រដ្ឋបាលខេត្ត​ព្រះសីហនុ ប្រកាស​មិន​ទទួលស្គាល់​ឯកសារ​សម្គាល់​កម្មសិទ្ធិ​ដី​មួយចំនួន ក្នុង​គម្រោង​សាងសង់​ព្រលានយន្ដហោះ​នៅ​កោះរ៉ុង

0

ដោយ ៖ រ៉ា​ណេ​ត

ព្រះសីហនុ ៖ ក្រោយ​ការសិក្សា និង​ពិនិត្យ​លម្អិត​ទៅលើ​ភាពមិនប្រក្រតី​លើ​ការស្នើសុំ​កាន់កាប់​ដី​ជា​កម្មសិទ្ធិ​ស្ថិតនៅក្នុង​គ​ម្រោ​សាងសង់​ព្រលាន​យន្ដ​ខ្នាតតូច​ដែល​វិនិយោគ និង​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​របស់​អ្នកឧកញ៉ា​គិត ម៉េង នៅលើ​កោះរ៉ុង រដ្ឋបាលខេត្ត​ព្រះសីហនុ​បានសម្រេច​មិន​ផ្តល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ និង​មិន​ទទួលស្គាល់​ទៅលើ​រាល់​ឯក​បញ្ជាក់​ពី​កម្ម​សិទ្ធី​ដីធ្លី​ចំនួន ៤៥ក្បាលដី និង​បន្ត​ចាត់វិធានការ​ផ្លូវច្បាប់​ទៅលើ​ជនខិលខូច។

តាមរយៈ​សេចក្ដីជូនដំណឹង​ជា​ផ្លូវការ​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ និង​ត្រូវបាន​ចែកចាយ​យ៉ាង​ទូលាយ​នៅ​ព្រឹក​ថ្ងៃទី១ ខែកុម្ភៈ​ឆ្នាំ២០២១នេះ​បាន​បញ្ជាក់ថា ទីតាំង​ដី​ស្ថិតនៅ​សង្កាត់​កោះរ៉ុង និង​សង្កាត់​កោះរ៉ុង​សន្លឹម​ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ ជា​ប្រភេទ​ដី​កោះ​ដែលជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច​ធ្វើ​អនុ​ប​យោគ​ពី​ដី​សាធារណៈ​របស់​រដ្ឋ​មកជា​ដីឯកជន​របស់​រដ្ឋ​តាម​អនុក្រឹត្យ​លេខ ០៥អនក្រ.បក ចុះ​ថ្ងៃទី២១ ខែមករា ឆ្នាំ២០០៨ ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​ក្រោម​លក្ខខណ្ឌ​ជួល​វិនិយោគ។

នៅ​ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨រាជរដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​លេខ ៤៨អនក្រ.បក សម្រេច​កាត់​ដី​ទំហំ ៥២៨,៣៧ហិកតា នៅ​សង្កាត់​កោះរ៉ុង និង​សង្កាត់​កោះរ៉ុង​សន្លឹម ក្រុងព្រះសីហនុ (បច្ចុប្បន្ន​ក្រុង​កោះរ៉ុង) ខេត្ត​ព្រះសីហនុ ចេញពី​ដីឯកជន​របស់​រដ្ឋកំ​ណ​ត់​ដោយ​អនុក្រឹត្យ​លេខ ០៥អនក្រ.បក ចុះ​ថ្ងៃទី២១ ខែមករា ឆ្នាំ២០០៨ ដើម្បី​ប្រទានកម្ម​ជា​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​រស់នៅ​អចិន្ត្រៃយ៍​នៅលើ​កោះរ៉ុង​ចំនួន២៩៨គ្រួសារ​ស្មើនឹង ៦៣៧ក្បាលដី ស្មើនឹង​ទំហំ ៥២៨,៣៧ហិកតា។

ដោយឡែក ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​វិវាទ​ដីធ្លី​ចំនួន៤៥ក្បាលដី ដែល​ក្នុងនោះ​មាន​ប្រជាពលរដ្ឋ​មាន​អាស័យដ្ឋាន​នៅលើ​កោះ​ចំនួន៣៦ក្បាលដី និង​ប្រជាពលរដ្ឋ​មាន​អាស័យដ្ឋាន​ក្រៅ​កោះ​ចំនួន៩ក្បាលដី គឺជា​ប្រភេទ​ដី​ដែល​ស្ថិតនៅ​ក្នុងចំណោម ៥៨៤ក្បាលដី ដែល​រដ្ឋបាលខេត្ត​បានធ្វើការ​ជូនដំណឹង​ពី​ការសម្រេច​បដិសេធ​មិន​ចេញ​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​នោះទេ។

រដ្ឋបាលខេត្ត​ព្រះសីហនុ សូម​ជម្រាបជូន​បន្ថែមថា រាល់​ឯកសារ​ពាក់ព័ន្ធ​ទាំងឡាយណា រួមមាន​ឯកសារ​សម្គាល់​លេខ​ក្បាលដី (ចុងសន្លឹក) លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី ពាក្យស្នើសុំ​កាន់កាប់​ប្រើប្រាស់​ដីធ្លី កិច្ចសន្យា​ទិញ-លក់​ដោយមាន​ប្រថាប់ត្រា​អាជ្ញាធរ​សង្កាត់ ឬ​ប្រថាប់ត្រា​មេធាវី ឬ​កិច្ចសន្យា​ផ្ទេរសិទ្ធិ​ដីធ្លី​ជា​លក្ខណៈ​ឯកជន(រវាង​គូភាគី) គំនូស​បង្ហាញ​ទីតាំង​ដី និង​ឯកសារ​ពាក់ព័ន្ធផ្សេងៗទៀត រួម​នឹង​ក្បាលដី​ក្នុង​ប្លង់​សុរិយោដី​ចំនួន ៥៨៤ក្បាលដី ដែល​គណៈកម្មការ​រដ្ឋ​បាល បានសម្រេច​មិន​ផ្តល់ជូន​ជា​កម្មសិទ្ធិ គឺជា​ឯកសារ​ដែល​គ្មាន​តម្លៃ​គតិយុត្ត​សម្រាប់​ប្រើប្រាស់ ឬ​ទាមទារ​សិទ្ធិ​លើដី​ធ្លី​នៅលើ​កោះរ៉ុង​នោះទេ។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត​ព្រះសីហនុ សូមបញ្ជាក់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ថា នឹង​ចាត់វិធានការ​ផ្លូវច្បាប់​យ៉ាង​តឹងរឹង​បំផុត​ដោយ​មិន​លើកលែង​ចំពោះ​ជន ណា​ដែល​បាន​ប៉ះពាល់​កម្មសិទ្ធិ​នៃ​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ដូច​មាន​ក្នុង​មាត្រា២៥៩ នៃ​ច្បាប់​ភូមិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here