វិនិយោគិន​អន្តរជាតិ៖ កម្ពុជា​ជា​ប្រទេស​មាន​សក្តានុពល​វិនិយោគ​ខ្ពស់បំផុត​នៅក្នុង​តំបន់

0

ដោយ​គង់ សូរិយា

ភ្នំពេញៈ វិនិយោគិន​អន្តរជាតិ ដែល​បាន​វិនិយោគ​គម្រោង​ដ៏​ធំ​នៅ​កម្ពុជា​បាន​ថ្លែងថា កម្ពុជា​ជា​ប្រទេស​មាន​សក្តានុពល​វិនិយោគ​ខ្ពស់បំផុត ក្នុងចំណោម​បណ្តា​ប្រទេស​ក្នុង​តំបន់។

សរសេរ​លើ​ផេ​ក​របស់ខ្លួន​ជា​ផ្លូវការ លោកស្រី Catherine Chan ម្ចាស់​គំរោង​ខុន​ដូ Urban Village នៅ​ទីក្រុង​ភ្នំពេញ បាន​សរសេរ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់ខ្លួន​កាលពីដើម​សប្តាហ៍​នេះ​ថា លោកស្រី​រីករាយ​ដែល​ត្រូវបាន​អញ្ជើញ ក្នុងនាម​ជា​តំណាង​នៃ​វិស័យ​អភិវឌ្ឍ​អចលនទ្រព្យ​តែ​ម្នាក់​គត់ សម្រាប់​កិច្ចពិភាក្សា​នេះ ដែល​រៀបចំ​ដោយ​សភាពាណិជ្ជកម្ម​ទីក្រុង​ហុងកុង។

លោកស្រី​បន្តថា “ឈរ​នៅក្បែរ​ខ្ញុំ​នេះ គឺជា​តំណាង​កុងស៊ុល​កម្ពុជា​នៅ​ទីក្រុង​ហុងកុង។ ប្រទេស​កម្ពុជា​បាន​រក្សា​កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ ប្រកបដោយ​ស្ថេរភាព​ជា​មធ្យម៧ភាគរយ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ” ។ លោកស្រី​បន្ថែមថា “កម្ពុជា ជា​ប្រទេស​ដែលមាន​សក្តានុពល​វិនិយោគ​ខ្ពស់បំផុត​នៅក្នុង​តំបន់” ។

អ្នកជំនាញ​អន្តរជាតិ​បាន​សិក្សា​រកឃើញ​ផងដែរ​ថា ការវិនិយោគ​អចលនទ្រព្យ​នៅ​កម្ពុជា ទទួលបាន​ផលចំណេញ​ខ្ពស់​ពី​ការវិនិយោគ ដោយ​អត្រា​ចំណេញ​ប្រចាំ​ឆ្នាំមាន​ចន្លោះ​ពី៧ទៅ៨ភាគរយ ខណៈ​ប្រទេស​ក្នុង​តំបន់​ទទួលបាន​ផលចំណេញ ពី​ការវិនិយោគ​ត្រឹម​រង្វង់៤ភាគរយ​ប៉ុណ្ណោះ។

លោកស្រី​អាន សុធី​តា នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodiaបាន​ថ្លែងថា ពិត​ហើយ​កម្ពុជា​ត្រូវបាន​គេ​មើលឃើញ​ពី​ឳ​កាស​វិនិយោគ ដែលមាន​ផលចំណេញ​ខ្ពស់​ពី​ការវិនិយោគ ដោយសារ​កត្តា​ជាច្រើន ដូចជា កម្ពុជា​ជាទី​ផ្សារ​ថ្មី​ទើប​មាន​ភាព​រីកចម្រើន កត្តា​រីកចម្រើន​សេដ្ឋកិច្ច ស្ថេរភាព​សង្គម និង​ច្បាប់​វិនិយោគ​ដ៏​ទាក់ទាញ​របស់​កម្ពុជា ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ ទាក់ទាញ​ការវិនិយោគ​ពី​បរទេស​កើនឡើង ជា​បន្តបន្ទាប់។

លោកស្រី​បន្តថា “ទោះជា​រង​វិបត្តិ​សេដ្ឋកិច្ច​សកល បណ្តាលមកពី​ជំងឺ​កូ​វីដ១៩ ក៏​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា មិន​រង​ផលប៉ះពាល់​ខ្លាំង ដូច​បណ្តា​ប្រទេស​មួយចំនួន​ក្នុង​តំបន់​នោះទេ” ។ លោកស្រី​បន្ថែមថា “កម្ពុជា ក៏​នឹងមាន​ឳ​កាស​ងើបឡើង​លឿន​ជាង​ប្រទេស​មួយចំនួន​ផងដែរ ដោយសារ​រដ្ឋាភិបាល​បាន​គ្រប់គ្រង​ជំងឺ​កូ​វីដ១៩ និង​ការដាក់ចេញ​វិធានការណ៍​សង្គ្រោះ​សេដ្ឋកិច្ច​បានល្អ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here