អ្នកជំនាញ៖ តម្រូវការ​ទីផ្សារ​ខុន​ដូ​នៅ​ចុងឆ្នាំ២០២០ចាប់ផ្តើម​មានការ​កើនឡើង​ខ្ពស់

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ នៅត្រឹម​រយៈពេល៣ខែ​ចុង​ក្រោយនេះ តម្រូវការ​ទីផ្សារ​ខុន​ដូ ឬ​លំនៅឋាន​សហកម្មសិទ្ធិ​នៅក្នុង​រាជធានី​ភ្នំពេញ ចាប់ផ្តើម​កើនឡើង​គួរឱ្យកត់សម្គាល់ ខណៈដែល​គម្រោង​ខុន​ដូ​ចំនួន៤ថ្មី​បន្ថែមទៀត នឹងត្រូវ​បញ្ចប់​នៅត្រឹម​ចុងឆ្នាំ២០២០ ។

ប្រតិបត្តិ​ករ​ដែល​កំពុងមាន​ភាព​មមាញឹក នៅក្នុង​ទីផ្សារ​ខុន​ដូ លោក ខន គង្គា អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ ERA Cambodia បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ​ថា គិត​ត្រឹម​រយៈ៣ខែ​ចុង​ក្រោយនេះ ទីផ្សារ​ខុន​ដូ​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ ជាពិសេស​នៅក្នុង​អំឡុង​ខែកញ្ញា និង​តុលា​ចុងឆ្នាំ​នេះ។

លោក ខន គង្គា ដែល​ទទួលបាន​សិទ្ធិ​លក់​អគារ​ខុន​ដូ ជាច្រើន​គម្រោង​នៅក្នុង​រាជធានី​ភ្នំពេញ​បាន​អះអាងថា “ខុន​ដូ​ដែលមាន​តម្រូវការ​ខ្ពស់​ពេលនេះ ជា​ប្រភេទ​ខុន​ដូ​កម្រិត​មធ្យម ដែលមាន​តម្លៃ​ចាប់ពី​ជាង៧ម៉ឺន​ដុល្លារ​ឡើងទៅ ក្នុង​ទំហំ​ចាប់ពី ២៨ -៣២ ម៉ែត្រការ៉េ ក្នុង​មួយ​យូ​នី​ត ដែល​អតិថិជន​ដែលជា​អ្នកទិញ​ភាគច្រើន​គឺជា​ជនជាតិខ្មែរ” ។

លោក​បាន​បញ្ជាក់ទៀតថា “ពេលនេះ​ខុស​កាលពី​ប៉ុន្មាន​ឆ្នាំមុន ដែល​ប្រជាជន​កម្ពុជា​ភាគច្រើន​ចាប់អារម្មណ៍ តែ​ទៅលើ​លំនៅឋាន​ដាច់ដោយឡែក និង​ស្ថិត​នៅជាប់​ដី ប៉ុន្តែ​ពេលនេះ ពួកគាត់​បាន​ងាក​មក​ចាប់អារម្មណ៍ ជាមួយ​លំនៅឋាន​សហកម្មសិទ្ធិ ហើយ​អ្វីដែល​សំខាន់ និង​ជាការ​គួរឱ្យកត់សម្គាល់​នោះ គឺ​អតិថិជន​ដែលជា​ជនជាតិខ្មែរ​នោះ មិន​ត្រឹមតែ​ចាប់ផ្តើម​មាន​ទំនោរ​មកលើ​ទីផ្សារ​ខុន​ដូ​នេះ​នោះទេ ប៉ុន្តែ​ថែមទាំង​ប្ដូរ​ឥរិយាបថ​ពី​ការទិញ​ខុន​ដូ​កម្រិត​មធ្យម ទៅ​កម្រិត​លើ​មធ្យម​ដែលមាន​តម្លៃ​ថ្លៃ” ។

យោងតាម​របាយការណ៍​សិក្សា​ដោយ​ក្រុមហ៊ុន CBRE Cambodia បាន​បង្ហាញថា​សម្រាប់​ត្រីមាស​ទី៤ អាច​នឹងមាន​គម្រោង​ចំនួន៤បន្ថែមទៀត ដែល​នឹងត្រូវ​បញ្ចប់​ការសាងសង់ ដោយមាន​ចំនួន​សរុប២៦០០យូ​នី​ត។

នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន CBRE Cambodia លោកស្រី អាន សុធី​តា បាន​មានប្រសាសន៍ថា ចាប់តាំងពី​ត្រីមាស​ទី៣ ទីផ្សារ​ខុន​ដូ បានចាប់ផ្តើម​មាន​កំណើន​ឡើងវិញ​គួរឱ្យកត់សម្គាល់ ដោយ​ក្នុងនោះ​មាន​គម្រោង​ជាច្រើន បានបង្ហាញ​ពី​លទ្ធផល​ល្អ​ក្នុង​ការលក់​ដូចគ្នា។

លោកស្រី​បន្តថា “គម្រោង​ខុន​ដូ ដែលមាន​តម្រូវការ​ទីផ្សារ​នៅពេលនេះ ជា​ប្រភេទ​ខុន​ដូ​កម្រិត​មធ្យម ដែលមាន​តម្លៃនៅលើទីផ្សា​រ​ចាប់ពី​ជាង ៧ម៉ឺន​ដុល្លារ ឬ​មានតម្លៃ​ក្រោម២០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​តែប៉ុណ្ណោះ” ។ លោកស្រី​បន្ថែមថា “នាពេល​បន្តិចទៀត នៅពេលដែល​សេដ្ឋកិច្ច​កាន់តែ​រឹងមាំ និង​រីកចម្រើន ការអភិវឌ្ឍ​កាន់តែ​ធំ​ជាង​មុន កំណើនប្រជាជន​ក្នុង​ក្រុង​កាន់តែ​កើនឡើង​ច្រើន នោះ​តម្រូវការ​នៃ​ការ​ទីផ្សារ​ខុន​ដូ​នឹង​កើនឡើង​បន្ថែមទៀត​ដោយ​ស្វ័យប្រវត្តិ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here