ការសិក្សា៖ ផ្នែក​សំខាន់​ចំនួន៤ នៃ​អចលនទ្រព្យ​ចាប់​ផ្តើ​មាន​សញ្ញា​ប្រសើរឡើង

0

ដោយៈ​គង់ សូរិយា

ភ្នំពេញៈ ឆ្នាំ២០២១ គឺ​ឆ្នាំ​មួយ​ដែលមាន​បញ្ហា​នៅតែ​មិនទាន់​បញ្ចប់ ដោយសារ​ជំងឺ​កូ​វីដ១៩ ហើយ​ផលប៉ះពាល់​របស់​វា លើ​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​គឺមាន​ភាពខុសៗគ្នា ប៉ុន្តែ​សញ្ញា​ល្អប្រសើរ​បានចាប់ផ្តើម​កើតមាន​ជាថ្មី។

វិស័យ​លំនៅដ្ឋាន

គម្រោង​ដី​បុរី​ថ្មី​ចំនួន៤ ត្រូវបាន​បញ្ចប់ និង​ប្រគល់ជូន​អតិថិជន​នៅ​ខណ្ឌ​ចំនួន៤ ដូចជា​ខណ្ឌមានជ័យ ច្បារអំពៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​ជ្រោយចង្វារ​ក្នុង​រយៈពេល ៦ ខែ​កន្លងមកនេះ ។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រុមហ៊ុន CBRE Cambodia។

របាយការណ៍​បាន​បន្តថា “អ្វីដែល​គួរអោយកត់សំគាល់​ជាង​នេះ​គឺថា ក្នុង​រយៈពេល​ដូចគ្នា ទោះបី​មាន​ភាពមិនប្រាកដប្រជា ផ្នែក​សេដ្ឋកិច្ច​ដែល​កំពុង​បន្ត​កើតមាន ក៏​គម្រោង​ចំនួន១២ ត្រូវ​បានដាក់​ដំណើរការ​នៅ​ទូទាំង៧ ខណ្ឌ​ស្មើនឹង​ប្រមាណ ៤០០០យូ​នី​ត ដែល​បង្ហាញ​ពី​ការបន្ត​មាន​ទំនុកចិត្ត​រឹងមាំ​លើ​វិស័យនេះ” ។

ខណ្ឌ​សែន​សុខ បន្ត​ទទួលបាន​គម្រោងថ្មីៗច្រើនជាង ដោយ​គម្រោង​ចំនួន៤ចាប់  ផ្តើម​ដាក់​ដំណើរការ​សាងសង់ ខណៈដែល​ជ្រោយចង្វារ និង​មានជ័យ​ទាំងពីរ បានឃើញ​ការបន្ថែម​គម្រោង​ថ្មី​ចំនួន២រៀងខ្លួន។

អ្នក​អភិវឌ្ឍន៍ ដែលមាន​ស្រាប់ បាន​ចូលរួមចំណែក​ដល់​គម្រោង​ភាគច្រើន ទោះយ៉ាងណា​អ្នក​អភិវឌ្ឍន៍​ថ្មី បាន​ចំណែក២៥% នៃ​ការបើក​ដំណើរ​គម្រោង​ថ្មី ក្នុង​រយៈពេល​នេះ ដែល​បង្ហាញ​ពី​ការផ្គត់ផ្គង់​យ៉ាង​ទូលំទូលាយ នាពេល​អនាគត​នៅក្នុង​វិស័យនេះ។

ខុន​ដូ

ការផ្គត់ផ្គង់​ខុន​ដូ​សរុប​នៅ​ទូទាំង​រាជធានី​ភ្នំពេញ មានការ​កើនឡើង៣,៩៧%ក្នុង​រយៈពេល​ត្រីមាស​ទី៣ឆ្នាំមុន ខណៈ​ការកើនឡើង​នេះ មានការ​ចូលរួម​តែមួយ​ពី​កា​រប​ច​ញ្ច​ប់​ដំណាក់កាល​ទី១របស់​គម្រោង Urban Village ហើយ​បាន​បង្កើន​ការផ្គត់ផ្គង់​ខុន​ដូ​តម្លៃ​សមរម្យ ១៥.៦៧% ។

អំឡុង​ត្រីមាស​ទី៣នៃ​ឆ្នាំកន្លងមក មិនមាន​គម្រោង​ថ្មី​ណាមួយ ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ទេ ប៉ុន្តែ​មាន​គម្រោង៣ បាន​ដាក់ចេញ​ការអភិវឌ្ឍ​នូវ​ដំណាក់កាលថ្មីៗ ទៅក្នុង​ទីផ្សារ​ផ្គត់ផ្គង់ ដែល​បង្ហាញថា អ្នក​អភិវឌ្ឍន៍​ដែល​ស្គា​ល់ពី​ទីផ្សារ​ក្រុងភ្នំពេញ នៅតែមាន​សុទិដ្ឋិនិយម​ចំពោះ​វិស័យនេះ។

របាយការណ៍​បានឱ្យដឹងថា គេ​រំពឹងថា​នៅ​ត្រីមាស​ទី៤ឆ្នាំមុន គេ​មើលឃើញ​ការបញ្ចប់​គម្រោង​ចំនួន៤បន្ថែមទៀត ដែល​នឹង​ចូលរួមចំណែក​ក្នុង​ទីផ្សារ ប្រមាណ ២,៦០០យូ​នី​ត ។ ទោះយ៉ាងណា ការពន្យា​ពេល​នៃ​ការសាងសង់ នៅតែ​បន្ត​កើតមាន​នៅក្នុង​វិស័យនេះ ដោយ​បច្ចុប្បន្ន​មាន​គម្រោង​ចំនួន៦ ពន្យា​ពេល​បញ្ចប់​គម្រោង​ទៅ​ឆ្នាំ២០២១ ។

តម្លៃ​លក់​ជា​មធ្យម​នៅ​គ្រប់ផ្នែក បាន​បន្ត​ប្រឈម​នឹង​សម្ពាធ​ធ្លាក់ចុះ នៅក្នុង​ត្រីមាស​ទី។ ខុន​ដូ​តម្លៃ​មធ្យម​ធ្លាក់ចុះ ១,៣៩% ខុន​ដូ​តម្លៃ​សមរម្យ​ធ្លាក់ចុះ ១,១៧% និង​ខុន​ដូ​ប្រណីត​ធ្លាក់ចុះ ១,០២% ។

អ្នក​អភិវឌ្ឍន៍​នៅតែ​សកម្ម ក្នុងការ​ផ្តល់​ការបញ្ចុះ​តម្លៃ និង​ការផ្សព្វផ្សាយ​ពី​ខុន​ដូ​យូ​នី​ត​នៅក្នុង​គម្រោង​របស់​ពួកគេ ដើម្បី​រក្សា​ល្បឿន​លក់។

ការិយាល័យ​ជួល

អាគារ​ការិយាល័យ​ជួល​ថ្មី​ចំនួន៣ ត្រូវបាន​បញ្ជាប់​ការសាងសង់​នៅ​ត្រីមាស​ទី៣ មុន មានដូចជា​អគារ​ការិយាល័យ TK Central អគារ The Point និង​អគារ Sayon Phnom Penh ដែល​នឹង​ចូលរួមចំណែក ក្នុង​ទីផ្សារ​ផ្គត់ផ្គង់​ការិយាល័យ​បន្ថែម៣០,០០៧ ម៉ែត្រការ៉េ។

នៅ​ដំណាច់ឆ្នាំ២០២០កន្លងមកនេះ អត្រា​ការិយាល័យ​ជួល​នៅ​ទំនេរ នៅ​ទូទាំង​ទីផ្សារ​ត្រូវបាន​ព្យាករណ៍​ថា នឹង​កើន​ឡើងដល់​កម្រិត​ខ្ពស់បំផុត គិត​ចាប់តាំងពី​ឆ្នាំ២០១១ ។ នៅ​ត្រីមាស​ទី៣ អត្រា​នៃ​ការកាន់កាប់​មាន ៧៤,៧% ។ ទោះយ៉ាងណា​ជា មួយ​នឹង​ការបញ្ចប់​គម្រោង​ជាច្រើន​នៅ​ត្រីមាស​ទី៤ ឆ្នាំ២០២០ នឹងធ្វើ​ឱ្យ​អត្រា​នៃ​ការកាន់កាប់​ការិយាល័យ​ជួល​ទំនងជា​នឹង​ធ្លាក់ចុះ​ថែមទៀត។

គម្រោង​ការិយាល័យ​ជួល​ចំនួន៨ ត្រូវបាន​បញ្ចា​ប់​ការសាងសង់ គិត​ចាប់តាំងពី​ដើមឆ្នាំ​រហូត​មកដល់ពេលនេះ ដោយ​អត្រា​ទំនេរ​គិត​ជា​មធ្យម មានការ​កើនឡើង​ខ្ពស់។ ការអភិវឌ្ឍ​ការិយាល័យ​ជួល មួយចំនួន​នឹង​ត្រូវបាន​ពន្យារពេល ដោយមាន​ប៉ាន់​ស្មានថា មាន​ទំហំ ៥០,០០០ ម៉ែត្រការ៉េ​ត្រូវបាន​ពន្យារ​ពេលទៅដល់​ឆមាស​ទី១ ឆ្នាំ២០២១ ។

ទីផ្សារ​លក់រាយ

គម្រោង​ផ្សារ​ទំនើប​បែប​សហគមន៍ (Community Mall) ចំនួន២ត្រូវបាន​បញ្ចប់​ការសាងសង់​នៅក្នុង​ត្រីមាស​ទី៣ ឆ្នាំ២០២០ ដែល​បានធ្វើឱ្យ​ទំហំ​នេះ​កើនឡើង​ដល់ ២១,៨០០ម៉ែត្រការ៉េ។

យោងតាម​របាយការណ៍​របស់​ក្រុមហ៊ុន CBRE Cambodia ចេញផ្សាយ​កាលពីពេល​ថ្មី​នេះ​បង្ហាញថា គម្រោង​ផ្សារ​ទំនើប​បែប​សហគមន៍ (Community Malls) ចំនួន២ រួមមាន​ផ្សារ​ទំនើប The One Mall និង 313 Quayside ដែល​ផ្សារ​ទាំងពីរ​នេះ​បន្ថែម​ដល់ ២១,៨០០ម៉ែត្រការ៉េ ស្មើនឹង២៦.១ភាគរយ ក្នុងចំណោម​ក​ផ្សារ​ទាំងអស់  និង​ប្រមាណ ៦.០៩ ភាគរយ ទៅនឹង​ការផ្គត់ផ្គង់​ផ្សារ​ទំនើប​នៅក្នុង​ត្រីមាស​ទី៣ឆ្នាំមុន ខណៈ​សកម្មភាព​សេដ្ឋកិច្ច សង្គម ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ចាប់ផ្តើម​មាន​សញ្ញា​ល្អប្រសើរបណ្តើរៗនៅ​ដើមឆ្នាំ២០២១នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here