ដោយ៖ រ៉ាណេត
ភ្នំពេញ៖ ប្រធានសមាគមអចលនទ្រព្យសកល (GRA) បានលើកទឹកចិត្តដល់អ្នកដែលស្វែងរក់ទិញ-លក់ក្នុងវិស័យអចលនទ្រព្យត្រូវជ្រើសរើសយកភ្នាក់ងារក្នុងការចរចា និងរៀបចំឯកសារបទដ្ឋានគតិយុត្តិនានា ដើម្បីជៀសវាងហានិភ័យ និងមានសុវត្ថិភាពទាំងគូភាគី ខណៈការវិនិយោគលើវិស័យនេះ ត្រូវបានប្រើប្រាស់ធនធានយ៉ាងសន្ធឹកសន្ធាប់។
លោកសំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល (GRA) បានពន្យល់ថា ភ្នាក់ងារអចលនវត្ថុគឺជាអ្នកប្រឹក្សាយោបល់ដល់អ្នកលក់ និងអ្នកទិញដើម្បីឱ្យមានការយល់ដឹងកាន់តែច្បាប់ពីវិស័យអចលនទ្រព្យ និងដឹងពីព័ត៌មានទីផ្សារអចលនទ្រព្យកាន់តែទូលាយ ។
លោកបន្តថា ភ្នាក់ងារអចលនទ្រព្យមានព័ត៌មានសម្បូរបែប ហើយអាចទទួលយកបានតាមរយៈការផ្តល់នូវព័ត៌មាន និងឱកាសវិនិយោគប្រកបដោយចីរភាព។ ម្យ៉ាងទៀត ភ្នាក់ងារអចលនទ្រព្យ គឺជាបុគ្គលដែលមានសក្តានុពលក្នុងការចចារពីព្រោះពួគេធ្វើការដោយផ្ទាល់ជាមួយនឹងអ្នកលក់ ហើយដឹងពីលក្ខខណ្ឌនៃតម្រូវការជាក់ស្តែងនៃអ្នកលក់ ជាការលក់ប្រញាប់ លក់ធម្មតា ឬ លក់ក្នុងកម្រិតក្នុងការទទួលយកប្រាក់ចំណូលខ្ពស់ ។
លោកបន្ថែមថា ជាមួយគ្នានេះ ភ្នាក់ងារអចលនវត្ថុជាបុគ្គលកណ្តាលក្នុងរៀបចំកិច្ចសន្យាទិញ-លក់ និងការធ្វើឱ្យមានស្របច្បាប់សម្រាប់អ្នកលក់នៅក្នុងដំណើរការនៃទិញ-លក់។ បន្ថែមពីនេះ ភ្នាក់ងារក៏ជាអ្នកធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងធនាគារ ដែលអាចជួលសម្រប់សម្រួលដល់អ្នកទិញដែលមានបំណងខ្ចីនៅក្នុងលក្ខខណ្ឌណាមួយ។
លោកសំ សុខនឿនបានអំពាវនាវ និងលើកទឹកចិត្តដល់អ្នកទិញ-អ្នកលក់អចលនវត្ថុប្រើប្រាស់សេវាភ្នាក់ងារដែលស្របច្បាប់កំពុងបំរើនៅក្នុងទីផ្សារក្នុងវិស័យមួយនេះ ដែលមានក្រមសីលធម៌ និងវិជ្ជាជីវៈត្រឹមត្រូវជួយសម្របសម្រួលដើម្បីជៀសផុតពីហានិភ័យដែលកើតឡើងជាយថាហេតុណាមួយ នាំអោយប៉ះពាល់ដល់វិស័យអចលនទ្រព្យរួមនៅកម្ពុជា៕