ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ស្ថិតនៅក្នុងស្ថានការដែលកំពុងមានភាពប្រឈមនឹងការគំរាមកំហែងពីការរាតត្បាតនៃជំងឺ Covid-19 ដែលរាជរដ្ឋាភិបាលកំពុងព្យាយាមធ្វើការទប់ស្កាត់យ៉ាងយកចិត្តដាក់នៅពេលនេះ បានធ្វើចរន្តនៃការទិញ-លក់ក្នុងវិស័យអចលនទ្រព្យស្ថិតនៅក្នុងសភាពទ្រឹង ខណៈដែលអ្នកជំនួញ ក៏ដូចជាអ្នកជំនាញនៅក្នុងវិស័យនេះជឿជាក់ថា វានឹងវិលត្រឡប់មករកសភាពល្អវិញក្នុងពេលដ៏ខ្លីបន្ទាប់ពី ការទប់ស្កាត់ព្រឹត្តិការ៣វិច្ឆិកា ទទួលបានលទ្ធផលល្អ។
អគ្គនាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ AMATAK Property Service ដែលជាអ្នកជំនួញ និងជាភ្នាក់ងារអាជីពយ៉ាងសកម្មនៅក្នុងវិស័យអចលនទ្រព្យបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា មិនថាតែចំពោះទីផ្សារអចលនទ្រព្យទ្រព្យនោះទេដែលស្ងប់ស្ងាត់ ពោលគឺស្ទែរគ្រប់វិស័យ ព្រោះនៅក្នុងតំណាក់កាលនេះអ្វីដែលត្រូវធ្វើជាចាំបាច់ជាងការស្វែងរកទីផ្សារទិញ និងលក់ គឺការបង្ការខ្លួននៅឱ្យឆ្ងាយពីបញ្ហាជំងឺ។
លោកស្រីបានមានប្រសាសន៍ថា “ចាប់តាំងពីដើមខែដែលកើតមានភាពប្រឈមនៃជំងឺ រាល់ការជួបជុំ និងសកម្មភាពចុះនៅតាមតំបន់គោលដៅវិនិយោគនានាត្រូវបានផ្អាក ដូច្នេះភាពស្ងប់ស្ងាត់នៃការទិញ-លក់ វាជារឿងធម្មតាទេ ប៉ុន្តែខ្ញុំជឿជាក់ថា ក្រោយពីបញ្ហាត្រូវបានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពខ្ពស់ នោះសកម្មភាពទីផ្សារគ្រប់ប្រភេទនឹងចាប់ផ្តើមដំណើរការឡើងវិញ ដោយឡែកសម្រាប់ពេលនេះយើងមិនអាចធ្វើអ្វីឱ្យខុសពីការណែនាំ និងវិធានការរបស់ក្រសួងសុខាភិបាលនោះទេ គឺមានតែព្យាយាមចូលរួមអនុវត្តជាមួយរាជរដ្ឋាភិបាល គឺជារឿងចាំបាច់បំផុត”។
លោក ខន គង្គា អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ ERA Cambodia បានមានប្រសាសន៍ថា សម្រាប់ការទិញលក់នៅក្នុងស្ថានភាពទូទៅយើងថា ហាក់មានភាពស្ងប់ស្ងាត់ ប៉ុន្តែសម្រាប់អ្នកដែលទិញជាបុគ្គលដែលទំនាក់ទំនងផ្ទាល់គឺនៅតែមាន។
ជាមួយនឹងការចូលរួមអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា លោក ខន គង្គា បានមានប្រសាសន៍ថា “កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ម្សិលមិញនេះ កម្មវិធីជួបជុំទ្រទ្រាយធំដែលមានមនុស្សចូលរួមជិត៦០០នាក់ ត្រូវបានខ្ញុំប្រកាសលុបចោល ទាំងដែលការចំណាយទៅលើការជួលទីតាំង និងម្ហូបអាហារត្រូវបានចំណាយ។ ខ្ញុំស៊ូខាតបង់នៅក្នុងរយៈពេលខ្លីនៃការអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល ប៉ុន្តែខ្ញុំអាចនឹងចំណេញច្រើនវិញនៅក្នុងវេលាដ៏វែងនៅថ្ងៃខាងមុខនេះ អ្វីដែលសំខាន់គឺធ្វើយ៉ាងណាជួយទប់ស្កាត់នូវបញ្ហាដែលកំពុងប្រឈមនៅចំពោះមុខ”។
ជាមួយគ្នានេះផងដែរ លោកក៏បានបញ្ជាក់ផងដែរថា ស្ថិតនៅក្នុងអំឡុងពេលកំពុងប្រឈម ឬមានវិបត្តិណាមួយកើតឡើង វាក៏ជាឱកាសសម្រាប់អ្នកវិនិយោគដែលមានចរន្តសាច់ប្រាក់គ្រប់គ្រាន់ក្នុងការទិញអចលនវត្ថុដែលមានតម្លៃទាបជាងទីផ្សារ និងទុកលក់បន្តយកចំណេញច្រើននៅពេលដែលស្ថានការណ៍នៃវិបត្តិត្រូវបានបញ្ចប់ទៅវិញ៕