ដោយៈ រ៉ាណេត
ភ្នំពេញៈ អ្នកជំនាញបានលើកទឹកចិត្ត ដល់ស្វែងរកទិញ-លក់ក្នុងវិស័យអចលនទ្រព្យគួរជ្រើសរើសយកភ្នាក់ងារក្នុងការចចារ និងរៀបចំឯកបទដ្ឋានគតិយុត្តិ ដើម្បីជៀសវាងហានិភ័យ និងមានសុវត្ថិភាពទាំងគូរភាគី ខណៈការវិនិយោគលើវិស័យនេះ ត្រូវប្រើប្រាស់ធនធានយ៉ាងធំ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម ពន្យល់ថា ភ្នាក់ងារអចលនវត្ថុ គឺជាអ្នកប្រឹក្សាយោបល់ដល់អ្នកលក់ និងអ្នកទិញដើម្បីឱ្យមានយល់ដឹងកាន់តែច្បាស់ពីវិស័យអចលនទ្រព្យ និងដឹកពីព័ត៌មានក្នុងអចលនទ្រព្យព្រមទាំងដឹងពីប្រភពអចលនទ្រព្យ និងប្រភពមូលនិធិ ដែលនឹងយកមកប្រើប្រាស់ក្នុងវិស័យអចលនទ្រព្យ ។
លោកបន្តថា“ភ្នាក់ងារអចលនទ្រព្យមានព័ត៌មានសម្បូរបែប ហើយអាចទទួលយកបានតាមរយៈ ការផ្តល់នូវព័ត៌មាន និងឱកាសវិនិយោគប្រកបដោយចីរភាព” ។ ម្យ៉ាងទៀត ភ្នាក់ងារអចលនទ្រព្យ គឺជាបុគ្គលដែលមានសក្តានុពលក្នុងការចចារ ពីព្រោះពួគេធ្វើការដោយផ្ទាល់ជាមួយនឹងអ្នកលក់ ហើយដឹងពីលក្ខខណ្ឌនៃតម្រូវការ ជាក់ស្តែងនៃអ្នកលក់ ជាការលក់ប្រញាប់ លក់ធម្មតា ឬ លក់ក្នុងកម្រិតក្នុងការទទួលយកប្រាក់ចំណូលខ្ពស់” ។
លោកច្រឹក សុខនីមបានបន្ថែមថា ជាមួយគ្នានេះ ភ្នាក់ងារអចលនវត្ថុជាបុគ្គលកណ្តាល ក្នុងរៀបចំកិច្ចសន្យាទិញ-លក់ និងការធ្វើឱ្យមានស្របច្បាប់ សម្រាប់អ្នកលក់នៅក្នុងដំណើរការនៃទិញ-លក់។ បន្ថែមពីនេះ ភ្នាក់ងារក៏ជាអ្នកធ្វើការយ៉ាងជិតស្និតជាមួយនឹងធនាគារ ដែលអាចជួលសម្រប់សម្រួលដល់អ្នកទិញ ដែលមានបំណងខ្ចីនៅក្នុងលក្ខខណ្ឌណាមួយ។
លោកច្រឹក សុខនីម បានអំពាវនាវ និងលើកទឹកចិត្តដល់អ្នកទិញ-អ្នកលក់អចលនវត្ថុ ប្រើប្រាស់ភ្នាក់ងាររបស់សមាគម ដែលមានជាង១០០ក្រុមហ៊ុន និងភ្នាក់ងារជាង ៣០០០នាក់ ដែលកំពុងបំរើនៅក្នុងទីផ្សារ និងមានវិជ្ជាជីវៈដោយរងចាំជួយសម្របសម្រួល ដើម្បីជៀសផុតពីហានិភ័យដែលកើតឡើងជាយថាហេតុណាមួយ៕