តើ​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ខណ្ឌទួលគោក​កំពុងមាន​ស្ថានភាព​បែបណា?

0

ដោយ​វុត្ថា

ភ្នំពេញ៖ វិស័យ​អចលនទ្រព្យ​ជារួម​នៅក្នុង​រាជធានី​ភ្នំពេញ មានការ​រីកចំរើន​យ៉ាង​លឿន នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ប៉ុន្តែ​សម្រាប់​អចលនទ្រព្យ​នៅក្នុង​ខណ្ឌទួលគោក​វិញ ហាក់​មិនទាន់មាន​សន្ទុះ​ខ្លាំងខ្លា និង​មានតម្លៃ​ថ្លៃ​នោះទេ បើ​ធៀប​ទៅនឹង​ខណ្ឌចំការមន និង​ខណ្ឌ​មួយចំនួនទៀត​នោះទេ។

លោក​សោម សម្បត្តិ ប្រធានការិយាល័យ​ដែនដី នគរូបនីយកម្ម សំណង់ និង​សូ​រិ​យោ​ដី​នៃ​ខណ្ឌទួលគោក បាន​ប្រាប់​គេហទំព័រ Propertyarea.asia កាលពីពេលថ្មីៗនេះ​ថា សម្រាប់​ខណ្ឌទួលគោក ហាក់​មាន​សន្ទុះ​នៃ​ការរីកចំរើន​នៅ​ចាញ់ ខណ្ឌចំការមន​ឆ្ងាយ​ណាស់​ទាំង​តម្លៃ​ដីធ្លី និង វិស័យ​សំណង់ រួម​ជាមួយនឹង​ការអភិវឌ្ឍន៍​ផ្សេងទៀត ។

លោក​ថ្លែងថា “អ្នករកស៊ី​ភាគច្រើន គេ​សម្លឹង​មើលទៅ​ខណ្ឌចំការមន​ច្រើនជាង​ព្រោះ​នៅពេលដែល​គេ​ដាក់ទុន​វិនិយោគ​លើ​គម្រោង​អ្វីមួយ គេ​ឆាប់​ទទួលបាន​កម្រៃ​មកវិញ​លឿន” ។ លោក​បន្ថែមថា “ចំណែក​ខណ្ឌ​ទួល​គោល​មិនអាច​ដូច​គេ​បានទេ  ព្រោះ​គម្រោង​ខ្លះ​បានត្រឹមតែ​សាងសង់ ប៉ុន្តែ​លក់​មិនសូវ​ចេញ​ទេ” ។

លោក​បន្ថែមថា លោក​មិន​បានដឹង​ច្បាស់​ពី​តម្លៃ​ដីធ្លី និង​គម្រោង​វិនិយោគ​នៅក្នុង​មូលដ្ឋាន​នេះ​នោះទេ ព្រោះ​តម្លៃ​ភាគច្រើន​មានតម្លៃ​ខុសគ្នា ទៅតាម​ទីតាំង និង​ផ្លូវ​តូច ផ្លូវធំ​ដែល​អគ្គនាយកដ្ឋាន​ពន្ធ​ដារ​ជា​អ្នកកំណត់​ប៉ុណ្ណោះ ប៉ុន្តែ​មួយវិញទៀត វា​អាស្រ័យទៅលើ​ម្ចាស់​ដី បើ​គេ​ចង់​លក់​លឿន គឺ​គេ​លក់​ក្នុង​តម្លៃថោក ហើយ​បើ​គេ​មិន​ចង់​លក់​គឺ​លក់បាន​ថ្លៃ ទីតាំង​នៃ​ដី។

លោកស្រី អាន សុ​ធិ​តា នាយិកា​ក្រុមហ៊ុន​អន្តរជាតិ CBRE Cambodia  បានឱ្យដឹងថា តម្លៃ​ដីធ្លី​នៅតាម​បណ្ដា​ខណ្ឌ​នានា​នៅក្នុង​រាជធានី​ភ្នំពេញ គឺ​នៅ​ថេរ បើទោះបីជា​ចំនួន​ការទិញ​លក់​ក្នុង​ទីផ្សារ​ថមថយ ដោយសារតែ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ក៏ដោយ។

លោកស្រី​ពន្យល់ថា “តម្លៃ​អចលនទ្រព្យ និង​ដីធ្លី​នៅ​កណ្តាល​ក្រុងភ្នំពេញ រហូតមកដល់​ពេលនេះ គឺ​មិនមាន​ការធ្លាក់​ថ្លៃ​នោះទេ ពោលគឺ​តម្លៃ​នៅ​ថេរ​នៅឡើយ ដោយសារ​មិនសូវមាន​ប្រតិបត្តិ​ការទិញ- លក់​ពី​អ្នកវិនិយោគ​ក្រៅ​ស្រុក ខណៈដែល​ល​ទីផ្សារ​អចលនទ្រព្យ​របស់​កម្ពុ​ជា ភាគច្រើន​ពឹងផ្អែក​លើ​វិនិយោគិន​បរទេស” ។

យោងតាម​របាយការណ៍​របាយការណ៍​ក្រុមហ៊ុន CBRE Cambodia ដែលមាន​ការផ្សព្វផ្សាយ​កន្លងមកនេះ​បង្ហាញថា ខណ្ឌដូនពេញ ចំការមន និង​ខ័​ណ្ឌ៧មករា នៅតែ​ជា​ខណ្ឌ​ដែលមាន​តម្លៃ​ដី​ខ្ពស់​ជាងគេ ចន្លោះ​ពី ៥០០០ ដុល្លារ ទៅ ៦០០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។ ចំណែក​ខណ្ឌទួលគោក ឫស្សីកែវ សែន​សុខ និង​ជ្រោយចង្វារ ជា​ខណ្ឌ​ដែលមាន​តម្លៃ​ខ្ពស់​បន្ទាប់ ចាប់ពី១០០០ ដុល្លា រ​ទៅ ៣៥០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ៕

LEAVE A REPLY

Please enter your comment!
Please enter your name here