ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យតូចៗនឹងប្រឈមបញ្ហាខ្លាំង ខណៈក្រុមហ៊ុនធំៗកាន់តែពង្រីកសក្ដានុពលលើទីផ្សារនៅឆ្នាំ២០២១

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ នៅឆ្នាំ២០២១ខាងមុខនេះ ខណៈដែលបណ្តាអ្នកជំនាញបានបង្ហាញពីភាពជឿជាក់ថា វិស័យអចលនទ្រព្យនឹងវិលត្រឡប់ទៅរកស្ថានភាពល្អប្រសើរឡើងវិញនោះ បញ្ហា និងភាពប្រឈមមួយចំនួននឹងកើតមានចំពោះបណ្តាក្រុមហ៊ុនភ្នាក់ងារនៅកម្ពុជា ដែលតម្រូវឱ្យមានការត្រៀមខ្លួបជាមុនដើម្បីគេចចេញពីបញ្ហា។

លោក ខាត់ សុវណ្ណ នាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CamTop Property Group បានមានប្រសាសន៍ថា អត្រាភាគរយច្រើននៅឆ្នាំ២០២១ សេដ្ឋកិច្ចសាកលអាចនឹងចាប់ផ្តើមល្អជាបណ្តើរៗឡើងវិញ ហើយវិស័យអចលនទ្រព្យនៅកម្ពុជាក៏នឹងវិលត្រឡប់ទៅរកភាពល្អប្រសើរឡើងវិញផងដែរ ហើយក្នុងនោះក៏នឹងមានកំណើនក្រុមហ៊ុនថ្មីៗបន្ថែមទៀតចូលមកក្នុងទីផ្សាររួម ដែលវាអាចជាបញ្ហាប្រឈមជាមួយនឹងក្រុមហ៊ុនភ្នាក់ងារមួយចំនួន។

លោក ខាត់ សុវណ្ណ បានមានប្រសាសន៍បញ្ជាក់ថា “ជាធម្មតានៅពេលដែលវិស័យណាមួយរីកចម្រើន វានឹងជម្រុញឱ្យមានការប្រកួតប្រជែងគ្នាជាមិនខាន។ ដោយឡែកសម្រាប់ទីផ្សារអចលនទ្រព្យនៅកម្ពុជានៅក្នុងឆ្នាំ២០២១ខាងមុខខ្ញុំជឿថា ក៏នឹងមានវត្តមានក្រុមហ៊ុនថ្មីៗចូលមកបន្ថែមទៀតជាមិនខាន ដែលក្នុងនោះមានទាំងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនអន្តរជាតិផងដែរ”។

លោកបន្តថា “នៅពេលមានក្រុមហ៊ុនកាន់តែច្រើនវាបង្ហាញពីភាពរីកចម្រើន និងល្អប្រសើររបស់វិស័យអចលនទ្រព្យ ប៉ុន្តែដែលជាបញ្ហាប្រឈមគឺក្រុមហ៊ុនភ្នាក់ងារតូចៗក្នុងស្រុកមួយចំនួន ដែលតម្រូវឱ្យមានការប្រកួតប្រជែងជាមួយបណ្តាក្រុមហ៊ុនភ្នាក់ងារជំនាញធំៗ ជាពិសេសក្រុមហ៊ុនដែលចូលមកពីក្រៅប្រទេសដែលពួកគេមានជំនាញច្បាស់ និងចំណេះដឹងទូលំទូលាយពាក់ព័ន្ធទៅនឹងវិស័យមួយនេះ។ ដូច្នេះ អ្វីដែលក្រុមហ៊ុនភ្នាក់ងារតូចៗគួរធ្វើនោះគឺការពង្រឹកសមត្ថភាព គុណភាព និងចំណេះដឹងបន្ថែមឱ្យបានច្បាស់លាស់ ជាពិសេសត្រូវបង្កើតក្រុមសហការងារឱ្យបានរឹងមាំ គ្រប់ជ្រុងជ្រោយ និងភាពស្មោះត្រង់ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ ដែលអាចទទួលបានទំនុកពីអតិថិជន”។

លោក ខាត់ សុវណ្ណ បានបញ្ជាក់ផងដែរថា អ្វីដែលមិនអាចខ្វះបានសម្រាប់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ គឺការរៀបចំជាយុទ្ធសាស្ត្ររបស់ក្រុមការងារ ក៏ដូចជាក្រុមហ៊ុន ដើម្បីអាចធ្វើការប្រកួតប្រជែងជាមួយក្រុមហ៊ុនដទៃទៀតដែលស្ថិតនៅក្នុងវិស័យរួមគ្នា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here