ប្រធាន CVEA ៖ ទីផ្សារ​អចលនទ្រព្យ​ក្នុងអំឡុង​ពេលនេះ​នៅតែ​ជា​ឆ្អឹងខ្នង​ជួយ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​កម្ពុជា

0

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ ទោះជា​កំពុងស្ថិត​នៅក្នុង​ស្ថានភាព​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច ដែល​មិនទាន់មាន​ការវិលត្រឡប់​ពី​សំណាក់​ដៃគូ​សហការ​វិនិយោគ និង​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​ដែលជា​ជនជាតិ​បរទេស​ក៏ដោយ ប៉ុន្តែ​សម្រាប់​ទីផ្សារ​អចលនវត្ថុ​កំពុងមាន​ចរន្ត​ក្នុងស្រុក​នៅពេល​បច្ចុប្បន្ន​នេះ នៅតែ​ជា​ឆ្អឹងខ្នង​ដ៏​សំខាន់​ដែល​អាចជួយ​ទ្រទ្រង់​នូវ​កំណើនសេដ្ឋកិច្ច​ជាតិ​កម្ពុ​ជា​ដដែល។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម​បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ថា ដោយសារតែ​បញ្ហា​នៃ​វិបត្តិ​សេដ្ឋកិច្ច​សាកល​បានធ្វើឱ្យ​សកម្មភាព​ធំ​មួយចំនួន​ក្នុង​វិស័យ​អចលនទ្រព្យ ក៏ដូចជា​សន្ទុះ​នៃ​ការបណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា​មានកា​ធ្លាក់ចុះ ប៉ុន្តែ​ទោះជា​យ៉ាងណា ទីផ្សារ​មួយ​នេះ​នៅតែមាន​លទ្ធភាព​ក្នុង​ការចូល​ចូលរួម​ជួយ​ជ្រោមជ្រែង​សេដ្ឋកិច្ចកម្ពុជា​ដដែល។

លោក​បន្តថា “យើង​ទទួលស្គាល់ថា​សកម្មភាព​នៃ​ការអភិវឌ្ឍ​គម្រោង​ថ្មី​ត្រូវបាន​ធ្លាក់ចុះ ប៉ុន្តែ​មិនមែន​ទាំងអស់​នោះទេ ព្រោះ​គម្រោងធំៗមួយចំនួន​ដែល​បន្សល់ទុក​តាំងពី​ឆ្នាំ​ចាស់​នៅតែ​បន្តសកម្មភាព​សាងសង់​របស់ខ្លួន​គ្រាន់តែ​ថា​ហាក់​យឺត​ជាង​មុន​បន្តិច ដោយសារតែ​ម្ចាស់​គម្រោង ឬ​ម្ចាស់ទុន​ដែលជា​ជនជាតិ​បរទេស​នៅ​មិនទាន់​អាច​វិលត្រឡប់​មកកាន់​កម្ពុជា​នៅឡើយ” ។

លោក​ច្រឹ​ក សុខ​នី​ម បាន​មានប្រសាសន៍​ទៀតថា បើទោះជា​ស្ថិតនៅក្នុង​កាលៈទេសៈ​បែប​នេះ​ក៏ដោយ ប៉ុន្តែ​តាមរយៈ​ចរន្ត​ទីផ្សារ​នៅក្នុង​ស្រុក​បាន​ជួយ​ចូលរួមចំណែក​ក្នុងការ​ជ្រោមជ្រែង និង​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ​បាន​មួយចំណែក​ផងដែរ ដោយសារតែ​អ្នកវិនិយោគ និង​អ្នក​អភិវឌ្ឍន៍​ក្នុងស្រុក​បាន​បញ្ចេញ​កញ្ចប់​ថវិកា​សម្រាប់​កិច្ចដំណើរការ​គម្រោងរ​បស់​ខ្លួន​ដើម្បី​បំពេញ​តាម​តម្រូវការ​ទីផ្សារ​ជាក់ស្ដែង។

លោក​បាន​បញ្ជាក់ថា “ដូចជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅដ្ឋាន​តម្លៃ​សមរម្យ​ដែល​ភាគច្រើន​ស្ថិតនៅតាម​បណ្តា​តំបន់​ជាយក្រុង​គឺ​ពួកគាត់​នៅតែ​បន្តដំណើរ​ការសាងសង់ ខណៈដែល​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុងស្រុក​នៅតែមាន​តម្រូវការ​ខ្ពស់។ ដូច្នេះ​តាមរយៈ​ការសាងសង់ ការទិញ​លក់​គម្រោង​លំនៅដ្ឋាន​ទាំងនេះ​ក៏​ជា​ចំណែក​មួយ​ក្នុង​កៀងគរ​នូវ​ប្រាក់ចំណូល​ដល់​រដ្ឋាភិបាល​តាមរយៈ​ការបង់ពន្ធ​ជាដើម។ ដោយឡែក ក្រៅពីនេះ​ក៏មាន​ការទិញ​លក់​ដីធ្លីផ្សេងៗជាច្រើន​ទៀត​ដែល​សុទ្ធតែជា​ការចូលរួមចំណែក​នៅក្នុង​ជួយ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​ជាតិ​កម្ពុ​ជា” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here