ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ តម្លៃជួលការិយាល័យនៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ ជាទូទៅគិតជាមធ្យមមានការធ្លាក់ចុះក្នុងរង្វង់ប្រមាណ ៣៥-៤៥ ភាគរយ ស្របពេលដែលតម្រូវការមានការធ្លាក់ចុះ ហើយការផ្គត់ផ្គង់មានការកើនឡើង។
នៅក្នុងរបាយការណ៍ដែលសិក្សាដោយក្រុមហ៊ុនជំនាញ CBRE Cambodia កាលពីពេលថ្មីៗនេះបានបង្ហាញថា ចំនួននៃការជួលអគារប្រភេទ B បានធ្លាក់ចុះ ប្រមាណ -៦.៣ ភាគរយ និង -៩.៤ភាគរយ នៅក្នុងតំបន់ពាណិជ្ជកម្ម និងមិនមែនតំបន់ពាណិជ្ជក
របាយការណ៍ដដែលបន្តថា សម្រាប់ការិយាល័យប្រភេទ C នៅក្នុងតំបន់មិនមែនពាណិជ្ជកម្ម ក៏ត្រូវបានគេកត់សម្គាល់ឃើញដែរថាមានភាពអវិជ្ជមាន ដោយធ្លាក់មក -៤.២ ភាគរយ ខណៈប្រភេទ C នៅក្នុងតំបន់ពាណិជ្ជកម្ម ត្រូវបានគេកត់សម្គាល់នូវការកើនឡើង ២.៦ ភាគរយ នៅក្នុងត្រីមាសនេះ។ ជាមួយនឹងរូបភាពនៃតម្រូវការជួលមានការធ្លាក់ចុះ ម្ចាស់អគារមួយចំនួនធំបានបន្តកាត់បន្ថយនូវតម្លៃជួល និងផ្តល់លក្ខខណ្ឌពិសេសដល់ក្រុមហ៊ុនជួល ឬចរចាលើកិច្ចសន្យាថ្មី ដើម្បីរក្សាបាននូវកំណើនជួលរបស់ពួកគេ។
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ EASY Property Investment លោក ម៉ម សិរីបញ្ញា បានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះថា តម្រូវការជួលនាពេលបច្ចុប្បន្ននេះពិតជាមានការធ្លាក់ចុះពិតប្រាកដមែន ហើយក្នុងនោះតម្លៃដែលត្រូវបានដាក់នៅលើទីផ្សារក៏ត្រូវបានម្ចាស់សំណង់អគារ ក៏ដូចជាក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួនធំទម្លាក់ចុះនូវតម្លៃជួលផងដែរ។
លោក ម៉ម សិរីបញ្ញា បានបញ្ជាក់ថា “ម្ចាស់អគារកម្រិតមធ្យម ក៏ដូចជាម្ចាស់សំណង់លំនៅដ្ឋានមួយចំនួនដែលដាក់ជួលសម្រាប់ផ្គត់ផ្គង់ក្នុងវិស័យការិយាល័យ បានសម្រេចចិត្តទម្លាក់ចុះតម្លៃគិតជាមធ្យមប្រមាណ ៣៥-៤៥ ភាគរយ ប៉ុន្តែសម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់អគារការិយាល័យកម្រិតខ្ពស់ ភាគច្រើនមិនបានអនុវត្តនូវយុទ្ធសាស្ត្របញ្ចុះតម្លៃនោះទេ”។
លោកបន្តថា “ក្រុមហ៊ុនអភិវឌ្ឍន៍ និងផ្គត់ផ្គង់កម្រិតខ្ពស់ ឬស្ដង់ដា ភាគច្រើនគេមិនបញ្ចុះតម្លៃនោះទេ ដោយសារតែក្ដីបារម្ភទៅនឹងកិច្ចសន្យា និងអនុវត្តខុសពីគោលការណ៍ស្ដង់ដារបស់ក្រុមហ៊ុន ប៉ុន្តែពួកគាត់អាចអនុគ្រោះទៅលើសេវាផ្សេងទៀតដែលពាក់ព័ន្ធ ឬបន្ថែមនូវសេវាកម្មជូនតែម្ដង។ បច្ចុប្បន្ននេះ សម្រាប់តម្លៃជួលជាក់ស្ដែង និងគិតជាមធ្យមទៅលើការិយាល័យជួលកម្រិត A អាចស្ថិតនៅក្នុងចន្លោះ ២២-២៥ ដុល្លារក្នុងមួយម៉ែត្រការ៉េ ការិយាល័យកម្រិត Bស្ថិតនៅក្នុងរង្វង់ ១៨-២២ ដុល្លារក្នុងមួយម៉ែត្រ ហើយកម្រិត C ស្ថិតក្នុងតម្លៃ ១៦-១៨ ដុល្លារក្នុងមួយម៉ែត្រការ៉េ” ។
ជាមួយនឹងការលើកឡើងពីស្ថានភាពនៃតម្រូវការ រួមជាមួយនឹងកំណើននៃការផ្គត់ផ្គង់ខាងលើនេះ លោក ម៉ម សិរីបញ្ញា ក៏បានបង្ហាញពីក្ដីរំពឹងថា នៅដើមឆ្នាំ២០២១ខាងមុខនេះ តម្រូវការជួលក្នុងវិស័យមួយនេះនឹងមានការកើនឡើងវិញ បន្ទាប់ពីស្ថានភាពនៃវិបត្តិសាកលត្រូវបានកាត់បន្ថយ និងឈានទៅរកការគ្រប់គ្រងបានប្រកបដោយប្រសិទ្ធភាពខ្ពស់៕