តម្លៃ​ដីធ្លី​នៅតាម​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ កើន​ដល់​ជាង ២០០ដុល្លារ​អាមេរិក​ក្នុង​មួយ​ការ៉េ

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ តម្លៃ​ដីធ្លី​នៅ​តំបន់​តាមផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ ឬ ផ្លូវ៣០ម៉ែត្រ ដែល​កំពុង​ត្រូវបាន​ស្ថាបនា​នា ពេលបច្ចុប្បន្ន​នេះ មានតម្លៃ​ចន្លោះ​ពី២០០ ទៅ ២៥០ ដុល្លារ​អាមេរិក ក្នុង​មួយ​ម៉ែត្រការ៉េ ដែល​កាលពីមុន​ប្រកាស​សាងសង់​ផ្លូវ​នេះ ដី​នៅ​តំបន់​ដដែល​មានតម្លៃ​ប្រមាណ ២០ ទៅ ២៥ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ប៉ុណ្ណោះ។

លោក គា​ម សៀក​ឡុង អគ្គនាយក​ក្រុមហ៊ុន Century21 Dream Property បានឱ្យដឹង​កាលពីពេលថ្មីៗនេះ​ថា តំបន់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ នៅក្នុង​តំបន់​មួយចំនួន​កាលពីមុន​ជា​ប្រ​ភ​ទ​ដីស្រែ ហើយ​ម្លៃ​វិញ​គឺ​មិនសូវ​ថ្លៃ​ប៉ុន្មាន​ទេ ប៉ុន្តែ​ចាប់តាំងពី​មានការ​ស្ថាបនា​ផ្លូវ បានធ្វើឱ្យ​ដី​នៅ​តំបន​នេះ មានតម្លៃ​ចាប់ពី២០០ ទៅ ២៥០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។

លោក​ថ្លែងថា “នៅពេលដែល​មិនទាន់មាន​ផ្លូវ ដី​វា​នៅ​ជា​ដីស្រែ​នៅឡើយ​ទេ  តម្លៃ​ប្រមាណ​តែ២០ ទៅ២៥ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រការ៉េ ប៉ុន្តែ​ពេល​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទៅដល់ ដី​នៅ​ទីនោះ​មានតម្លៃ​បច្ចុប្បន្ន មានតម្លៃ២០០ ទៅ២៥០ ដុល្លារ​អាមេរិក” ។

លោក​សៀក​ឡុង​បន្តថា ការវិនិយោគ​លើ​វិស័យ​ដីធ្លី គឺមាន​ឱកាស​ចំណេញ​ខ្ពស់​បែបនេះ ប៉ុន្តែ​ត្រូវ​វិនិយោគ​នៅ​តំបន់​ណា ដែលមាន​ការអភិវឌ្ឍ​ន៍ ដូចជា​ដី​នៅតាម​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣នេះ​ជាដើម។ លោក​បន្ថែមថា នៅពេល​ទិញ​ទុក​កាន់តែ​យូរ នឹងធ្វើ​ឱ្យ​តម្លៃ​កាន់តែ​មានតម្លៃ​ខ្ពស់ ព្រោះ​យើង​មើលឃើញ​មានការ​អភិវឌ្ឍ​នៅក្នុង​តំបន់​នោះ។

ជាមួយគ្នានេះ លោក ឌឹ​ត ច​ណ្ណា អគ្គនាយក​ក្រុមហ៊ុន ឡាក់​គី រៀល​ធី បានឱ្យដឹង​ដែរ​ដែរ​ថា តម្លៃ​ដី​នៅតាម​បណ្តោយ​ផ​លូវ​ក្រវ៉ាត់​ក្រុង​ទី៣នេះ មានការ​កើនឡើង​ប្រមាណ១៥ ទៅ ២០ ភាគរយ​កាលពី​ឆ្នាំ ២០២០នេះ បើ​ទោះ​កម្ពុជា​ជួប​បញ្ហា​ប្រឈម​ទៅនឹង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ ១៩ យ៉ាងណាក្តី។

លោក​បន្តថា នៅតាម​បណ្តោយ​ផ្លូវ​នេះ គម្រោង​ជាច្រើន​បាន និង​កំពុង​ចាប់ផ្តើម​អភិវឌ្ឍន៍​ដូច​កន្លែង​លក់ទំនិញ រោងចក្រ តំបន់ឧស្សាហកម្ម ឃ្លាំង​ស្តុក​ទំនិញ និង​លំនៅឋាន​ជាដើម  ដែល​ធ្វើឱ្យ​តម្លៃ​ដី​នៅ​ទីនោះ​មានកា​រើ​ន​ឡើង បន្ទាប់ពី​មាន​គម្រោង​ទាំងអស់នេះ​កំពុង​ចេញ​រូបរាងបណ្តើរ។

បើតាម​លោក ច​ណ្ណា ដី​នៅតាម​ផ្លូវ​ក្រវាត់ក្រុង​ទី៣ ត្រូវបាន​ចែកជា ៤ តំបន់ គឺ​តំបន់​នៅ​ចន្លោះ​ពី​ស្ពាន​ព្រែក​ព្នៅ ទៅដល់​ផ្លូវជាតិ​លេខ៤ ដី​មានតម្លៃ​ជា​មធ្យម​ចន្លោះ​ពី ២០០-២៥០ ដុល្លារ​ក្នុង១ម៉ែត្រការ៉េ។ តំបន់​ចន្លោះ​ផ្លូវជាតិ​លេខ៣ និង​លេខ៤ ដី​មានតម្លៃ​ពី ១៥០-២០០ ដុល្លារ។ តំបន់​ចាប់ពី​ផ្លូវជាតិ​លេខ៣ ទៅ​ផ្លូវជាតិ​លេខ២១ ដី​មានតម្លៃ​ពី ១០០-១៥០ដុល្លារ និង​ចាប់ពី​ផ្លូវជាតិ​លេខ២១ ទៅ​ផ្លូវជាតិ​លេខ១ មានតម្លៃ​ចន្លោះ​ពី ៥០-១០០ ដុល្លារ។

លោក​បន្តទៀតថា ដោយសារ​ក្រុងភ្នំពេញ​កាន់តែ​រីក​ធំ​នោះ ដូច្នេះ​តម្លៃ​ដី​នៅតាម​បណ្តោយ​ផ្លូវ​ក្រវាត់ក្រុង​ទី៣ ក៏​នឹង​កើនឡើង​ទៅតាម​នោះដែរ។

ផ្លូវ​ក្រវាត់ក្រុង​ផ្លូវជាតិ​លេខ​ទី៣ មាន​ប្រវែង៥៣គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ៦ ឆ្ពោះទៅកាន់​ផ្លូវជាតិ​លេខ៤ លេខ៣ លេខ២១ មុននឹង​ឆ្លងទន្លេ​បាសាក់ ត​ភ្ជាប់​ទៅកាន់​ផ្លូវជាតិ​លេខ១ ត្រូវបាន​កសាង​ឡើងជា ៤គន្លង ដែលមាន​ទទឹងផ្លូវ២៥ម៉ែត្រ និង​ចំណាយ​ថវិកា ប្រមាណ ២៧៣លាន​ដុល្លារ ជា​ហិរញ្ញប្បទាន សម្បទាន​របស់​ប្រទេស​ចិន និង​ថវិការ បដិភាគ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា។ ផ្លូវ​នេះ​បាន​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃ​ទៅ ១៤ ខែមករា ឆ្នាំ២០១៩ ដោយ​គ្រោង​នឹង​បញ្ជ​ប់​នៅ​ចុងឆ្នាំ២០២១ ។

ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី៣ គឺជា​ផ្លូវ​ដ៏​សំខាន់ ក្នុង​ការជួយ​កាត់បន្ថយ​ការកកស្ទះ និង​ជួយ​សម្រួល​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ។ ម្យ៉ាងទៀត​គឺជា​ការតភ្ជាប់​ផ្ទៃក្នុង និង​សមាហរណកម្ម​តំបន់ ពិសេស​ត​ភ្ជាប់​ផ្លូវ​អាស៊ាន​ហាយវ៉េ និង​ផ្លូវ​របៀង​សេដ្ឋកិច្ចសំខាន់ៗរបស់​មហា​អនុតំបន់​មេគង្គ រួមចំណែក​ក្នុងការ​សម្រួល​ការដឹក​ជញ្ជូន​ឆ្លងកាត់​ព្រំដែន ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ និង​ប្រែក្លាយ​ទឹកដី ដែល​នៅ​សងខាង​ផ្លូវ​ខ្សែក្រវាត់​ក្រុង​នេះ ទៅជា​តំបន់​អភិវឌ្ឍន៍​ថែមទៀត​ផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here