អ្នកជំនាញ ៖ លំនៅឋាន​តម្លៃ​ក្រោម ៣០ម៉ឺន​ដុល្លារ នៅតែមាន​ទីផ្សារ​ខ្ពស់

0

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ មិន​ថា​ស្ថិតនៅក្នុង​បរិបថ​នាពេល​បច្ចុប្បន្ន ឬ​បន្ត​ក្នុង​រយៈពេល ១០ឆ្នាំ​ទៅមុខទៀត ទីផ្សារ​លំនៅឋាន​ប្រណីត​ដែលមាន​តម្លៃ​ក្រោម ៣០ម៉ឺន​ដុល្លារ​ស្ថិតនៅក្នុង​តំបន់​ទីប្រជុំជន​នៅតែមាន​តម្រូវការ ខណៈដែល​ចំនួន​នៃ​ការផ្គត់ផ្គង់​នៅមានកម្រិត​នៅឡើយ។

លោក ឡុង គីម​សួគ៌ អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ Century 21 Advance  បាន​មានប្រសាសន៍​ប្រាប់ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ​ថា តាម​ការស្រាវជ្រាវ​លើ​តម្លៃ​លំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជា​រប​ស់​ក្រុមហ៊ុន​របស់លោក បាន​បង្ហាញថា នាពេល​បច្ចុប្បន្ន លំនៅឋាន​ដែលមាន​តម្លៃ​ក្រោម ៣០ម៉ឺន​ដុល្លារ​ចុះ គឺមាន​ទីផ្សារ​ខ្ពស់ ប៉ុន្តែ​បើ​តម្លៃលើស​ពីនេះ គឺ​មិនទាន់មាន​នៅឡើយ​នោះទេ។

ទោះជា​យ៉ាង​លោក គីម​សួគ៌​បញ្ជាក់ថា តម្លៃ​លំនៅឋាន​នៅក្នុង​ទំហំ​កម្រិត​នេះ ក៏​មិនទាន់មាន​សន្ទុះ​ខ្លាំង​ដូច​ពី​ឆ្នាំ២០១៩ នោះដែរ  ដោយសារ​ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​ចាយ​ក្នុង​កម្រិត​ត្បិតត្បៀត​បំផុត ប៉ុន្តែ​មិនយូរ​នោះទេ វា​នឹងមាន​សន្ទុះ​ឡើងវិញ​នៅ​ចុងឆ្នាំ២០២១នេះ ។

លោក​ឡុង គីម​សួគ៌​បាន​បញ្ជាក់ថា “ប្រពល​រដ្ឋ​ខ្មែរ​មួយចំនួន​បាន​នឹង​កំពុង​ជួប​ប្រឈម​ទៅនឹង​វិ​ប​តិ្ត​បញ្ហា​ចំណូល និង​មិនទាន់​រឹងមាំ​ង​ផ្នែក​ចំណូល ដូច្នេះហើយ​បានជា​ពលរដ្ឋ​យើង​គាត់​ទិញ​ទៅតាម​កម្រិត​ចំណូល​របស់​ពួកគាត់។

លោក​ម៉ាន់ ច័ន្ទ​ឌី អគ្គនាយក​ក្រុមហ៊ុន Premium Group បានឱ្យដឹងថា សកម្មភាព​នៃ​លក់​គម្រោង​លំនៅឋាន​នៅតែមាន​ដំណើរការ  ហើយ​វា​នឹង​កាន់តែ​ប្រសើរ​មួយកម្រិត​ទៀត បន្ទាប់ពី​កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ការពារ និង​ប្រឆាំងនឹង​កូ​វីដ ១៩  ។

លោក​បន្ថែមថា “សម្រាប់​ទីផ្សារ​ទិញ-លក់​ហាក់​មាន​សញ្ញា​ថមថយ​បន្តិច ប៉ុន្តែ​តម្លៃ​លំនៅឋាន​វិញ គឺ​មិនមាន​ការធ្លាក់ចុះ​នោះទេ ជាពិសេស​លំនៅឋាន​ដែលមាន​តម្លៃ​សមរម្យ​ចាប់ពី ៥ម៉ឺន​ដុល្លារ ដល់ ៨ ម៉ឺន​ដុល្លារ​អាមេរិក។ ការពង្រីក​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន ទាំង​តម្លៃ​សមរម្យ និង​កម្រិត​ខ្ពស់ នឹង​នៅតែ​បន្ត​ពង្រីក​ទៅតាម​ជាយក្រុង​ថែមទៀត ស្រប​ពេលដែល​ទីក្រុង​ភ្នំពេញ មាន​ភាព​មមាញឹក​ចរាច​រណ៍ និង​បរិយាកាស​បរិស្ថាន​មិនសូវមាន​អំណោយផល​ផងដែរ” ។

លោក​បញ្ជាក់ថា ទោះ​ក្នុង​កាលៈទេសៈ​បែបណា តម្រូវការ​លំនៅឋាន នៅតែ​បន្ត​មាន​ពី​សំណាក់​ពលរដ្ឋ​កម្ពុជា ហើយ​បញ្ហា​តម្លៃនឹង​កាន់តែ​បន្ត​ឡើង​ខ្ពស់ ខណៈដែល​អ្នក​អភិវឌ្ឍន៍ បាននិងកំពុង​បន្ត​សម្រុក​សកម្មភាព​អភិវឌ្ឍន៍​គម្រោង​របស់​ខ្លួន​យ៉ាងសកម្ម​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ជាក់ស្ដែង​ប្រមាណ ៥ម៉ឺន​ខ្នង​នៅក្នុង​មួយឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here