អភិបាលស្រុកបន្ទាយស្រី បញ្ជាក់ពីគម្រោងដីអភិវឌ្ឍន៍មានច្បាប់ និងគ្មានច្បាប់ដែលកំពុងកើតមាន

0

ដោយ ៖ រ៉ាណេត
សៀមរាប ៖ ស្របទៅនឹងផែនការនៃការអភិវឌ្ឍន៍ប្រែក្លាយស្រុកបន្ទាយស្រីពីតំបន់ដាច់ស្រយ៉ាលទៅជាក្រុងថ្មីនៃខេត្តសៀមរាប សម្រាប់តែនៅក្នុងស្រុកបន្ទាយស្រីបានកើតមានគម្រោងអភិវឌ្ឍន៍ប្រែក្លាយដីកសិកម្មទៅជាដីលំនៅដ្ឋានជាច្រើនគម្រោង ដែលក្នុងនោះមានគម្រោងខ្លះស្របច្បាប់ត្រឹមត្រូវ ហើយគម្រោងខ្លះទៀតមិនទាន់មានច្បាប់អនុញ្ញាតនោះឡើយ។

អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ តាមរយៈបណ្តាញទំនាក់ទំនងនាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០បានលើកឡើងថា កន្លងមករដ្ឋបាលស្រុកបន្ទាយស្រីបានផ្អាករាល់គម្រោងអភិវឌ្ឍដីទាំងអស់នៅក្នុងស្រុកជាបណ្តោះអាសន្នសិន ដោយសារតែបានរកឃើញថាសុទ្ធតែមិនទាន់មានច្បាប់អនុញ្ញាតត្រឹមត្រូវ។

លោកបន្តថា ការហាមឃាត់នេះ គឺដើម្បីធានា និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ ជៀសវាងទទួលរងផលប៉ះពាល់ ខាតបង់ទ្រព្យសម្បត្តិ ពីការទិញ ឬវិនិយោគទៅលើគម្រោងដែលមិនមានបទដ្ឋានត្រឹមត្រូវ ឬជាគម្រោងដែលជាប់គាំងមិនដំណើរការ។

លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា “ជំហរតឹងរុឹងរបស់រដ្ឋបាលស្រុក គ្រាន់តែដើម្បីធានាភាពគ្រប់ជ្រុងជ្រោយនៃគោលការណ៍បច្ចេកទេស និងលក្ខខណ្ឌតម្រូវនៃច្បាប់តែប៉ុណ្ណោះ មិនមែនមានន័យថាស្រុកបន្ទាយស្រីមិនស្វាគមន៍អ្នកវិនិយោគនោះទេ ហើយក៏មិនមានន័យថា គ្រប់គម្រោងអភិវឌ្ឍន៍ដីទាំងអស់សុទ្ធតែជាគម្រោងដែលមានបញ្ហានោះដែរ។ តួយ៉ាង ដូចជាគម្រោងរបស់ក្រុមហ៊ុន អង្គរលែនម៉ាក ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ក្រុមហ៊ុនក្រវ៉ាន់សៀមរាបរេសុីដិន និងក្រុមហ៊ុនមួយចំនួនទៀត ដែលសុទ្ធសឹងតែជាគម្រោងខ្នាតធំ មានភាពច្បាស់លាស់ត្រឹមត្រូវ និងបានផ្តល់ការសហការយោគយល់តាមសំណូមពររបស់រដ្ឋបាលស្រុក និងយល់ព្រមរង់ចាំបំពេញនីតិវិធីខាងផ្លូវច្បាប់រួចជាមុនសិន មុននឹងប្រកាសលក់ជាផ្លូវការ”។

រដ្ឋបាលស្រុកតែងព្យាយាមលើកទឹកចិត្តដល់រាល់ការវិនិយោគមកក្នុងបន្ទាយស្រី និងផ្តល់កិច្ចសហប្រតិបត្តិការជាដៃគូយ៉ាងជិតស្និទ្ធ ព្រោះគោលដៅចុងក្រោយនៃការអភិវឌ្ឍ គឺគ្មានអ្វីក្រៅពីការទាក់ទាញអ្នកវិនិយោគមកក្នុងស្រុក ដើម្បីផ្លាស់ប្តូរជីវភាពរបស់ប្រជាពលរដ្ឋតាមរយៈការបង្កើតការងារ និងមុខរបរនោះឡើយ។ ហេតុដូច្នេះហើយទើបរដ្ឋបាលស្រុកបានសម្រួល និងអនុញ្ញាតឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ដីមួយចំនួនដាក់ពាក្យស្នើសុំសាងសង់សំណង់ក្រោម ៥០០ម៉ែត្រការ៉េ នៅលើដីកម្មសិទ្ធិរបស់ខ្លួន ព្រមទាំងរៀបចំប្រព័ន្ធផ្លូវ-ភ្លើងនៅក្នុងបរិវេណដីគម្រោងរបស់ខ្លួនជាបណ្តើរៗ ដើម្បីចំណេញពេលវេលាក្នុងអំឡុងពេលដែលត្រូវរង់ចាំលិខិតអនុញ្ញាតជាផ្លូវការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here