ក្រុមហ៊ុន​ចិនធំៗចំនួន​ពីរ​ប្រកាស​បោះទុន​រួមគ្នា​វិនិយោគ​លើ​គម្រោង​ផ្ទះ​វីឡាទំនើប​នៅ​កម្ពុជា

0

ដោយៈ លក្ខិណា

ភ្នំពេញៈ ក្រុមហ៊ុន​វិនិយោគទុន​មកពី​ប្រទេស​ចិន​ចំនួន​ពីរ បានរួម​គ្នា​បង្កើត​គម្រោង​អភិវឌ្ឍន៍​វីឡា​មួយ នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ផ្គត់ផ្គង់​ទៅលើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា ខណៈ​ជំនាញ​លើកឡើងថា ការផ្គត់ផ្គង់​លំនៅឋាន​ក្នុងប្រទេស​កម្ពុជា មិនទាន់​ឆ្លើយតប​នឹង​តម្រូវការ​នៅឡើយ។

យោងតាម​សេចក្តីប្រកាស​ព៌​ត​មាន របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ទាំងពីរ​នេះ​បានឱ្យដឹងថា ការបង្កើត​ផ្ទះ​វីឡា រួមគ្នា រវាង​ក្រុមហ៊ុន​ Morgan Group និង​ក្រុមហ៊ុន Javan Group និង​ការបង្កើត​គម្រោង​នេះ​ឡើង ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​នេះ គឺ​ដើម្បី​សម្រេច​នូវ​ក្ដី​ប្រាថ្នា​របស់​មនុស្ស​គ្រប់រូប ទាំង​ប្រជាជន​កម្ពុជា និង​ប្រជា​ជនបរទេស​រស់នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ។

សេចក្តីប្រកាស​ដដែល​នេះ​បានឱ្យដឹងថា គម្រោង​ដែល​នឹង​បង្កើត​នៅក្នុង​ប្រទេស​កម្ពុជា​នេះ​មាន​ឈ្មោះថា Morgan Park Villa ស្ថិតនៅ​ប៉ែក​ខាងកើត នៃ​រាជធានី​ភ្នំពេញ និង​ស្ថិតនៅ​តំបន់​មាត់ទឹក នៃ​ដង​ទន្លេមេគង្គ​ដែលជា​តំបន់​ពេញនិយម សម្រាប់​អភិវឌ្ឍន៍​លំនៅឋាន​ទំនើប។

លោក Ding JoungJun អគ្គនាយក​ក្រុមហ៊ុន​ Morgan Group បាន​លើកឡើងថា ទោះ​ស្ថិតនៅក្នុង​ស្ថានភាព​នៃ​វិបត្តិ​កូ​វីដ១៩ និង​ធ្វើឱ្យ​សេដ្ឋកិច្ច​រង្គោះរង្គើ​ក្ដី តែ​សម្រាប់​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​មួយ​នេះ នៅតែ​បន្ត​អភិវឌ្ឍន៍​គម្រោង ដែល​នៅ​សេសសល់ និង​បង្កើត​គម្រោងថ្មីៗបន្តបន្ទាប់​ទៀត ដើម្បី​ផ្ដល់ជូន​នូវ​អតិថិជន ប្រជាពលរដ្ឋ​កម្ពុជា និង​ប្រជាជន​សាសន៍​ដទៃទៀត ដែល​ចូលមក​រស់នៅ និង​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា។

លោក​បាន​ថ្លែងបន្តថា ជាក់​សម្ដែង​គម្រោង​ Morgan មួយ​ស្ថិតនៅ​ទីក្រុង​រណប​កោះ​ពេជ្រ បានបញ្ចប់​ការសាងសង់ និង​បន្ត​អភិវឌ្ឍន៍​គម្រោង​ Morgan នៅ​តំបន់​ជ្រោយចង្វារ​នេះ ដើម្បី​បញ្ចប់​ទៅតាម​គម្រោង​ដែល​បាន​សន្យា ជាមួយ​អតិថិជន​កាលពី​ដើមឡើយ។

លោក​នៅតែមាន​សុទិដ្ឋិនិយម​ខ្ពស់ ចំពោះ​ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ដោយសារតែ​រដ្ឋាភិបាល​បាន​គ្រប់គ្រង​បានល្អ​នូវ​ការ​រាតត្បាត​ជំងឺ​កូ​វីដ១៩ ដែល​ធ្វើអោយ​វិនិយោគិន​ដទៃ នៅតែ​បន្ត​ដាក់ទុន និង​ត្រៀម​ដាក់ទុន​នៅក្នុង​ឆ្នាំ២០២១នេះ​បន្តទៀត។

លោក​បន្ថែមថា ក្រុមហ៊ុន MORGAN គ្រុប ជា​ក្រុមហ៊ុន​កម្រិត​អន្តរជាតិ ដែលមាន​បទពិសោធន៍​ដប់​បី​ឆ្នាំ​ក្នុង​វិស័យ​មួយ​នេះ គោរព​លើ​គំនិត​អភិវឌ្ឍន៍ ការបង្កើត​ថ្មី​សម្រាប់​ជីវភាព​រស់នៅ​ឥត​ដែន​កំណត់ បាន​អភិវឌ្ឍន៍​លើ​វិស័យ​អចលនទ្រព្យ ក្នុងប្រទេស​កម្ពុជា អស់​រយៈពេល​យូរ​មកហើយ បាន​ចូលរួម​បង្កើត​គម្រោង​កម្រិត​ទីតាំង​គំរូ​ជាច្រើន ដែលមាន​ឈ្មោះ​បោះ​សម្លេង និង​មាន​ឥទ្ធិពល​ខ្លាំង​ក្នុងប្រទេស​កម្ពុជា មានដូចជា MORGAN Tower, MORGAN EnMaison, MORGAN New City Walk និង​សំណង់​ទីតាំង​គំរូ​ក្នុង​រាជធានី​ផ្សេងទៀត ដែល​ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​លើ​ពិភពលោក។

លោក​ច្រឹ​ក សុខ​នី​ម​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បានឱ្យដឹងថា តំបន់​ប៉ែក​ខាងកើត​រាជធានី​ភ្នំពេញ ត្រូវបាន​គេ​មើលឃើញថា មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​វិនិយោគិន​ក្នុង និង​ក្រៅប្រទេស ជាពិសេស​ទៅលើ​អភិវឌ្ឍន៍​លំនៅដ្ឋាន​ទំនើប ដូចជា​ខុន​ដូ និង​បុរី​លំនៅដ្ឋាន ដែលមាន​ដូចជា​វីឡា​និង​ផ្ទះល្វែង​ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here