ដោយវុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលតាមរយៈការក្រសួងទេសចរណ៍ បាននឹងកំពុងរៀបចំផែនការទេសចរណ៍ខេត្តសៀមរាប ដោយគ្រោងបង្កើតទីក្រុងសៀមរាបថ្មីមួយទៀត ប៉ុន្តែមិនត្រូវបានអនុញ្ញាតឱ្យសាងសង់សំណង់អគារខ្ពស់ៗនោះទេ គោលដៅទេសចរណ៍ថ្មីនៅទីតាំងផ្សេងទៀតក៏គ្រោងនឹងបង្កើត ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យបាន៧លាននាក់នៅឆ្នាំ២០៣៥។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះ ឱ្យដឹងថា ផែនការមេអភិវឌ្ឍន៍ទេសចរណ៍អាចនឹងបង្កើតគោលដៅទេសចរណ៍ថ្មីចំនួន ៤ ធំៗបន្ថែមទៀតនៅក្នុងខេត្តសៀមរាបលើគោលដៅទេសចរណ៍ ២ ដែលមានស្រាប់ក្នុងនោះរួមមានតំបន់បឹងទន្លេសាប តំបន់ភ្នំគូលែន តំបន់បន្ទាយស្រី និងទីក្រុងសៀមរាបថ្មី ដើម្បីទាក់ទាញទេសចរអន្តរជាតិមកកាន់ខេត្តសៀមរាប-អង្គរឱ្យបានប្រមាណ ៧ លាននាក់ នៅឆ្នាំ២០៣៥ ។
លោក ថោង ខុន បន្តថា ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ត្រូវបានដាក់ឆ្លងគណៈកម្មការជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍ហើយ ក្នុងនោះក្រសួងទេសចរណ៍ក៏កំពុងរៀបចំកែសម្រួលឱ្យវាខ្លីជាងមុន ដើម្បីដក់ឆ្លងរាជរដ្ឋាភិបាល ពិនិត្យនិង អនុមត្តិ នៅពេលខាងមុខ។
លោកបន្ថែមថា “ចំពោះការបង្កើតទីក្រុងសៀមរាបថ្មីនេះ គឺក្នុងគោលបំណងដើម្បីទ្រទ្រង់ដល់ទីក្រុងសៀមរាបបច្ចុប្បន្ន ដែលមិនអាចសាងសង់សំណង់ទំនើបខ្ពស់ៗ ឬសំណង់ដែលប៉ះពាល់ដល់សម្បត្តិបេតិកភណ្ឌវប្បធម៌”។
លោកបន្តថា ម្យ៉ាងវិញទៀត រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញចក្ខុវិស័យទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនខេត្តសៀមរាបឱ្យបាន ៧ លាននាក់ នៅឆ្នាំ២០៣៥ ដោយនឹងបង្កើការងារផ្ទាល់ប្រមាណ ៩០ ម៉ឺននាក់ រួមជាមួយការទទួលបានប្រាក់ចំណូលប្រមាណ ៥ ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នានោះ។ ដើម្បីសម្រេចចក្ខុវិស័យនេះ ទីក្រុងសៀមរាបបច្ចុប្បន្នមិនអាចទ្រទ្រង់បានគ្រប់គ្រាន់ឡើយ គឺចាំបាច់ត្រូវបង្កើតឱ្យមានទីក្រុងថ្មីមួយទៀត។
លោក ថោង ខុនបញ្ជាក់ទៀតថា ទីក្រុងថ្មីនេះត្រូវតែរៀបចំឱ្យក្លាយជាទីក្រុងវៃឆ្លាត (Smart City) ប៉ុន្តែប្លង់គោលទីក្រុងទាំងមូលអាចនឹងត្រូវសិក្សារចនាឡើងតាមទម្រង់បុរាណខ្មែរ។ ចំពោះទីតាំងទីក្រុងសៀមរាបថ្មីនេះ ត្រូវបានលោករដ្ឋមន្ត្រីបង្ហើបឱ្យដឹងថា គឺត្រូវស្ថិតនៅក្រៅពីតំបន់ការពាររបស់អាជ្ញាធរជាតិអប្សារា៕