អ្នកប្រតិបត្តិក្នុងវិស័យអចលនទ្រព្យសាទរនឹងការសម្រេចពន្យាពេលការយកពន្ធលើចំណេញមូលធនរបស់រដ្ឋាភិបាល

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ បណ្តាប្រតិបត្តិករនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា បានសម្ដែងនូវភាពរីករាយ និងសាទរទៅនឹងក្ដីសម្រេចរបស់រាជរដ្ឋាភិបាលក្រោមចំណាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅលើការពន្យាពេលលើការយកពន្ធលើចំណេញមូលធនក្នុងរយៈពេល១ឆ្នាំបន្ទាប់ទៀត។

លោកឧកញ៉ា បណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ KW Cambodia ដែលជាអ្នកប្រតិបត្តិនៅក្នុងវិស័យនេះ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ បានបង្ហាញពីក្ដីរីករាយ និងសាទរទៅនឹងការសម្រេចប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលសមស្របទៅនឹងស្ថានការដែលកំពុងប្រឈមរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន។

លោកឧកញ៉ាបានបញ្ជាក់ថា “រាជរដ្ឋាភិបាល ជាពិសេសសម្ដេចនាយករដ្ឋមន្ត្រីនៃកម្ពុជា ពិតជាបានយល់ច្បាស់ពីទុក្ខធុរៈរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេសបងប្អូនដែលជាអ្នករកស៊ីកំពុងតែស្ថិតនៅក្នុងស្ថានភាពប្រឈម ដូច្នេះប្រសិនបើអនុវត្តនៃការយកពន្ធចាប់ពីដើមឆ្នាំក្រោយគឺជាការដាក់បន្ទុកមួយកម្រិត ប៉ុន្តែពេលនេះសម្ដេចបានអនុគ្រោះ និងសម្រេចលើកពេលទៅឆ្នាំបន្ទាប់១ឆ្នាំទៀតនេះគឺជារឿងមួយដ៏ល្អបំផុត”។

លោកឧកញ៉ាបញ្ជាក់ទៀតថា “ការរកស៊ីស្ទើរគ្រប់វិស័យទាំងអស់ ភាគច្រើនគឺមានការពាក់ព័ន្ធគ្នា ដូច្នេះ ការសម្រេចលើកពេលនៃការយកពន្ធនេះ គឺបានជួយសម្រួលដល់វិស័យអចលនទ្រព្យបានយ៉ាងច្រើន ហើយតាមរយៈភាពល្អប្រសើររបស់វិស័យអចលនទ្រព្យ ក៏នឹងជួយសម្រួលបន្តទៅដល់វិស័យផ្សេងៗទៀតឱ្យកាន់តែមានភាពធូរស្រាល”។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ថា “ក្ដីសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន គឺជាការជំរុញ និងលើកទឹកចិត្តដ៏ប្រសើរបំផុតសម្រាប់អ្នករកស៊ីនៅក្នុងវិស័យនេះ ដោយមានការពន្យាពេលមួយរយៈធំដល់ប្រតិបត្តិករ”។ លោកបានបន្តថា “នេះគឺជាសញ្ញាវិជ្ជមានមួយសម្រាប់អ្នកប្រឡូកនៅក្នុងវិស័យអចលនទ្រព្យគ្រប់ប្រភេទ ដែលត្រូវត្រៀមខ្លួន និងចាប់ផ្តើមអនុវត្តនៅក្នុងទីផ្សារ ហើយក្រៅពីនេះ ក៏ជាសញ្ញាដែលសម្ដេចតេជោ បានបញ្ជាក់ពីកិច្ចយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចសហការជាដៃគូជាមួយវិស័យឯកជន”។

លោក ច្រឹក សុខនីម “ថ្វីត្បិតការបង់ពន្ធ គឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ ក៏ដូចជាបណ្តាអ្នកជំនួញនានា ប៉ុន្តែសម្ដេចតេជោ លោកបានមើលឃើញ និងថ្លឹងថ្លែងយ៉ាងច្បាស់ពីលទ្ធភាពជាក់ស្ដែង និងបញ្ហាដែលកំពុងប្រឈមផងដែរ។ ក្នុងនាមរូបខ្ញុំជាអ្នកអនុវត្តនៅក្នុងវិស័យអចលនទ្រព្យ និងក្នុងនាមជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា ពិតរីករាយ និងសាទរជាមួយនឹងការសម្រេចរបស់សម្ដេច ហើយក៏សូមអរគុណចំពោះទឹកចិត្តរបស់សម្ដេចដែលតែងតែយល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកជំនួញគ្រប់វិស័យនៅកម្ពុជា” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here