ដោយវុត្ថា
ភ្នំពេញ៖ វិស័យអចលនទ្រព្យជារួមនៅក្នុងរាជធានីភ្នំពេញ មានការរីកចំរើនយ៉ាងលឿន នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែសម្រាប់អចលនទ្រព្យនៅក្នុងខណ្ឌទួលគោកវិញ ហាក់មិនទាន់មានសន្ទុះខ្លាំងខ្លា និងមានតម្លៃថ្លៃនោះទេ បើធៀបទៅនឹងខណ្ឌចំការមន និងខណ្ឌមួយចំនួនទៀតនោះទេ។
លោកសោម សម្បត្តិ ប្រធានការិយាល័យដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីនៃខណ្ឌទួលគោក បានប្រាប់គេហទំព័រ Propertyarea.asia កាលពីពេលថ្មីៗនេះថា សម្រាប់ខណ្ឌទួលគោក ហាក់មានសន្ទុះនៃការរីកចំរើននៅចាញ់ ខណ្ឌចំការមនឆ្ងាយណាស់ទាំងតម្លៃដីធ្លី និង វិស័យសំណង់ រួមជាមួយនឹងការអភិវឌ្ឍន៍ផ្សេងទៀត ។
លោកថ្លែងថា “អ្នករកស៊ីភាគច្រើន គេសម្លឹងមើលទៅខណ្ឌចំការមនច្រើនជាងព្រោះនៅពេលដែលគេដាក់ទុនវិនិយោគលើគម្រោងអ្វីមួយ គេឆាប់ទទួលបានកម្រៃមកវិញលឿន” ។ លោកបន្ថែមថា “ចំណែកខណ្ឌទួលគោលមិនអាចដូចគេបានទេ ព្រោះគម្រោងខ្លះបានត្រឹមតែសាងសង់ ប៉ុន្តែលក់មិនសូវចេញទេ” ។
លោកបន្ថែមថា លោកមិនបានដឹងច្បាស់ពីតម្លៃដីធ្លី និងគម្រោងវិនិយោគនៅក្នុងមូលដ្ឋាននេះនោះទេ ព្រោះតម្លៃភាគច្រើនមានតម្លៃខុសគ្នា ទៅតាមទីតាំង និងផ្លូវតូច ផ្លូវធំដែលអគ្គនាយកដ្ឋានពន្ធដារជាអ្នកកំណត់ប៉ុណ្ណោះ ប៉ុន្តែមួយវិញទៀត វាអាស្រ័យទៅលើម្ចាស់ដី បើគេចង់លក់លឿន គឺគេលក់ក្នុងតម្លៃថោក ហើយបើគេមិនចង់លក់គឺលក់បានថ្លៃ ទីតាំងនៃដី។
លោកស្រី អាន សុធិតា នាយិកាក្រុមហ៊ុនអន្តរជាតិ CBRE Cambodia បានឱ្យដឹងថា តម្លៃដីធ្លីនៅតាមបណ្ដាខណ្ឌនានានៅក្នុងរាជធានីភ្នំពេញ គឺនៅថេរ បើទោះបីជាចំនួនការទិញលក់ក្នុងទីផ្សារថមថយ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ។
លោកស្រីពន្យល់ថា “តម្លៃអចលនទ្រព្យ និងដីធ្លីនៅកណ្តាលក្រុងភ្នំពេញ រហូតមកដល់ពេលនេះ គឺមិនមានការធ្លាក់ថ្លៃនោះទេ ពោលគឺតម្លៃនៅថេរនៅឡើយ ដោយសារមិនសូវមានប្រតិបត្តិការទិញ- លក់ពីអ្នកវិនិយោគក្រៅស្រុក ខណៈដែលលទីផ្សារអចលនទ្រព្យរបស់កម្ពុជា ភាគច្រើនពឹងផ្អែកលើវិនិយោគិនបរទេស” ។
យោងតាមរបាយការណ៍របាយការណ៍ក្រុមហ៊ុន CBRE Cambodia ដែលមានការផ្សព្វផ្សាយកន្លងមកនេះបង្ហាញថា ខណ្ឌដូនពេញ ចំការមន និងខ័ណ្ឌ៧មករា នៅតែជាខណ្ឌដែលមានតម្លៃដីខ្ពស់ជាងគេ ចន្លោះពី ៥០០០ ដុល្លារ ទៅ ៦០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំណែកខណ្ឌទួលគោក ឫស្សីកែវ សែនសុខ និងជ្រោយចង្វារ ជាខណ្ឌដែលមានតម្លៃខ្ពស់បន្ទាប់ ចាប់ពី១០០០ ដុល្លា រទៅ ៣៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ៕