ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ខុសប្លែកពីការព្យាករណ៍ទុកកាលពីអំឡុងត្រីមាសទី៣ ដែលរំពឹងទុកថា ទីផ្សារអចលនទ្រព្យកម្ពុជានៅចុងឆ្នាំ២០២០នេះ នឹងមានភាពល្អប្រសើរឡើងវិញបន្តិចនោះ ដោយឡែកពេលនេះប្រធានសមាគមអចលនទ្រព្យសកល GRA បែរជាអះអាងថានឹងមានការធ្លាក់ចុះទៅវិញ ក្រោមហេតុផលទទួលរងនូវភាពអវិជ្ជមានពីព្រឹត្តិការណ៍ ៣វិច្ឆិកា ដែលទើបតែកើតមាននៅពេលនេះ។
ប្រធានសមាគមអចលនទ្រព្យសកល លោក សំ សុខនឿន បានមានប្រសាសន៍តាមទូរស័ព្ទនៅល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ថា ស្ថានការណ៍នៃទីផ្សារអចលនទ្រព្យនៅចុងឆ្នាំ២០២០នេះនឹងមានភាពប្រែប្រួលបន្តិចវិញ និងខុសពីការរំពឹងទុកកាលពីអំឡុងត្រីមាសទី៣ ពោលគឺអាចនឹងមិនមានកំណើននោះទេ។
លោក សំ សុខនឿន បានមានប្រសាសន៍ថា “ដោយសារការទប់ស្កាត់នូវការរាលដាល់ជំងឺ Covid-19 ក្រោមការគ្រប់គ្រងដោយរដ្ឋាភិបាលមានភាពល្អប្រសើរ បានជំរុញឱ្យស្ថានភាពទូទៅនៅទូទាំងប្រទេសកម្ពុជាមានភាពធូស្រាលជាងបណ្តាប្រទេសនានានៅក្នុងតំបន់ ជាពិសេសជំរុញ និងលើកទឹកចិត្តឱ្យអ្នកវិនិយោគក្នុងស្រុកចាប់ផ្តើមមានសកម្មភាពឡើងវិញ ជាពិសេសនៅក្នុងវិស័យអចលនទ្រព្យចាប់ផ្តើមមានសន្ទុះឡើងវិញបន្ទាប់ពីបានស្ងប់ស្ងាត់មួយរយៈពេលខ្លី” ។
លោកបានបន្តថា “ដោយសារតែមើលឃើញពីស្ថានការណ៍មានភាពធូរស្រាល និងមានការវិវឌ្ឍទៅរកភាពល្អប្រសើរជាបន្តបន្ទាប់បានធ្វើឱ្យអ្នកដែលស្ថិតនៅក្នុងទីផ្សារអចលនទ្រព្យធ្វើការរំពឹងថា នៅត្រឹមចុងឆ្នាំ២០២០ ឬដើមឆ្នាំ២០២១ សកម្មភាពនៃការសាងសង់ ក៏ដូចជាការទិញ-លក់នឹងមានភាពកាន់តែប្រសើរ។ ប៉ុន្តែពេលនេះ ក្រោយកើតមានព្រឹត្តិការណ៍ ៣វិច្ឆិកា ស្ថានការណ៍ទូទៅនៃវិស័យមួយនេះអាចនឹងមានការប្រែប្រួលយ៉ាងខ្លាំង ជាពិសេសការទិញ-លក់ អាចនឹងមានឱនភាពខ្លាំងរហូតដល់ប្រមាណ៧០ភាគរយ បើប្រៀបធៀបទៅនឹងចុងឆ្នាំ២០១៩កន្លងទៅ” ។
ជាមួយនឹងស្ថានភាពទីផ្សារអចលនទ្រព្យអាចនឹងមានភាពប្រែប្រួលនេះ អ្វីដែលអាចជួយធ្វើឱ្យស្ថានការណ៍ទីផ្សារអចលនទ្រព្យមានភាពធូស្រាលនោះ គឺការចូលរួមអនុវត្តទៅតាមវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល ដែលទទូចឱ្យបងប្អូនប្រជាជនទូទាំងប្រទេសប្រកាន់ខ្ជាប់នូវការរក្សាខ្លួនឱ្យឆ្ងាយពីជំងឺឆ្លង ដោយការប្រកាន់ខ្ជាប់នូវអនាម័យ តាមការណែនាំរបស់ក្រសួង ដើម្បីធ្វើយ៉ាងណាអាចទប់ស្កាត់ និងឈានទៅរកការលុបបំបាត់ការរាតត្បាតនៃជំងឺឆ្លងនៅក្នុងប្រទេសបានក្នុងកម្រិតខ្ពស់” ។
លោក សំ សុខនឿន បានបញ្ជាក់ថា “ប្រសិនបើបញ្ហាដែលកំពុងប្រឈម និងកើតមាននៅពេលនេះត្រូវបានទប់ស្កាត់ និងលុបបំបានដោយជោគជ័យក្នុងពេលដ៏ខ្លីឆាប់ៗខាងមុខនេះ នោះចរន្តទីផ្សារក្នុងវិស័យមួយនេះក៏អាចនឹងប្រែប្រួលសាជាថ្មីម្ដងទៀត ដែលផ្តើមចេញពីចលនាអ្នកវិនិយោគ និងអភិវឌ្ឍន៍ ក៏ដូចជាតម្រូវការទីផ្សារក្នុងដូចគ្នាកាលពីពេលកន្លងទៅជាក់ជាមិនខាន” ៕