ដោយគង់ សូរិយា
ភ្នំពេញៈ វិនិយោគិនអន្តរជាតិ ដែលបានវិនិយោគគម្រោងដ៏ធំនៅកម្ពុជាបានថ្លែងថា កម្ពុជាជាប្រទេសមានសក្តានុពលវិនិយោគខ្ពស់បំផុត ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់។
សរសេរលើផេករបស់ខ្លួនជាផ្លូវការ លោកស្រី Catherine Chan ម្ចាស់គំរោងខុនដូ Urban Village នៅទីក្រុងភ្នំពេញ បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនកាលពីដើមសប្តាហ៍នេះថា លោកស្រីរីករាយដែលត្រូវបានអញ្ជើញ ក្នុងនាមជាតំណាងនៃវិស័យអភិវឌ្ឍអចលនទ្រព្យតែម្នាក់គត់ សម្រាប់កិច្ចពិភាក្សានេះ ដែលរៀបចំដោយសភាពាណិជ្ជកម្មទីក្រុងហុងកុង។
លោកស្រីបន្តថា “ឈរនៅក្បែរខ្ញុំនេះ គឺជាតំណាងកុងស៊ុលកម្ពុជានៅទីក្រុងហុងកុង។ ប្រទេសកម្ពុជាបានរក្សាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ប្រកបដោយស្ថេរភាពជាមធ្យម៧ភាគរយក្នុងរយៈពេលជាច្រើនឆ្នាំមកហើយ” ។ លោកស្រីបន្ថែមថា “កម្ពុជា ជាប្រទេសដែលមានសក្តានុពលវិនិយោគខ្ពស់បំផុតនៅក្នុងតំបន់” ។
អ្នកជំនាញអន្តរជាតិបានសិក្សារកឃើញផងដែរថា ការវិនិយោគអចលនទ្រព្យនៅកម្ពុជា ទទួលបានផលចំណេញខ្ពស់ពីការវិនិយោគ ដោយអត្រាចំណេញប្រចាំឆ្នាំមានចន្លោះពី៧ទៅ៨ភាគរយ ខណៈប្រទេសក្នុងតំបន់ទទួលបានផលចំណេញ ពីការវិនិយោគត្រឹមរង្វង់៤ភាគរយប៉ុណ្ណោះ។
លោកស្រីអាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodiaបានថ្លែងថា ពិតហើយកម្ពុជាត្រូវបានគេមើលឃើញពីឳកាសវិនិយោគ ដែលមានផលចំណេញខ្ពស់ពីការវិនិយោគ ដោយសារកត្តាជាច្រើន ដូចជា កម្ពុជាជាទីផ្សារថ្មីទើបមានភាពរីកចម្រើន កត្តារីកចម្រើនសេដ្ឋកិច្ច ស្ថេរភាពសង្គម និងច្បាប់វិនិយោគដ៏ទាក់ទាញរបស់កម្ពុជា ដែលធ្វើឲ្យប្រទេសនេះ ទាក់ទាញការវិនិយោគពីបរទេសកើនឡើង ជាបន្តបន្ទាប់។
លោកស្រីបន្តថា “ទោះជារងវិបត្តិសេដ្ឋកិច្ចសកល បណ្តាលមកពីជំងឺកូវីដ១៩ ក៏វិស័យអចលនទ្រព្យនៅកម្ពុជា មិនរងផលប៉ះពាល់ខ្លាំង ដូចបណ្តាប្រទេសមួយចំនួនក្នុងតំបន់នោះទេ” ។ លោកស្រីបន្ថែមថា “កម្ពុជា ក៏នឹងមានឳកាសងើបឡើងលឿនជាងប្រទេសមួយចំនួនផងដែរ ដោយសាររដ្ឋាភិបាលបានគ្រប់គ្រងជំងឺកូវីដ១៩ និងការដាក់ចេញវិធានការណ៍សង្គ្រោះសេដ្ឋកិច្ចបានល្អ” ៕