អ្នកជំនាញ៖ គ្រប់​គម្រោង​វិនិយោគ និង​អភិវឌ្ឍន៍​សំណង់​អគារ​ពាណិជ្ជកម្ម​នានា​ចាំបាច់គួរតែ​សហការ​ជាមួយ​ភ្នាក់ងារ​ជំនាញ

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ គ្រប់​គម្រោង​វិនិយោគ និង​អភិវឌ្ឍន៍​ក្នុង​វិស័យ​សំណង់​នានា ជាពិសេស​អគារ​ដែល​បម្រើ​ដល់​វិស័យ​ពាណិជ្ជកម្ម អគារ​ខុន​ដូ ក៏ដូចជា​លំនៅដ្ឋាន គឺ​សុទ្ធតែ​ត្រូវការ​សហការ​យ៉ាង​ជិតស្និទ្ធ ជាមួយ​ក្រុមហ៊ុន​ភ្នាក់ងារ ដើម្បី​អាច​ទទួលបាន​លទ្ធផល​ខ្ពស់ និង​ភាពជោគជ័យ​របស់​គម្រោង។ នេះ​បើតាម​ការអះអាង​ពី​សំណាក់​លោក​ខន គង្គា អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ ERA Cambodia ។

លោក​ខន គង្គា បាន​មានប្រសាសន៍​នៅ​ល្ងាច​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០កន្លងមក​ថា ប្រសិនបើ​គម្រោង​អភិវឌ្ឍន៍​ដែលមាន​ទ្រង់ទ្រាយ​តូច អាច​មិនចាំបាច់​ត្រូវការ​សេវា​ពី​ក្រុមហ៊ុន​ភ្នាក់ងារ ក្នុងការ​ជំរុញ​ដល់​ការលក់​បាន ដែល​អ្នក​អភិវឌ្ឍន៍​ក៏​អាចមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការលក់​ដោយ​ខ្លួនឯង ប៉ុន្តែ​សម្រាប់​គម្រោង​វិនិយោគ និង​អភិវឌ្ឍន៍​ធំ​ដែលមាន​ទំហំ​ដើមទុន​រាប់សិប​លាន​ដុល្លារ គឺ​ចាំបាច់​ត្រូវតែ​សហការ ជាមួយ​ក្រុមហ៊ុន​ភ្នាក់ងារ​ជំនាញ។

លោក​បាន​បញ្ជាក់ថា “សម្រាប់​ក្រុមហ៊ុន ក៏ដូចជា​អ្នក​អភិវឌ្ឍន៍​គម្រោងធំៗ ចាំបាច់​ត្រូវតែ​សហការ​យ៉ាង​ជិតស្និទ្ធ ជា​ក្រុមហ៊ុន​ភ្នាក់ងារ​ដែលមាន​ជំនាញ និង​យល់ដឹង​ទូលំទូលាយ​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​រួម ជាពិសេស​មុនពេល​សម្រេចចិត្ត សហការ​ជាមួយ​ក្រុមហ៊ុន​ភ្នាក់ងារ​ណាមួយ អ្នក​អភិវឌ្ឍន៍​ក៏​ត្រូវតែ​សិក្សា និង​ស្វែងយល់​លម្អិត​ទៅ​ភាព​ជំនាញ និង​កេរ្តិ៍ឈ្មោះ​របស់​ក្រុមហ៊ុន​ភ្នាក់ងារ​ផងដែរ” ។

លោក​ខន គង្គា បាន​មានប្រសាសន៍ថា “ការសម្រេចចិត្ត​ជ្រើសរើស​ក្រុមហ៊ុន​ភ្នាក់ងារ​ជំនាញ​លក់​គម្រោង គឺជា​រឿង​សំខាន់បំផុត ព្រោះ​វា​ទាក់ទង​ទៅនឹង​ការវិនិយោគ​របស់​អ្នក​អភិវឌ្ឍន៍ ប្រសិនបើ​ជ្រើសរើស​ក្រុមហ៊ុន​ភ្នាក់ងារ​ជំនាញ​ដែល​ល្អ គម្រោង​នឹង​ជោគជ័យ​បាន​ឆាប់រហ័ស” ។ លោក​បន្ថែមថា “ប៉ុន្តែ​បើ​ប៉ះ​ក្រុមហ៊ុន​ភ្នាក់ងារ​មិនល្អ អាចធ្វើឱ្យ​មានការ​ខាតបង់​ច្រើន ដែល​ក្រៅពី​ចំណាយពេល​យូរ​ក្នុង​ការលក់ គាំង​លំហូរ​ចរន្ត​សាច់ប្រាក់​វិនិយោគ ហើយ​ថែមទាំង​ប៉ះពាល់​ដល់​កេរ្តិ៍​របស់​គម្រោង​ថែមទៀត” ។

លោក​បាន​បញ្ជាក់ទៀតថា ក្រុមហ៊ុន​ភ្នាក់ងារ​នៅលើ​ទីផ្សារ​កម្ពុជា អាចមាន​ច្រើនជាង៣០០ក្រុមហ៊ុន ដែល​ក្នុង​មាន​ទាំង​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ ប៉ុន្តែ​ចំពោះ​ក្រុមហ៊ុន​ដែលមាន​ជំនាញ និង​លទ្ធភាព​ពិតប្រាកដ មានកេរ្តិ៍ឈ្មោះ​ល្បី ដែលមាន​ការទទួលស្គាល់​ជា​សាកល​គឺមាន​មិន​ច្រើន​នោះទេ។ ជា​បទពិសោធន៍ សម្រាប់​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ ERA Cambodia បានសម្រេច​នូវ​គម្រោង​ជាច្រើន​រួចមកហើយ ហើយក៏​បាន​កសាង​ទំនុកចិត្ត​ខ្ពស់ ដល់​អតិថិជន​ដែលជា​ក្រុមហ៊ុន និង​អ្នក​អភិវឌ្ឍន៍​ជាច្រើន​រួចមកហើយ​ផងដែរ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here