចលង់ ពិសេសក្នុងខ័ណ្ឌដង្កោ ប៉ុន្តែយើងសង្ឃឹមថាអ្វីៗនឹងអាចដោះស្រាយបានបន្ទាប់ពីទឹកជំនន់នេះ ហើយប្រជាពលរដ្ឋនឹងមិនប្រឈមមុខ នឹងបទពិសោធន៍នេះបន្តទៀតឡើយ។លោកយិន លាងគង់បញ្ជាក់ឲ្យដឹង។
ទោះជាយ៉ាងណា អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Century21 Fortuna Investment លោក វ៉ា វីរៈ បានមានប្រសាសន៍ថា បញ្ហាជំនន់ដែលកំពុងកើតមាននៅពេលនេះ មិនមែនជាឧបសគ្គធំនៅក្នុងទីផ្សាររួម នៃវិស័យអចលនទ្រព្យនោះទេ ដែលវាគ្រាន់តែជាចំណែកមួយតូចតែប៉ុណ្ណោះ ដែលបង្កឡោះងដោយធម្មជាតិ ហើយវឹនឹងផុតរលត់ទៅវិញក្នុងរយៈពេលដ៏ខ្លី។
លោកបញ្ជាក់ថា “ជំនន់ទាំងនេះ ច្បាស់ណាស់ថា បានបង្កកចលនានៃការទិញ-លក់ ដីធ្លីនៅតាមតំបន់ជុំវិញក្រុង ក៏ដូចជាតាមបណ្តាខេត្តនានា ប៉ុន្តែវាមិនមែនជាបញ្ហាធំធ្ងន់ធ្ងដែលជះឥទ្ធិពលអាក្រក់ដូចការរាតត្បាតនៃជំងឺឆ្លងនោះទេ” ។
ទោះជាយ៉ាងណាលោកទទួលស្គាល់ថា យើងទទួលស្គាល់ថា នៅពេលមានគ្រោះជំនន់ ការទិញលក់ដីធ្លីមានការធ្លាក់ចុះ ប៉ុន្តែភាគច្រើនប៉ះពាល់ទៅលើគម្រោងដីឡូតិ៍ប៉ុណ្ណោះ ដោយសារពួកគាត់ភាគច្រើនជាភ្នាក់ងារលក់ ដែលត្រូវការលក់ចេញជាប្រចាំ លុះនៅពេលលិចទឹក ភ្ញៀវក៏មិនទៅមើលដែរ ប៉ុន្តែសម្រាប់ការទិញលក់ដីដែលមានទំហំធំហាក់ដូចជាមិនប៉ះពាល់នោះទេ។
ចំណែកលោកបណ្ឌិត វាន់ វ៉ាត អ្នកជំនាញផ្នែកនគរូបនីយកម្ម និងសំណងបានមានប្រសាសន៍ថា ការរៀបចំនគរូបនីយកម្មក្រុងរបស់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះមិនទាន់មានផែនការអនុវត្តន៍ នៅទូទាំងប្រទេសនៅឡើយទេ បើទោះបីមានការរៀបំហេ ដ្ឋារនាសម្ព័ន្ធក្រុងមួយចំនួនរួចហើយយ៉ាងក្តី ដែលការនេះជំរុញឱ្យមានការជួបប្រទះនូវជន់លិចនៅពេលមានភ្លៀងធ្លាក់ខ្លាំងម្តង។
លោកបន្តថា កន្លងមកនេះ យើងបានរៀបចំហេដ្ឋារនាសម្ព័ន្ធក្រុងបានរួចហើយនៅតាមបណ្តាខេត្តមួយចំនួន ដូចជានៅក្នុងខេត្តកណ្តាល យើងក៏បានសិក្សានៅក្នុងកម្រិតតាមផែនការ ហើយចំពោះការអនុវត្តជាក់ស្តែង ទៅលើគម្រោងមិនទាន់ចេញជាផែនជាក់ស្តែងដោយកង្វះខាតពាក់ព័ន្ធនឹងកញ្ចប់ថវិកា។
លោកបន្តថា “ដូច្នេះរាល់បាតុភូតធម្មជាតិដែលមានការជន់លិច ដូចជាការអនុវត្តជាក់ស្តែង លើការងារផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្រុង គឺយើងផ្អែកទៅលើផែនការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានគម្រោងអភវិឌ្ឍន៍ទាំងនៅក្នុងស្រុង និងក្រៅស្រុក ដែលមានការគាំទ្រថិកាពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តែមកដល់ពេលនេះ យើងឃើញថា មិនទាន់មានផែនការច្បាស់លាស់នៅឡើយទេ” ។
លោកបណ្ឌិតបន្តថា “យើងនៅតែមានចំណុចខ្វះខាតមួយចំនួនពាក់ព័ន្ធទៅនឹងកញ្ចប់ថវិកា ដើម្បីយកមកអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារនាសម្ព័ន្ធរំដោះទឹក” ។ លោកពន្យល់ថា “កន្លងមកនេះ យើងនៅមានចន្លោះខ្វះខាតហេដ្ឋារចនាសម្ព័ន្ធដែលបានគ្រោងលើកកម្រិតជាលក្ខណៈផ្លូវជាតិ ផ្លូវមហាវិថី វិថី ក៏ដូចជាផ្លូវបេតុ និងផ្លូវលំនៅតាមជនបទ ជាដើម ដែលយើងមិនបានយកចិត្តទុកដាក់លើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរំដោះទឹក ដូចជាប្រព័ន្ធលូ ប្រព័ន្ធព្រែកប្រឡាយមេ និងប្រឡាយផ្សេងៗជាដើម” ។
លោកបណ្ឌិតពន្យល់ថា “ក្នុងរយៈពេល២សប្តាហ៍កន្លងមកនេះ កម្ពុជាបានទទួលរងនូវប្រព័ន្ធសម្ពាតទាប ហើយមានភ្លៀងធ្លាក់ខ្លាំង បានធ្វើឱ្យតំបន់មួយចំនួនទទួលរងនូវការលិចលង់ក្រុង ដោយសារនៅកន្លែងខ្លះ យើងកំពុងធ្វើការជុសជួល ហើយផ្លូវមួយចំនួនយើងបញ្ចប់ការសាងសង់ ប៉ុន្តែយើងមិនបានរៀបចំប្រឡាយរំដោះទឹក ឱ្យបានល្អនោះទេ(ឧទាហរណ៍ផ្លូវជាតិលេខ៤ ) ក្នុងទីប្រជុំជនជាដើម។
លោកបន្ថែមទៀតថា “នៅកន្លែងខ្លះទៀត បើទោះបីធ្វើផ្លូវរួចហើយ តែយើងមិនបានរៀបចំប្រឡាយរំដោះទឹកឱ្យបានត្រឹមត្រូវតាមរយៈការតភ្ជាប់ទៅកាន់ប្រឡាយមេ (ធ្លាក់ចូលទន្លេ) ហើយបើតាមស្ថានភាពបច្ចុប្បន្ននេះ បើយើងមានប្រព័ន្ធបង្ហូររំដោះទឹកល្អ និងមានប្រព័ន្ធចែករំលែងទៅកាន់អូរ ឬប្រឡាយ ស្ទឹង បឹង ជាច្រើនផ្សេងទៀតជាលក្ខណៈស្បែកខ្លា នឹងមិនធ្វើឱ្យមានការជនលិចនោះទេ” ៕