ដោយៈរ៉ាណេត
ភ្នំពេញៈ អ្នកជំនាញនៅក្នុងវិស័យមួយនេះបានណែនាំថា ការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ មានឱកាសទទួលបានចំណេញច្រើន ប៉ុន្តែមុនពេលទិញអចលនវត្ថុណាមួយគម្បីពិនិត្យទៅលើចរន្តសាច់ប្រាក់ ឬលទ្ធភាពរបស់ខ្លួន ជៀសវាងទិញលើសពីសមត្ថភាព ឬខ្ចីពីធនាគារទិញ ដែលអាចបង្កឱ្យមានហានិភ័យខ្ពស់សម្រាប់ជីវភាពប្រចាំថ្ងៃ។
លោកឡុង គឹមសួគ៌ អគ្គនាយកក្រុមហ៊ុន Century 21 Advance បានឱ្យដឹងថា ការទិញអចលនវត្ថុ ដោយមិនបានដឹងពីគោលបំណងច្បាស់លាស់ ដោយចេះតែទិញតាមគ្នា និងតាមការអូសទាញពីឈ្មួញជាដើម ដែលលើសពីលទ្ធភាពរបស់ខ្លួន អាចបង្កឱ្យមានហានិភ័យខ្ពស់ចំពោះជីវភាពប្រចាំថ្ងៃផងដែរ។
លោកបន្តថា “បើការទិញអចលនវត្ថុ សម្រាប់វិនិយោគបន្តយកផលចំណេញ គួរទិញតំបន់ណា ដែលមានការអភិវឌ្ឍន៍ និងចាប់ផ្តើមអភិវឌ្ឍ ទើបទទួលបានចំណេញខ្ពស់ ហើយបើទិញនៅតំបន់ឆ្ងាយ ឬតំបន់ដែលមិនមានគម្រោងអភិវឌ្ឍច្បាស់លាស់” ។ លោកបន្តថា “ការវិនិយោគបែបនេះ វានឹងចំណាយពេលយូរដែលនឹងធ្វើឱ្យកប់ដើម និងប្រឈមនឹងការទទួលបានចំណូលទាប” ។
ដោយឡែកសម្រាប់អ្នកមានធនធានគ្រប់គ្រាន់ មិនជាបញ្ហានោះទេ ប៉ុន្តែបើអ្នកមិនមានធនធានគ្រប់គ្រាន់ ឬខ្ចីបុលធនាគារបន្ថែមសម្រាប់ទិញទុកវិនិយោគ ទើបប្រឈមនឹង បញ្ហាធំ។
លោកឡុង គឹមសួគ៌បានបន្ថែមថា “ចំណុចមួយទៀតដែលសំខាន់ អ្នកវិនិយោគមុននឹងសម្រេចិត្តទិញអចលនវត្ថុណាមួយទុកវិនិយោគបន្ត គួរគិតពីចំណូលប្រចាំខែរបស់ខ្លួនឱ្យបានច្បាស់លាស់សិន តើចំណូលរបស់ខ្លួនមានភាពរឹងមាំដែរ ឬទេ អ្នកខ្លះមានចំណូលមិនរឹងមាំទេ ពោលគឺបានមួយឆាវៗ ហើយវាបាត់បង់ទៅវិញ” ។
លោកពន្យល់ថា កុំទិញអចលនទ្រព្យដែលលើសពីសមត្ថភាពខ្លួន (អ្នកខ្លះប្រាក់ខែ៥០០ ដុល្លារ តែទិញ អស់ ៤០០ ដុល្លារ សល់តែ ១០០ដុល្លារ) នេះ គឺមានហានិភ័យខ្ពស់ចំពោះការចំណាយលើជីវភាពប្រចាំថ្ងៃ ដោយក្នុងការវិយោគលើវិស័យអចលនទ្រព្យចំពោះអ្នកដែលមានធនធានតិចតួច គួរទិញអចលនទ្រព្យក្នុងតម្លៃ៥០ ភាគរយនៃចំណូលរបស់ខ្លួន ទើបមិនមានហានិភ័យដល់ជីវភាពប្រចាំថ្ងៃ” ៕