ដោយ ៖ រ៉ាណេត
ព្រះសីហនុ ៖ ក្រោយការសិក្សា និងពិនិត្យលម្អិតទៅលើភាពមិនប្រក្រតីលើការស្នើសុំកាន់កាប់ដីជាកម្មសិទ្ធិស្ថិតនៅក្នុងគម្រោសាងសង់ព្រលានយន្ដខ្នាតតូចដែលវិនិយោគ និងអភិវឌ្ឍដោយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់អ្នកឧកញ៉ាគិត ម៉េង នៅលើកោះរ៉ុង រដ្ឋបាលខេត្តព្រះសីហនុបានសម្រេចមិនផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមិនទទួលស្គាល់ទៅលើរាល់ឯកបញ្ជាក់ពីកម្មសិទ្ធីដីធ្លីចំនួន ៤៥ក្បាលដី និងបន្តចាត់វិធានការផ្លូវច្បាប់ទៅលើជនខិលខូច។
តាមរយៈសេចក្ដីជូនដំណឹងជាផ្លូវការរបស់រដ្ឋបាលខេត្តព្រះសីហនុ និងត្រូវបានចែកចាយយ៉ាងទូលាយនៅព្រឹកថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០២១នេះបានបញ្ជាក់ថា ទីតាំងដីស្ថិតនៅសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹមក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ជាប្រភេទដីកោះដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវបានរាជរដ្ឋាភិបាលសម្រេចធ្វើអនុបយោគពីដីសាធារណៈរបស់រដ្ឋមកជាដីឯកជនរបស់រដ្ឋតាមអនុក្រឹត្យលេខ ០៥អនក្រ.បក ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០០៨ ដើម្បីធ្វើការអភិវឌ្ឍន៍ក្រោមលក្ខខណ្ឌជួលវិនិយោគ។
នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ៤៨អនក្រ.បក សម្រេចកាត់ដីទំហំ ៥២៨,៣៧ហិកតា នៅសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម ក្រុងព្រះសីហនុ (បច្ចុប្បន្នក្រុងកោះរ៉ុង) ខេត្តព្រះសីហនុ ចេញពីដីឯកជនរបស់រដ្ឋកំណត់ដោយអនុក្រឹត្យលេខ ០៥អនក្រ.បក ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០០៨ ដើម្បីប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋរស់នៅអចិន្ត្រៃយ៍នៅលើកោះរ៉ុងចំនួន២៩៨គ្រួសារស្មើនឹង ៦៣៧ក្បាលដី ស្មើនឹងទំហំ ៥២៨,៣៧ហិកតា។
ដោយឡែក ពាក់ព័ន្ធទៅនឹងបញ្ហាវិវាទដីធ្លីចំនួន៤៥ក្បាលដី ដែលក្នុងនោះមានប្រជាពលរដ្ឋមានអាស័យដ្ឋាននៅលើកោះចំនួន៣៦ក្បាលដី និងប្រជាពលរដ្ឋមានអាស័យដ្ឋានក្រៅកោះចំនួន៩ក្បាលដី គឺជាប្រភេទដីដែលស្ថិតនៅក្នុងចំណោម ៥៨៤ក្បាលដី ដែលរដ្ឋបាលខេត្តបានធ្វើការជូនដំណឹងពីការសម្រេចបដិសេធមិនចេញប័ណ្ណសម្គាល់កម្មសិទ្ធិនោះទេ។
រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនបន្ថែមថា រាល់ឯកសារពាក់ព័ន្ធទាំងឡាយណា រួមមានឯកសារសម្គាល់លេខក្បាលដី (ចុងសន្លឹក) លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី កិច្ចសន្យាទិញ-លក់ដោយមានប្រថាប់ត្រាអាជ្ញាធរសង្កាត់ ឬប្រថាប់ត្រាមេធាវី ឬកិច្ចសន្យាផ្ទេរសិទ្ធិដីធ្លីជាលក្ខណៈឯកជន(រវាងគូភាគី) គំនូសបង្ហាញទីតាំងដី និងឯកសារពាក់ព័ន្ធផ្សេងៗទៀត រួមនឹងក្បាលដីក្នុងប្លង់សុរិយោដីចំនួន ៥៨៤ក្បាលដី ដែលគណៈកម្មការរដ្ឋបាល បានសម្រេចមិនផ្តល់ជូនជាកម្មសិទ្ធិ គឺជាឯកសារដែលគ្មានតម្លៃគតិយុត្តសម្រាប់ប្រើប្រាស់ ឬទាមទារសិទ្ធិលើដីធ្លីនៅលើកោះរ៉ុងនោះទេ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុ សូមបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា នឹងចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតដោយមិនលើកលែងចំពោះជន ណាដែលបានប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិរបស់រដ្ឋ ដូចមានក្នុងមាត្រា២៥៩ នៃច្បាប់ភូមិបាល៕