អភិបាល​រាជធានី​ភ្នំពេញ​ជំរុញ​ឱ្យ​វិស័យ​ឯកជន​អភិវឌ្ឍន៍​សំណង់​ប្រកបដោយ​គុណភាព

0

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ បើទោះជា​ពិភពលោក​កំពុង​ប្រឈម​នឹង​បញ្ហា​ជំងឺឆ្លង ដែល​ប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ច​យ៉ាងណា សម្រាប់​ការអភិវឌ្ឍន៍​វិស័យ​សំណង់​ក្រោម​ការវិនិយោគ​ពី​វិស័យ​ឯកជន​នៅ​កម្ពុជា​នៅតែ​បន្តសកម្មភាព ជាពិសេស​ការអភិវឌ្ឍ​ន៍​វិស័យ​លំនៅដ្ឋាន។

ជាមួយនឹង​សកម្មភាព​អភិវឌ្ឍន៍​វិស័យ​លំនៅដ្ឋាន​យ៉ាង​ផុសផុល​ពី​សំណាក់​វិស័យ​ឯកជន លោក ស៊ុយ សេ​រិ​ទ្ធ អភិបាលរង​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​កាលពីពេលថ្មីៗនេះ​ថា គ្រប់ការ​អភិវឌ្ឍ និង​សាងសង់​សំណង់​នៅ​រាជធានី​ភ្នំពេញ ក៏ដូចជា​នៅតាម​តំបន់ផ្សេងៗសុទ្ធតែជា​ការចូលរួម​ចំណែក​ក្នុងការ​អភិវឌ្ឍ និង​ពង្រឹង​កំណើន​សេដ្ឋកិច្ចជាតិ​យ៉ាងសំខាន់។

លោក​បាន​បញ្ជាក់ថា “ការអភិវឌ្ឍ​នូវ​គម្រោង​សាងសង់​សំណង់​នានា បាន​ឆ្លុះ​បង្ហាញ​ពី​ភាពជោគជ័យ​ថ្មី​នៃ​ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ខិតខំ​ទាក់ទាញ​ការវិនិយោគ​ទាំង​ក្នុង និង​ក្រៅប្រទេស ជាពិសេស ការខិតខំ​បង្កើន​នូវ​ទំនុកចិត្ត និង​ជំនឿ​ជឿជាក់​ជូន​ដល់​វិនិយោគិន ធុរជន ក្នុង​វិស័យ​អចលនទ្រព្យ​ដែល​កំពុង​បោះជំហាន​ទៅមុខ​យ៉ាង​លឿន​ស្របទៅនឹង​កំណើន​នៃ​ចំណូល​ប្រចាំខែ​របស់​ពលរដ្ឋម្នាក់ៗ សំដៅ​រួមចំណែក​ជំរុញឱ្យមាន​កំណើនសេដ្ឋកិច្ច​ជាតិ និង​ការអភិវឌ្ឍ​ឱ្យ​កាន់​តែមាន​ភាព​ស៊ី​វិ​ល័យ” ។

លោក​បាន​លើកឡើងថា ចំពោះ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា រាជរដ្ឋាភិបាល បាន និង​កំពុង​យកចិត្តទុកដាក់​ក្នុងការ​អភិវឌ្ឍ​ផ្នែក​ទន់ ដើម្បី​គាំទ្រ​ដល់​ដំណើរការ​នៃ​ការអភិវឌ្ឍ​ផ្នែក​រឹង​ដែល​ត្រូវ​នាំមុខ​ដោយ​វិស័យ​ឯកជន តាមរយៈ​ការកសាង​នូវ​លិខិតបទដ្ឋាន​គតិ​យុត្តសំខាន់ៗបម្រើ​ដល់​វិស័យ​មួយ​នេះ ដូចជា​ច្បាប់​សំណង់ ការគ្រប់គ្រង​បុរី ការផ្តល់​វិញ្ញាបនបត្រ​វិជ្ជាជីវៈ អាជ្ញា​បណ្ណ​ផ្នែក​សេវា​វាយតម្លៃ និង​សេវាកម្ម​អចលនវត្ថុ រួម​ជាមួយនឹង​សេចក្ដីប្រកាស​ស្ដីពី​ការគ្រប់គ្រង​អាជីវកម្ម​អភិវឌ្ឍ​អចលនវត្ថុ​ជាដើម។

លោក​អភិបាល​បាន​បញ្ជាក់ថា “សម្រាប់​វិស័យ​ឯកជន​ដែលជា​ម្ចាស់​គម្រោង​សាងសង់​សំណង់​នានា ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​ផងដែរ សូម​មេត្តាជួយ​ថែរក្សា និង​ប្រើប្រាស់​ឱ្យចំ​ទិសដៅ​នូវ​រាល់​សមិទ្ធផល​ទាំងឡាយ​របស់​រដ្ឋ ដើម្បី​ជា​ប្រយោជន៍​រួម​ក្នុង​គម្រោង​អភិវឌ្ឍន៍​របស់ខ្លួន​ផង និង​ដើម្បី​ចូលរួម​ការពារ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​សម្រាប់​ជា​មរតក​ដល់​មនុស្ស​ជំនាន់​ក្រោយ” ។

រាជធានី​ភ្នំពេញ​នាពេល​បច្ចុប្បន្ន បាន និង​កំពុង​ជំរុញ​ការអភិវឌ្ឍ​ដោយ​ផ្តោត​យ៉ាងសំខាន់​ទៅលើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដូចជា​ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធ​ប្រឡាយ បណ្តាញ​ទឹកស្អាត បណ្តាញ​អគ្គិសនី បណ្តា​ទូរគមនាគមន៍ ការកែលម្អ​សួនច្បារ​សាធារណៈ ផ្លូវ​ក្រោម​ដី ស្ពាន​អាកាស ដែល​សមិទ្ធផល​ទាំងអស់នេះ​បាន​ក្លាយជា​ធាតុ​យ៉ាងសំខាន់​ដើម្បី​បង្កើន​ទំនុកចិត្ត​ដល់​វិនិយោគិន​ទាំង​ក្នុង និង​ក្រៅប្រទេស​ឱ្យ​ចូលមក​បណ្តាក់​ទុនវិនិយោគ និង​ធ្វើ​អាជីវកម្ម​នៅក្នុង​រាជធានី​ភ្នំពេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here