ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ មិនថាស្ថិតនៅក្នុងបរិបថនាពេលបច្ចុប្បន្ន ឬបន្តក្នុងរយៈពេល ១០ឆ្នាំទៅមុខទៀត ទីផ្សារលំនៅឋានប្រណីតដែលមានតម្លៃក្រោម ៣០ម៉ឺនដុល្លារស្ថិតនៅក្នុងតំបន់ទីប្រជុំជននៅតែមានតម្រូវការ ខណៈដែលចំនួននៃការផ្គត់ផ្គង់នៅមានកម្រិតនៅឡើយ។
លោក ឡុង គីមសួគ៌ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Century 21 Advance បានមានប្រសាសន៍ប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១នេះថា តាមការស្រាវជ្រាវលើតម្លៃលំនៅឋាននៅក្នុងប្រទេសកម្ពុជារបស់ក្រុមហ៊ុនរបស់លោក បានបង្ហាញថា នាពេលបច្ចុប្បន្ន លំនៅឋានដែលមានតម្លៃក្រោម ៣០ម៉ឺនដុល្លារចុះ គឺមានទីផ្សារខ្ពស់ ប៉ុន្តែបើតម្លៃលើសពីនេះ គឺមិនទាន់មាននៅឡើយនោះទេ។
ទោះជាយ៉ាងលោក គីមសួគ៌បញ្ជាក់ថា តម្លៃលំនៅឋាននៅក្នុងទំហំកម្រិតនេះ ក៏មិនទាន់មានសន្ទុះខ្លាំងដូចពីឆ្នាំ២០១៩ នោះដែរ ដោយសារប្រជាពលរដ្ឋកម្ពុជាភាគច្រើនចាយក្នុងកម្រិតត្បិតត្បៀតបំផុត ប៉ុន្តែមិនយូរនោះទេ វានឹងមានសន្ទុះឡើងវិញនៅចុងឆ្នាំ២០២១នេះ ។
លោកឡុង គីមសួគ៌បានបញ្ជាក់ថា “ប្រពលរដ្ឋខ្មែរមួយចំនួនបាននឹងកំពុងជួបប្រឈមទៅនឹងវិបតិ្តបញ្ហាចំណូល និងមិនទាន់រឹងមាំងផ្នែកចំណូល ដូច្នេះហើយបានជាពលរដ្ឋយើងគាត់ទិញទៅតាមកម្រិតចំណូលរបស់ពួកគាត់។
លោកម៉ាន់ ច័ន្ទឌី អគ្គនាយកក្រុមហ៊ុន Premium Group បានឱ្យដឹងថា សកម្មភាពនៃលក់គម្រោងលំនៅឋាននៅតែមានដំណើរការ ហើយវានឹងកាន់តែប្រសើរមួយកម្រិតទៀត បន្ទាប់ពីកម្ពុជាបានចាក់វ៉ាក់សាំងការពារ និងប្រឆាំងនឹងកូវីដ ១៩ ។
លោកបន្ថែមថា “សម្រាប់ទីផ្សារទិញ-លក់ហាក់មានសញ្ញាថមថយបន្តិច ប៉ុន្តែតម្លៃលំនៅឋានវិញ គឺមិនមានការធ្លាក់ចុះនោះទេ ជាពិសេសលំនៅឋានដែលមានតម្លៃសមរម្យចាប់ពី ៥ម៉ឺនដុល្លារ ដល់ ៨ ម៉ឺនដុល្លារអាមេរិក។ ការពង្រីកគម្រោងអភិវឌ្ឍន៍លំនៅឋាន ទាំងតម្លៃសមរម្យ និងកម្រិតខ្ពស់ នឹងនៅតែបន្តពង្រីកទៅតាមជាយក្រុងថែមទៀត ស្របពេលដែលទីក្រុងភ្នំពេញ មានភាពមមាញឹកចរាចរណ៍ និងបរិយាកាសបរិស្ថានមិនសូវមានអំណោយផលផងដែរ” ។
លោកបញ្ជាក់ថា ទោះក្នុងកាលៈទេសៈបែបណា តម្រូវការលំនៅឋាន នៅតែបន្តមានពីសំណាក់ពលរដ្ឋកម្ពុជា ហើយបញ្ហាតម្លៃនឹងកាន់តែបន្តឡើងខ្ពស់ ខណៈដែលអ្នកអភិវឌ្ឍន៍ បាននិងកំពុងបន្តសម្រុកសកម្មភាពអភិវឌ្ឍន៍គម្រោងរបស់ខ្លួនយ៉ាងសកម្មដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែងប្រមាណ ៥ម៉ឺនខ្នងនៅក្នុងមួយឆ្នាំ៕