ប្រែក្លាយ​ពី​បឹង​និង​វាល​រហោ​ដ្ឋា​ន បច្ចុប្បន្ន​តំបន់​ព្រៃ​ស​ទាក់ទាញ​គម្រោង​វិនិយោគ​លើវិស័យ​លំនៅឋាន​យ៉ាងច្រើន

0

ដោយ​វុត្ថា

ភ្នំពេញៈ តំបន់​ព្រៃ “ស” បាន​នឹង​កំពុង​ទាក់ទាញ គម្រោង​វិនិយោគ​លើ​វិស័យ​លំនៅឋាន ជាច្រើន​ប្រភេទ រាប់​ចាប់​គិតពី​ចំណុច​ផ្លូវបំបែក​ស្ដុ​ប​ចំការ​ដូង ឆ្ពោះទៅកាន់​វត្ត​ព្រៃ​ស​មិនតិចជាង១០គម្រោង​នោះទេ និង​បានប្រែក្លាយ​មកជា​តំបន់​នេះ ឱ្យមាន​ប្រជាប្រិយភាព និង​មាន​សក្ដានុពល​ខ្ពស់។

សហ​ស្ថាបនិក​ក្រុមហ៊ុន​អភិវឌ្ឍន៍ គម្រោង​លំនៅដ្ឋាន​បែប​បុរី ហេង ណា លោក សាវុធ ដា​ណា បាន​ប្រប់​គេហទំព័រ Propertyarea.asia ឱ្យដឹង​កាលពីពេល​ថ្មី​នេះ​ថា  តំបន់​ព្រៃ​ស​បច្ចុប្បន្ននេះ​មាន​គម្រោង​បុរីធំៗ លំនៅឋាន មិន​ក្រោម១០នោះទេ ដែល​កំពុងតែ​ធ្វើ​សកម្មភាព​អភិវឌ្ឍន៍​យ៉ា​មមាញឹក និង​មាន​គម្រោងផ្សេងៗជាច្រើន​ទៀត។

លោក​បន្តថា “តំបន់​នេះ​មានការ​ប្រែប្រួល មកជា​តំបន់​មានការ​អភិវឌ្ឍន៍​បណ្តុំ​លំ នៅ​ឋាន​ក្នុង​រយៈពេល​ដ៏​ខ្លី​នេះ ក៏​ព្រោះ​តែមាន​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ជាច្រើន របស់​រដ្ឋាភិបាល បានបញ្ចប់​ការសាងសង់​ជា​ស្ថាពរ ដូចជា​ផ្លូវថ្នល់​តូចធំ​ក្នុង​តំបន់ ការតភ្ជាប់​បណ្តាញ​អគ្គិសនី បណ្តាញ​ទឹកស្អាត ដែល​អនុវត្ត​ទៅតាម​ផែនការមេ​របស់​រដ្ឋបាល​ក្រុង” ។

លោក​បន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែល​កាន់តែ​ធ្វើឱ្យ​តំបន់​ព្រៃ “ស”កាន់​តែមាន​សក្ដានុពល និង​ប្រជាប្រិយភាព​ក្នុងការ​វិនិយោគ​រួមមាន ដូចជា មហាវិថី​សម្ដេច​តេ​ជោ៦០ម៉ែត្រ មហាវិថី៥០ម៉ែត្រ ផ្លូវ៣០ម៉ែត្រ រួម​ជាមួយនឹង​គម្រោង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី២ ខណៈដែល​គម្រោង​នៃ​ការសាងសង់ ព្រលានយន្តហោះ​ភ្នំពេញ-អន្តរជាតិ​ថ្មី ត្រូវបាន​ប្រកាសឡើង​ផងដែរ។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Century21 Fortuna Investment លោក វ៉ា វិ​រៈ បាន​មាន​ទទួលស្គាល់​នូវ​ភាព​រីកចម្រើន និង​សន្ទុះ​នៃ​ការអភិវឌ្ឍ​គម្រោង​លំនៅដ្ឋាន​ជាច្រើន​នៅ​តំបន់​ខាងលើនេះ ដោយ​លាក​បាន​អះអាងថា រាល់​គម្រោង​អភិវឌ្ឍន៍​នានា​សុទ្ធតែ​ត្រូវបាន​សិក្សា​ពី​គម្រោង និង​ផែនការ​របស់​រដ្ឋាភិបាល ជាពិសេស​នៅពេល​ដែលមាន​លំហូរ​ប្រជាជន​ចូលទៅ​រស់នៅ​កាន់តែច្រើន។

លោក​បន្តថា “វត្តមាន​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍ ដែល​ចូលទៅ​កាន់​តំបន់​ខាងលើនេះ​នៅ​មិនទាន់​គ្រប់គ្រាន់​នោះ​តែ ដែល​នឹងមាន​គម្រោងថ្មីៗចូល​បន្ថែមទៀត នៅពេល​ខាងមុខនេះ ដោយសារតែ​ទីតាំង​តំបន់​មាន​ភាពល្អប្រសើរ ងាយស្រួល​ក្នុងការ​រស់នៅ និង​ប្រកប​អាជីវកម្ម” ។

បច្ចុប្បន្ននេះ ចំពោះ​តម្លៃ​ដីធ្លី​នៅក្នុង​សង្កាត់​ព្រៃ​ស មានការ​ហក់​ឡើង​ខ្ពស់ ពោលគឺ​កាលបី​ប្រមាណ២ឆ្នាំមុន ដី​ដែល​ស្ថិត​នៅជាប់​ផ្លូវ៣០ម៉ែត្រ មានតម្លៃ​ក្នុង​ចន្លោះ​ចាប់ពី ៣៥០-៥០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ឬ​លើសពីនេះ​អាស្រ័យ​ទៅតាម​សណ្ឋាន​ដី ដោយឡែក​នៅពេល​បច្ចុប្បន្ន​នេះ ដី​នៅ​ទីតាំង​ដដែល​នេះ​ឡើង ដល់​ប្រមាណ១០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ។

សម្រាប់​គម្រោង​លំនៅដ្ឋាន​នៅពេល​បច្ចុប្បន្ននេះ ភាគច្រើន​ត្រូវបាន​ក្រុមហ៊ុន​អភិ   វឌ្ឍន៍​សាងសង់ ជា​ប្រភេទ​លំនៅដ្ឋាន​កម្រិត​មធ្យម ដែល​ដាក់លក់​ចាប់ពី​តម្លៃ៧ម៉ឺន​រហូតដល់១៥ម៉ឺន​ដុល្លារ​ក្នុង​មួយ​ល្វែង។ ក្រៅពីនេះ ក៏មាន​គម្រោង​បុរី​ខ្លះ​ធ្វើការ​សាងសង់​លំនៅដ្ឋាន​បែប​ទំនើប និង​ប្រណីត ដាក់លក់​នៅក្នុង​តម្លៃ​ចន្លោះ​ពី២៥ – ៣០ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខ្នង​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here