ដោយៈគង់ សូរិយា
ភ្នំពេញៈ ឆ្នាំ២០២១ គឺឆ្នាំមួយដែលមានបញ្ហានៅតែមិនទាន់បញ្ចប់ ដោយសារជំងឺកូវីដ១៩ ហើយផលប៉ះពាល់របស់វា លើទីផ្សារអចលនទ្រព្យនៅកម្ពុជាគឺមានភាពខុសៗគ្នា ប៉ុន្តែសញ្ញាល្អប្រសើរបានចាប់ផ្តើមកើតមានជាថ្មី។
វិស័យលំនៅដ្ឋាន
គម្រោងដីបុរីថ្មីចំនួន៤ ត្រូវបានបញ្ចប់ និងប្រគល់ជូនអតិថិជននៅខណ្ឌចំនួន៤ ដូចជាខណ្ឌមានជ័យ ច្បារអំពៅ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌជ្រោយចង្វារក្នុងរយៈពេល ៦ ខែកន្លងមកនេះ ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia។
របាយការណ៍បានបន្តថា “អ្វីដែលគួរអោយកត់សំគាល់ជាងនេះគឺថា ក្នុងរយៈពេលដូចគ្នា ទោះបីមានភាពមិនប្រាកដប្រជា ផ្នែកសេដ្ឋកិច្ចដែលកំពុងបន្តកើតមាន ក៏គម្រោងចំនួន១២ ត្រូវបានដាក់ដំណើរការនៅទូទាំង៧ ខណ្ឌស្មើនឹងប្រមាណ ៤០០០យូនីត ដែលបង្ហាញពីការបន្តមានទំនុកចិត្តរឹងមាំលើវិស័យនេះ” ។
ខណ្ឌសែនសុខ បន្តទទួលបានគម្រោងថ្មីៗច្រើនជាង ដោយគម្រោងចំនួន៤ចាប់ ផ្តើមដាក់ដំណើរការសាងសង់ ខណៈដែលជ្រោយចង្វារ និងមានជ័យទាំងពីរ បានឃើញការបន្ថែមគម្រោងថ្មីចំនួន២រៀងខ្លួន។
អ្នកអភិវឌ្ឍន៍ ដែលមានស្រាប់ បានចូលរួមចំណែកដល់គម្រោងភាគច្រើន ទោះយ៉ាងណាអ្នកអភិវឌ្ឍន៍ថ្មី បានចំណែក២៥% នៃការបើកដំណើរគម្រោងថ្មី ក្នុងរយៈពេលនេះ ដែលបង្ហាញពីការផ្គត់ផ្គង់យ៉ាងទូលំទូលាយ នាពេលអនាគតនៅក្នុងវិស័យនេះ។
ខុនដូ
ការផ្គត់ផ្គង់ខុនដូសរុបនៅទូទាំងរាជធានីភ្នំពេញ មានការកើនឡើង៣,៩៧%ក្នុងរយៈពេលត្រីមាសទី៣ឆ្នាំមុន ខណៈការកើនឡើងនេះ មានការចូលរួមតែមួយពីការបចញ្ចប់ដំណាក់កាលទី១របស់គម្រោង Urban Village ហើយបានបង្កើនការផ្គត់ផ្គង់ខុនដូតម្លៃសមរម្យ ១៥.៦៧% ។
អំឡុងត្រីមាសទី៣នៃឆ្នាំកន្លងមក មិនមានគម្រោងថ្មីណាមួយ ត្រូវបានដាក់ឱ្យដំណើរការទេ ប៉ុន្តែមានគម្រោង៣ បានដាក់ចេញការអភិវឌ្ឍនូវដំណាក់កាលថ្មីៗ ទៅក្នុងទីផ្សារផ្គត់ផ្គង់ ដែលបង្ហាញថា អ្នកអភិវឌ្ឍន៍ដែលស្គាល់ពីទីផ្សារក្រុងភ្នំពេញ នៅតែមានសុទិដ្ឋិនិយមចំពោះវិស័យនេះ។
របាយការណ៍បានឱ្យដឹងថា គេរំពឹងថានៅត្រីមាសទី៤ឆ្នាំមុន គេមើលឃើញការបញ្ចប់គម្រោងចំនួន៤បន្ថែមទៀត ដែលនឹងចូលរួមចំណែកក្នុងទីផ្សារ ប្រមាណ ២,៦០០យូនីត ។ ទោះយ៉ាងណា ការពន្យាពេលនៃការសាងសង់ នៅតែបន្តកើតមាននៅក្នុងវិស័យនេះ ដោយបច្ចុប្បន្នមានគម្រោងចំនួន៦ ពន្យាពេលបញ្ចប់គម្រោងទៅឆ្នាំ២០២១ ។
តម្លៃលក់ជាមធ្យមនៅគ្រប់ផ្នែក បានបន្តប្រឈមនឹងសម្ពាធធ្លាក់ចុះ នៅក្នុងត្រីមាសទី។ ខុនដូតម្លៃមធ្យមធ្លាក់ចុះ ១,៣៩% ខុនដូតម្លៃសមរម្យធ្លាក់ចុះ ១,១៧% និងខុនដូប្រណីតធ្លាក់ចុះ ១,០២% ។
អ្នកអភិវឌ្ឍន៍នៅតែសកម្ម ក្នុងការផ្តល់ការបញ្ចុះតម្លៃ និងការផ្សព្វផ្សាយពីខុនដូយូនីតនៅក្នុងគម្រោងរបស់ពួកគេ ដើម្បីរក្សាល្បឿនលក់។
ការិយាល័យជួល
អាគារការិយាល័យជួលថ្មីចំនួន៣ ត្រូវបានបញ្ជាប់ការសាងសង់នៅត្រីមាសទី៣ មុន មានដូចជាអគារការិយាល័យ TK Central អគារ The Point និងអគារ Sayon Phnom Penh ដែលនឹងចូលរួមចំណែក ក្នុងទីផ្សារផ្គត់ផ្គង់ការិយាល័យបន្ថែម៣០,០០៧ ម៉ែត្រការ៉េ។
នៅដំណាច់ឆ្នាំ២០២០កន្លងមកនេះ អត្រាការិយាល័យជួលនៅទំនេរ នៅទូទាំងទីផ្សារត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់កម្រិតខ្ពស់បំផុត គិតចាប់តាំងពីឆ្នាំ២០១១ ។ នៅត្រីមាសទី៣ អត្រានៃការកាន់កាប់មាន ៧៤,៧% ។ ទោះយ៉ាងណាជា មួយនឹងការបញ្ចប់គម្រោងជាច្រើននៅត្រីមាសទី៤ ឆ្នាំ២០២០ នឹងធ្វើឱ្យអត្រានៃការកាន់កាប់ការិយាល័យជួលទំនងជានឹងធ្លាក់ចុះថែមទៀត។
គម្រោងការិយាល័យជួលចំនួន៨ ត្រូវបានបញ្ចាប់ការសាងសង់ គិតចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ ដោយអត្រាទំនេរគិតជាមធ្យម មានការកើនឡើងខ្ពស់។ ការអភិវឌ្ឍការិយាល័យជួល មួយចំនួននឹងត្រូវបានពន្យារពេល ដោយមានប៉ាន់ស្មានថា មានទំហំ ៥០,០០០ ម៉ែត្រការ៉េត្រូវបានពន្យារពេលទៅដល់ឆមាសទី១ ឆ្នាំ២០២១ ។
ទីផ្សារលក់រាយ
គម្រោងផ្សារទំនើបបែបសហគមន៍ (Community Mall) ចំនួន២ត្រូវបានបញ្ចប់ការសាងសង់នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២០ ដែលបានធ្វើឱ្យទំហំនេះកើនឡើងដល់ ២១,៨០០ម៉ែត្រការ៉េ។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia ចេញផ្សាយកាលពីពេលថ្មីនេះបង្ហាញថា គម្រោងផ្សារទំនើបបែបសហគមន៍ (Community Malls) ចំនួន២ រួមមានផ្សារទំនើប The One Mall និង 313 Quayside ដែលផ្សារទាំងពីរនេះបន្ថែមដល់ ២១,៨០០ម៉ែត្រការ៉េ ស្មើនឹង២៦.១ភាគរយ ក្នុងចំណោមកផ្សារទាំងអស់ និងប្រមាណ ៦.០៩ ភាគរយ ទៅនឹងការផ្គត់ផ្គង់ផ្សារទំនើបនៅក្នុងត្រីមាសទី៣ឆ្នាំមុន ខណៈសកម្មភាពសេដ្ឋកិច្ច សង្គម ការវិនិយោគលើវិស័យអចលនទ្រព្យ ចាប់ផ្តើមមានសញ្ញាល្អប្រសើរបណ្តើរៗនៅដើមឆ្នាំ២០២១នេះ៕