ប្រធាន GRA ៖ អត្ថប្រយោជន៍​បន្ថែម​ដែល​ទទួលបាន​ពី​ការទិញ​លក់​អចលនវត្ថុ​តាមរយៈ​ភ្នាក់ងារ

0

ដោយ៖ រ៉ា​ណេ​ត

ភ្នំពេញ៖ ប្រធាន​សមាគម​អចលនទ្រព្យ​សកល (GRA) បាន​លើកទឹកចិត្ត​ដល់​អ្នក​ដែល​ស្វែងរក់​ទិញ-លក់​ក្នុង​វិស័យ​អចលនទ្រព្យ​ត្រូវ​ជ្រើស​រើសយក​ភ្នាក់ងារ​ក្នុងការ​ចរចា និង​រៀបចំ​ឯកសារ​បទដ្ឋាន​គតិយុត្តិ​នានា ដើម្បី​ជៀសវាង​ហានិភ័យ និង​មាន​សុវត្ថិភាព​ទាំង​គូភាគី ខណៈ​ការវិនិយោគ​លើ​វិស័យនេះ ត្រូវបាន​ប្រើប្រាស់​ធនធាន​យ៉ាង​សន្ធឹកសន្ធាប់។

លោក​សំ សុខ​នឿន ប្រធាន​សមាគម​អចលនទ្រព្យ​សកល (GRA) បាន​ពន្យល់ថា ភ្នាក់ងារ​អចលនវត្ថុ​គឺជា​អ្នក​ប្រឹក្សា​យោបល់​ដល់​អ្នកលក់ និង​អ្នកទិញ​ដើម្បីឱ្យ​មានការ​យល់ដឹង​កាន់តែ​ច្បាប់​ពី​វិស័យ​អចលនទ្រព្យ និង​ដឹង​ពី​ព័ត៌មាន​ទីផ្សារ​អចលនទ្រព្យ​កាន់តែ​ទូលាយ ។

លោក​បន្តថា ភ្នាក់ងារ​អចលនទ្រព្យ​មាន​ព័ត៌មាន​សម្បូរបែប ហើយ​អាច​ទទួលយកបាន​តាម​រយៈ​ការ​ផ្តល់នូវ​ព័ត៌មាន និង​ឱកាស​វិនិយោគ​ប្រកបដោយ​ចីរភាព។ ម្យ៉ាងទៀត ភ្នាក់ងារ​អចលនទ្រព្យ គឺជា​បុគ្គល​ដែលមាន​សក្តានុពល​ក្នុង​ការចចារ​ពីព្រោះ​ពួ​គេ​ធ្វើការ​ដោយផ្ទាល់​ជាមួយនឹង​អ្នកលក់ ហើយ​ដឹង​ពី​លក្ខខណ្ឌ​នៃ​តម្រូវការ​ជាក់ស្តែង​នៃ​អ្នកលក់ ជា​ការលក់​ប្រញាប់ លក់​ធម្មតា ឬ លក់​ក្នុង​កម្រិត​ក្នុងការ​ទទួលយក​ប្រាក់​ចំណូល​ខ្ពស់ ។

លោក​បន្ថែមថា  ជាមួយគ្នានេះ ភ្នាក់ងារ​អចលនវត្ថុ​ជា​បុគ្គល​កណ្តាល​ក្នុង​រៀបចំ​កិច្ចសន្យា​ទិញ-លក់ និង​ការធ្វើឱ្យមាន​ស្របច្បាប់​សម្រាប់​អ្នកលក់​នៅក្នុង​ដំណើរការ​នៃ​ទិញ-លក់។ បន្ថែម​ពីនេះ ភ្នាក់ងារ​ក៏​ជា​អ្នកធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​ធនាគារ ដែល​អាច​ជួ​លស​ម្រ​ប់​សម្រួល​ដល់​អ្នកទិញ​ដែលមាន​បំណង​ខ្ចី​នៅក្នុង​លក្ខខណ្ឌ​ណាមួយ។

លោក​សំ សុខ​នឿន​បាន​អំពាវនាវ និង​លើកទឹកចិត្ត​ដល់​អ្នកទិញ-អ្នកលក់​អចលនវត្ថុ​ប្រើប្រាស់​សេវា​ភ្នាក់ងារ​ដែល​ស្របច្បាប់​កំពុង​បំរើ​នៅក្នុង​ទីផ្សារ​ក្នុង​វិស័យ​មួយ​នេះ ដែលមាន​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​ត្រឹមត្រូវ​ជួយ​សម្របសម្រួល​ដើម្បី​ជៀសផុត​ពី​ហានិភ័យ​ដែល​កើតឡើង​ជាយថាហេតុ​ណាមួយ  នាំអោយ​ប៉ះពាល់​ដល់​វិស័យ​អចលនទ្រព្យ​រួម​នៅ​កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here