អ្នកជំនាញ ក្រើនរំលឹក​កុំឱ្យ​ទិញ​អចលនវត្ថុ​ទាំងឡាយណា​ដែល​លើសពីសមត្ថភាព​របស់ខ្លួន

0
លោកឡុង គឹមសួគ៌ អគ្គនាយកក្រុមហ៊ុន Century 21 Advance

ដោយៈ​រ៉ា​ណេ​ត

ភ្នំពេញៈ អ្នកជំនាញ​នៅក្នុង​វិស័យ​មួយ​នេះ​បាន​ណែនាំ​ថា ការវិនិយោគ​នៅក្នុង​វិស័យ​អចលនទ្រព្យ មានឱកាស​ទទួលបាន​ចំណេញ​ច្រើន ប៉ុន្តែ​មុនពេល​ទិញ​អចលនវត្ថុ​ណាមួយ​គ​ម្បី​ពិនិត្យ​ទៅលើ​ចរន្ត​សាច់ប្រាក់ ឬ​លទ្ធភាព​របស់ខ្លួន ជៀសវាង​ទិញ​លើសពី​សមត្ថភាព ឬ​ខ្ចី​ពី​ធនាគារ​ទិញ ដែល​អាច​បង្កឱ្យមាន​ហានិភ័យ​ខ្ពស់​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ។

លោក​ឡុង គឹមសួគ៌ អគ្គនាយក​ក្រុមហ៊ុន Century 21 Advance  បានឱ្យដឹងថា ការទិញ​អចលនវត្ថុ ដោយ​មិន​បានដឹង​ពី​គោលបំណង​ច្បាស់លាស់ ដោយ​ចេះតែ​ទិញ​តាម​គ្នា និង​តាម​ការអូសទាញ​ពី​ឈ្មួញ​ជាដើម ដែល​លើសពី​លទ្ធភាព​របស់ខ្លួន អាច​បង្កឱ្យមាន​ហានិភ័យ​ខ្ពស់​ចំពោះ​ជីវភាព​ប្រចាំថ្ងៃ​ផងដែរ។

លោក​បន្តថា “បើ​ការទិញ​អចលនវត្ថុ សម្រាប់​វិនិយោគ​បន្ត​យក​ផលចំណេញ គួរ​ទិញ​តំបន់​ណា ដែលមាន​ការអភិវឌ្ឍ​ន៍ និង​ចាប់ផ្តើម​អភិវឌ្ឍ ទើប​ទទួលបាន​ចំណេញ​ខ្ពស់ ហើយ​បើ​ទិញ​នៅ​តំបន់​ឆ្ងាយ ឬ​តំបន់​ដែល​មិនមាន​គម្រោង​អភិវឌ្ឍ​ច្បាស់លាស់” ។ លោក​បន្តថា “ការវិនិយោគ​បែបនេះ វា​នឹង​ចំណាយពេល​យូរ​ដែល​នឹង​ធ្វើឱ្យ​កប់ដើម និង​ប្រឈម​នឹង​ការទទួលបាន​ចំណូល​ទាប” ។

ដោយឡែក​សម្រាប់​អ្នកមាន​ធនធាន​គ្រប់គ្រាន់ មិនជា​បញ្ហា​នោះទេ ប៉ុន្តែ​បើ​អ្នក​មិនមាន​ធនធាន​គ្រប់គ្រាន់ ឬ​ខ្ចីបុល​ធនាគារ​បន្ថែម​សម្រាប់​ទិញ​ទុក​វិនិយោគ ទើប​ប្រឈម​នឹង បញ្ហា​ធំ។

លោក​ឡុង គឹមសួគ៌​បាន​បន្ថែមថា “ចំណុច​មួយទៀត​ដែល​សំខាន់ អ្នកវិនិយោគ​មុននឹង​ស​ម្រេ​ចិត្ត​ទិញ​អចលនវត្ថុ​ណាមួយ​ទុក​វិនិយោគ​បន្ត គួរ​គិតពី​ចំណូល​ប្រចាំខែ​របស់ខ្លួន​ឱ្យបាន​ច្បាស់លាស់​សិន  តើ​ចំណូល​របស់ខ្លួន​មាន​ភាពរឹងមាំ​ដែរ ឬទេ អ្នកខ្លះ​មាន​ចំណូល​មិន​រឹងមាំ​ទេ ពោលគឺ​បាន​មួយឆាវៗ ហើយ​វា​បាត់បង់​ទៅវិញ” ។

លោក​ពន្យល់ថា កុំ​ទិញ​អចលនទ្រព្យ​ដែល​លើសពី​សមត្ថភាព​ខ្លួន (អ្នកខ្លះ​ប្រាក់ខែ៥០០ ដុល្លារ តែ​ទិញ អស់ ៤០០ ដុល្លារ សល់​តែ ១០០ដុល្លារ) នេះ គឺមាន​ហានិភ័យ​ខ្ពស់​ចំពោះ​ការចំណាយ​លើ​ជីវភាព​ប្រចាំថ្ងៃ ដោយ​ក្នុងការ​វិយោគ​លើ​វិស័យ​អចលនទ្រព្យ​ចំពោះ​អ្នក​ដែលមាន​ធនធាន​តិចតួច គួរ​ទិញ​អចលនទ្រព្យ​ក្នុងតម្លៃ៥០ ភាគរយ​នៃ​ចំណូល​របស់ខ្លួន ទើប​មិនមាន​ហានិភ័យ​ដល់​ជីវភាព​ប្រចាំថ្ងៃ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here