ដោយ ៖ គង់ សូរិយា
ភ្នំពេញៈ គំរោងវិនិយោគរមណីយដ្ឋានលំហែរកាយជាច្រើន នឹងលេចរូបរាងនៅតំបន់ត្រពាំងរូង ខេត្តកោះកុង ខណៈតំបន់នេះបានបន្សល់ស្លាកស្នាមអនុស្សាវរីយ៍ ក្នុងបទចំរៀងដ៏លន្លង់លន្លោចគឺ “ដៃសមុទ្រត្រពាំងរូង”។
ជាមួយនឹងសក្តានុពលផ្នែកភូមិសាស្រ្ត ធម្មជាតិដ៏ស្រស់បំព្រង ពិសេសជាតំបន់តែមួយគត់ ដែលមានទឹកសាប៦ខែ និងទឹកប្រៃ៦ខែ តំបន់្រពាំងរូងស័ក្តិសមជាទីតាំង សំរាប់ការវិនិយោគលើគំរោងអេកូទេសចរណ៍ និងការសម្រាកកំសាន្តលំហែរដ៏ស្ងៀមស្ងាត់ជាមួយនឹងការរំសាយអស់ទុក្ខកង្វល់។
គំរោងឋានសួគ៌ត្រពាំងរូង កំពុងចាប់ផ្តើមបង្ហាញវត្តមាននៅតំបន់នេះ ជាមួយនឹងគំរោងសាងសង់ផ្ទះលំហែរកាយបណ្តែតទឹក និងសួនធម្មជាតិ និងការដាំផ្កាដ៏ស្រស់បំព្រង សំរាប់ទទួលភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលចូលចិត្តដំណើរកំសាន្តបែបផ្សងព្រេង និងរីករាយជាមួយធម្មជាតិ។
លោកម៉ម សិរីបញ្ញាដែលជាអ្នកវិនិយោគក្នុងស្រុក និងជាអ្នកជំនាញអចលនទ្រព្យមួយរូបបានមានប្រសាសន៍ឲ្យដឹងនារសៀលថ្ងៃទី២៥ មករានេះថា ដោយសារសក្តានុពលធនធានធម្មជាតិ បានធ្វើឲ្យខេត្តកោះកុងទាក់ទាញគំរោងវិនិយោគជាច្រើន ពិសេសរមណីយដ្ឋានបែបលំហែរកាយ ស្របពេលព្រលានយន្តហោះអន្តរជាតិតារាសាគរ នឹងដាក់ឲ្យដំណើរការនៅឆ្នាំនេះ នឹងធ្វើឲ្យខេត្តកោះកុងកាន់តែមានសក្តានុពលខ្លាំងថែមទៀត។
លោកបន្តថា “ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល ដូចជា ការពង្រីកផ្លូវជាតិលេខ៤៨ និងការស្ថាបនាផ្លូវជាតិលេខ១០ នឹងធ្វើឲ្យតំបន់ជាច្រើននឹងទាក់ទាញការវិនិយោគ ពិសេសរមណីយដ្ឋានលំហែរកាយ”។លោកបន្តថា “សម្រាប់តំបន់ត្រពាំងរូង ខ្ញុំមើលឃើញសក្តានុពលដូចជាតំបន់តាតៃ ជីផាត និងតំបន់រមណីយដ្ឋានធម្មជាតិជាច្រើនទៀត ដែលនឹងមានការរីកចម្រើននាពេលអនាគត”។
លោកម៉ម សិរីបញ្ញាបានបន្តថា ចម្ងាយផ្លូវលែងជាបញ្ហាទៀតហើយ នៅពេលព្រលានយន្តហោះតារាសាគរដាក់ឲ្យដំណើរការ និងការពង្រីកផ្លូវជាតិលេខ៤៨ត្រូវបានបញ្ចប់ ពិសេសការស្ថាបនាផ្លូវជាតិលេខ១០ជាប្រវត្តិសាស្រ្ត ដែលនឹងផ្តល់លំហូរប្រជាជន ទេសចរណ៍ចេញពីភូមិភាគពាយ័ព្យមកកាន់តំបន់នេះ ពិសេសតំបន់ត្របាំងរូង ដែលមានទឹកប្រៃ៦ខែ ទឹកសាប៦ខែ ជាមួយនឹងទេសភាព និងដងព្រែកដ៏ស្រស់ស្អាត ដែលអ្នកទេសចរណ៍ជាតិ និងអន្តរជាតិចង់ទៅលេងកំសាន្ត និងសម្រាកលំហែរ។
ប្រធានសមាគមទេសចរណ៍កម្ពុជា លោកស្រីឆាយ ស៊ីវលីនបានមានប្រសាសន៍ថា ខេត្តកោះកុង មានសក្តានុពលធនធានធម្មជាតិដ៏សម្បើម និងអាថ៌កំបាំង ដែលតំបន់ខ្លះភ្ញៀវទេសចរណ៍មិនទាន់ទៅដល់នៅឡើយ ហើយការទាញយកផលប្រយោជន៍សេដ្ឋកិច្ច ពីសក្តានុពលទាំងនោះនៅមានកម្រិតនៅឡើយ។ លោកស្រីបន្តថា ខេត្តកោះកុងមានសក្តានុពលធនធានធម្មជាតិច្រើនណាស់ ដែលមិនទាន់បានរៀបចំបានល្អ ពិសេសតំបន់ត្រពាំងរូង និងឆ្នេរសមុទ្រដ៏ស្រស់ស្អាតជាច្រើន មិនទាន់ត្រូវបានផ្សព្វផ្សាយយ៉ាងតូលំទូលាយសម្រាប់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិបានស្គាល់និងទៅទស្សនានៅឡើយ។
លោកស្រីបន្តថា “នៅពេលព្រលានយន្តហោះតារាសាគរបើកដំណើរការរ ខ្ញុំជឿជាក់ថា ខេត្តកោះកុងនឹងរីកចម្រើនកាន់តែលឿន ព្រោះក្រុមហ៊ុនវិនិយោគព្រលានយន្តហោះពួកគេ នឹងរកមធ្យោបាយគ្រប់យ៉ាង ដើម្បីទាក់ទាញការហោះហើរត្រង់មកកាន់កម្ពុជា ពិសេសខេត្តកោះកុង”។
អតីតៈក្រុមហ៊ុនTienjing Union Development Groupបានទទួលសម្បទានដីជាង៤០,០០០ហិកតា និងគ្រោងបោះទុនវិនិយោគប្រមាណ៤០០០លានដុល្លារអាមេរិក ដើម្បីរៀបចំតំបន់តារាសាគរ ខេត្តកោះកុងជាតំបន់សំរាកលំហែរកាយ ធំជាងគេនៅក្នុងតំបន់អាស៊ី៕