ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ទោះជាកំពុងស្ថិតនៅក្នុងស្ថានភាពប្រឈមនឹងវិបត្តិសេដ្ឋកិច្ច ដែលមិនទាន់មានការវិលត្រឡប់ពីសំណាក់ដៃគូសហការវិនិយោគ និងអភិវឌ្ឍវិស័យអចលនទ្រព្យដែលជាជនជាតិបរទេសក៏ដោយ ប៉ុន្តែសម្រាប់ទីផ្សារអចលនវត្ថុកំពុងមានចរន្តក្នុងស្រុកនៅពេលបច្ចុប្បន្ននេះ នៅតែជាឆ្អឹងខ្នងដ៏សំខាន់ដែលអាចជួយទ្រទ្រង់នូវកំណើនសេដ្ឋកិច្ចជាតិកម្ពុជាដដែល។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ថា ដោយសារតែបញ្ហានៃវិបត្តិសេដ្ឋកិច្ចសាកលបានធ្វើឱ្យសកម្មភាពធំមួយចំនួនក្នុងវិស័យអចលនទ្រព្យ ក៏ដូចជាសន្ទុះនៃការបណ្តាក់ទុនវិនិយោគនៅកម្ពុជាមានកាធ្លាក់ចុះ ប៉ុន្តែទោះជាយ៉ាងណា ទីផ្សារមួយនេះនៅតែមានលទ្ធភាពក្នុងការចូលចូលរួមជួយជ្រោមជ្រែងសេដ្ឋកិច្ចកម្ពុជាដដែល។
លោកបន្តថា “យើងទទួលស្គាល់ថាសកម្មភាពនៃការអភិវឌ្ឍគម្រោងថ្មីត្រូវបានធ្លាក់ចុះ ប៉ុន្តែមិនមែនទាំងអស់នោះទេ ព្រោះគម្រោងធំៗមួយចំនួនដែលបន្សល់ទុកតាំងពីឆ្នាំចាស់នៅតែបន្តសកម្មភាពសាងសង់របស់ខ្លួនគ្រាន់តែថាហាក់យឺតជាងមុនបន្តិច ដោយសារតែម្ចាស់គម្រោង ឬម្ចាស់ទុនដែលជាជនជាតិបរទេសនៅមិនទាន់អាចវិលត្រឡប់មកកាន់កម្ពុជានៅឡើយ” ។
លោកច្រឹក សុខនីម បានមានប្រសាសន៍ទៀតថា បើទោះជាស្ថិតនៅក្នុងកាលៈទេសៈបែបនេះក៏ដោយ ប៉ុន្តែតាមរយៈចរន្តទីផ្សារនៅក្នុងស្រុកបានជួយចូលរួមចំណែកក្នុងការជ្រោមជ្រែង និងទ្រទ្រង់សេដ្ឋកិច្ចជាតិបានមួយចំណែកផងដែរ ដោយសារតែអ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍ក្នុងស្រុកបានបញ្ចេញកញ្ចប់ថវិកាសម្រាប់កិច្ចដំណើរការគម្រោងរបស់ខ្លួនដើម្បីបំពេញតាមតម្រូវការទីផ្សារជាក់ស្ដែង។
លោកបានបញ្ជាក់ថា “ដូចជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យដែលភាគច្រើនស្ថិតនៅតាមបណ្តាតំបន់ជាយក្រុងគឺពួកគាត់នៅតែបន្តដំណើរការសាងសង់ ខណៈដែលប្រជាពលរដ្ឋខ្មែរក្នុងស្រុកនៅតែមានតម្រូវការខ្ពស់។ ដូច្នេះតាមរយៈការសាងសង់ ការទិញលក់គម្រោងលំនៅដ្ឋានទាំងនេះក៏ជាចំណែកមួយក្នុងកៀងគរនូវប្រាក់ចំណូលដល់រដ្ឋាភិបាលតាមរយៈការបង់ពន្ធជាដើម។ ដោយឡែក ក្រៅពីនេះក៏មានការទិញលក់ដីធ្លីផ្សេងៗជាច្រើនទៀតដែលសុទ្ធតែជាការចូលរួមចំណែកនៅក្នុងជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិកម្ពុជា” ៕