ដោយៈ លក្ខិណា
ភ្នំពេញៈ ក្រុមហ៊ុនវិនិយោគទុនមកពីប្រទេសចិនចំនួនពីរ បានរួមគ្នាបង្កើតគម្រោងអភិវឌ្ឍន៍វីឡាមួយ នៅក្នុងប្រទេសកម្ពុជា ដើម្បីផ្គត់ផ្គង់ទៅលើទីផ្សារក្នុងប្រទេសកម្ពុជា ខណៈជំនាញលើកឡើងថា ការផ្គត់ផ្គង់លំនៅឋានក្នុងប្រទេសកម្ពុជា មិនទាន់ឆ្លើយតបនឹងតម្រូវការនៅឡើយ។
យោងតាមសេចក្តីប្រកាសព៌តមាន របស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យទាំងពីរនេះបានឱ្យដឹងថា ការបង្កើតផ្ទះវីឡា រួមគ្នា រវាងក្រុមហ៊ុន Morgan Group និងក្រុមហ៊ុន Javan Group និងការបង្កើតគម្រោងនេះឡើង ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ គឺដើម្បីសម្រេចនូវក្ដីប្រាថ្នារបស់មនុស្សគ្រប់រូប ទាំងប្រជាជនកម្ពុជា និងប្រជាជនបរទេសរស់នៅក្នុងប្រទេសកម្ពុជាផងដែរ។
សេចក្តីប្រកាសដដែលនេះបានឱ្យដឹងថា គម្រោងដែលនឹងបង្កើតនៅក្នុងប្រទេសកម្ពុជានេះមានឈ្មោះថា Morgan Park Villa ស្ថិតនៅប៉ែកខាងកើត នៃរាជធានីភ្នំពេញ និងស្ថិតនៅតំបន់មាត់ទឹក នៃដងទន្លេមេគង្គដែលជាតំបន់ពេញនិយម សម្រាប់អភិវឌ្ឍន៍លំនៅឋានទំនើប។
លោក Ding JoungJun អគ្គនាយកក្រុមហ៊ុន Morgan Group បានលើកឡើងថា ទោះស្ថិតនៅក្នុងស្ថានភាពនៃវិបត្តិកូវីដ១៩ និងធ្វើឱ្យសេដ្ឋកិច្ចរង្គោះរង្គើក្ដី តែសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយនេះ នៅតែបន្តអភិវឌ្ឍន៍គម្រោង ដែលនៅសេសសល់ និងបង្កើតគម្រោងថ្មីៗបន្តបន្ទាប់ទៀត ដើម្បីផ្ដល់ជូននូវអតិថិជន ប្រជាពលរដ្ឋកម្ពុជា និងប្រជាជនសាសន៍ដទៃទៀត ដែលចូលមករស់នៅ និងវិនិយោគនៅក្នុងប្រទេសកម្ពុជា។
លោកបានថ្លែងបន្តថា ជាក់សម្ដែងគម្រោង Morgan មួយស្ថិតនៅទីក្រុងរណបកោះពេជ្រ បានបញ្ចប់ការសាងសង់ និងបន្តអភិវឌ្ឍន៍គម្រោង Morgan នៅតំបន់ជ្រោយចង្វារនេះ ដើម្បីបញ្ចប់ទៅតាមគម្រោងដែលបានសន្យា ជាមួយអតិថិជនកាលពីដើមឡើយ។
លោកនៅតែមានសុទិដ្ឋិនិយមខ្ពស់ ចំពោះការវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយសារតែរដ្ឋាភិបាលបានគ្រប់គ្រងបានល្អនូវការរាតត្បាតជំងឺកូវីដ១៩ ដែលធ្វើអោយវិនិយោគិនដទៃ នៅតែបន្តដាក់ទុន និងត្រៀមដាក់ទុននៅក្នុងឆ្នាំ២០២១នេះបន្តទៀត។
លោកបន្ថែមថា ក្រុមហ៊ុន MORGAN គ្រុប ជាក្រុមហ៊ុនកម្រិតអន្តរជាតិ ដែលមានបទពិសោធន៍ដប់បីឆ្នាំក្នុងវិស័យមួយនេះ គោរពលើគំនិតអភិវឌ្ឍន៍ ការបង្កើតថ្មីសម្រាប់ជីវភាពរស់នៅឥតដែនកំណត់ បានអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យ ក្នុងប្រទេសកម្ពុជា អស់រយៈពេលយូរមកហើយ បានចូលរួមបង្កើតគម្រោងកម្រិតទីតាំងគំរូជាច្រើន ដែលមានឈ្មោះបោះសម្លេង និងមានឥទ្ធិពលខ្លាំងក្នុងប្រទេសកម្ពុជា មានដូចជា MORGAN Tower, MORGAN EnMaison, MORGAN New City Walk និងសំណង់ទីតាំងគំរូក្នុងរាជធានីផ្សេងទៀត ដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹងលើពិភពលោក។
លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងថា តំបន់ប៉ែកខាងកើតរាជធានីភ្នំពេញ ត្រូវបានគេមើលឃើញថា មានការចាប់អារម្មណ៍ខ្លាំងពីសំណាក់វិនិយោគិនក្នុង និងក្រៅប្រទេស ជាពិសេសទៅលើអភិវឌ្ឍន៍លំនៅដ្ឋានទំនើប ដូចជាខុនដូ និងបុរីលំនៅដ្ឋាន ដែលមានដូចជាវីឡានិងផ្ទះល្វែងជាដើម៕