ដោយគង់ សូរិយា
កែបៈ អភិបាលខេត្តកែប លោកសោម ពិសិដ្ឋ អភិបាលខេត្តកែប បានសម្រេចជ្រើសរើសភូមិចំនួន១ភូមិ គឺភូមិចំការបី និងត្រៀមភូមិចំនួន០៣ទៀត ដើម្បីដាក់អោយអនុវត្តគម្រោងតេជោភូមិ១០០ នៅខេត្តកែប។
លោកអភិបាលនៃគណអភិបាលខេត្តកែប បានមានប្រសាសន៍ក្នុងពិធីទទួលជួបស្វាគមន៍គណប្រតិភូវេទិការសម្ពន្ធសង្គមស៊ីវិល (វសស) នៃទីស្តីការគណរដ្ឋមន្ត្រីដែលដឹកនាំដោយលោកដួង វីរ័ត្ន នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅសាលាខេត្តកែប។
លោក ដួង វីរ័ត្ន បានលើកឡើងថា ទីតាំងដែលមានសក្តានុពល សម្រាប់អនុវត្តគម្រោងតេជោភូមិ១០០នេះ ត្រូវមានលក្ខណៈ ជាកេរ្តិ៍តំណែលប្រវត្តិសាស្ត្រ និងវប្បធម៌ ទាក់ទាញភ្ញៀវទេសចរណ៍ អាចទាក់ទាញអ្នកវិនិយោគ មានហេដ្ឋារចនាសម្ពន្ធគ្រប់គ្រាន់ ផ្លូវ សាលារៀន មណ្ឌលសុខភាព និងជាទីតាំងដែកមានទីប្រជុំជន។
គម្រោងអភិវឌ្ឍន៍តេជោភូមិ១០០ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឯកភាពយល់ព្រមកាលពីដើមឆ្នាំ២០១៩ ក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីដែលមានសមាជិក៥២ប្រទេស។ គម្រោងនេះ គឺជាការពង្រឹងការអភិវឌ្ឍ ក្រែប្រែ កែសម្រួល ពង្រីកសក្តានុពលក្នុងមូលដ្ឋាន ដែលយកវប្បធម៌ជាស្នូលក្នុងទិសដៅពង្រីកចំណូលឱ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
លោកបានបញ្ជាក់ថា “គម្រោងនេះ គឺជាពង្រឹងនូវសមត្ថភាព និងប្រើប្រាស់សក្តានុពលមូលដ្ឋានឱ្យអស់លទ្ធភាព ហើយក៏ជាខឿនដ៏រ៉ឹងមាំ សម្រាប់ការគាំទ្រចក្ខុវិស័យរបស់រដ្ឋាភិបាល ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសអ្នកមាននៅឆ្នាំ២០៣០ និងឆ្នាំ២០៥០” ។
ជាមួយគ្នានេះ លោកសោម ពិសិដ្ឋ អភិបាលខេត្តបានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា ទីតាំងភូមិចំការបី(តំបន់ភ្នំវល្លិ៍) ជាតំបន់ប្រវត្តិសាស្ត្រ កំពុងប្រែក្លាយជាតំបន់កសិ-ឧស្សាហ៍កម្ម ជាអតីតតំបន់សង្គ្រាម ប៉ុន្តែបច្ចប្បន្ននេះ បានប្រែក្លាយជាតំបន់អភិវឌ្ឍន៍ មានផ្លូវគមនាគមន៍គ្រប់គ្រាន់។
លោកបន្តថា “គម្រោងនេះនឹងបង្កើនចំណូលប្រជាជន និងជាគ្រឹះគាំទ្រចក្ខុវិស័យឆ្នាំ២០៣០ ដោយយកវប្បធម៌ជាស្នូលនៅមូលដ្ឋាន” ៕