ក្រុមហ៊ុន​ក្នុងស្រុក​ជាច្រើន​ចាប់ផ្តើម​វិនិយោគ​លំនៅដ្ឋាន​នៅ​តំបន់​ផ្លូវជាតិ​លេខ៥១

0

ដោយៈ លក្ខិណា

ភ្នំពេញៈ ក្នុងពេល​វិបត្តិ​កូ​វីដ១៩ នៅតែ​មិនទាន់​បានបញ្ចប់​នៅឡើយ វិនិយោគិន​ក្នុងស្រុក​មួយចំនួន​បានចាប់ផ្ដើម​ដំណើរការ​វិនិយោគ​គម្រោង​ជាបណ្ដើរៗ ដោយមាន​សុ​ទិ​ដ្ឋ​និយម​ថា វិបត្តិ​នឹងត្រូវ​បញ្ចប់​នៅពេលឆាប់ៗ ពោលគឺ​នៅ​ឆ្នាំ២០២១ខាងមុខនេះ។

ជាក់ស្ដែង​វិនិយោគិន​ក្នុងស្រុក​មួយ បានចាប់ផ្ដើម​អភិវឌ្ឍន៍​គម្រោង ១៣០ហិច​តា ដើម្បី​សង់​លំនៅឋាន និង​ដី​ឡូ​ត៏ ហើយ​ក៏បាន​ត្រៀម​ដី​ជាង ៥០០ហិច​តា​រួចហើយ​សម្រាប់​អភិវឌ្ឍន៍​បន្តបន្ទាប់​នៅពេល​ខាងមុខ។

លោក​ឧកញ៉ា​អ៊ឹង គីម​ហុង​វិនិយោគិន​ក្នុងស្រុក​មួយរូប​បានឱ្យដឹង​កាលពីពេលថ្មីៗនេះ​ថា លោក​បាន​ត្រៀម​ដី​នៅតាម​បណ្ដោយ​ផ្លូវ៥១ ចំនួន​ជាង ៥០០ហិច​តា ដែល​លោក​បាន​ទិញ​ជា​យូរ​មកហើយ ដើម្បី​អភិវឌ្ឍន៍​គម្រោង​អចលនទ្រព្យ​នានា ទោះបីជា​កូ​វីដ១៩មិនទាន់បាន​បញ្ចប់​ក្ដី ។

លោក​បន្តថា “សម្រាប់​ជំងឺ​កូ​វីដ១៩នេះ ប្រទេសធំៗ គេ​នឹងមិន​ទុកឱ្យ​វា​នៅ​អូសបន្លាយ​យូរ​នោះទេ ដូច្នេះ​លោក​ជឿជាក់ថា​នៅពេលឆាប់ៗខាងមុខនេះ វា​នឹងត្រូវ​បញ្ចប់ ហើយ​សម្រាប់​កម្ពុជា ក៏​ជា​ប្រទេស​តូច​មួយ​និង​រងគ្រោះ ដោយសារតែ​កូ​វីដ១៩ ក៏​នឹងត្រូវ​បញ្ចប់​វិបត្តិ​នេះ​ដូចគ្នា” ។

លោក​គឹមហុង​បាន​បន្តថា កត្តា​ដែល​លោក​សម្រេច​វិនិយោគ គម្រោង​អចលនទ្រព្យ​នៅ​ផ្លូវ៥១ ដោយសារតែ​លោក​មើលឃើញថា​តំបន់​នេះ ត្រូវបាន​ចាប់អារម្មណ៍​ពី​សំណាក់​វិនិយោគិន​ជាច្រើន​ទៀត ហើយ​វា​ក៏​ជាទី​តាំង​ដែល​កំពុងអភិវឌ្ឍន៍ ទៅជា​តំបន់​រោងចក្រ​ជាក់ស្ដែង​មាន​គម្រោង​រោងចក្រ​ជាច្រើន បាននិងកំពុង​បាញ​ឆ្ពោះ​មករក​តំបន់​ផ្លូវ៥១ ដូច្នេះហើយ ទើប​លោក​ដាក់ទុន​សាង​សង់​ជា​លំនៅឋាន ឃ្លាំង​រោងចក្រ​និង​ដី​ឡូ​ត៏ ដើម្បី​ពលរដ្ឋ​មាន​ចំណូល​ទាប​ទិញ សម្រាប់​ទុក​នៅពេល​រោងចក្រ​មកដល់​ទីនោះ ។

តំបន់​ផ្លូវជាតិ​លេខ៥១ ក៏​ទាក់ទាញ​នូវ​ការវិនិយោគ​តំបន់ឧស្សាហកម្ម ដ៏​ធំ​របស់​សហគ្រាស​កាណាឌីយ៉ា លើ​ផ្ទៃដី​រាប់រយ​ហិកតា​ដើម្បី​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស លក្ខណៈ​ឧស្សាហកម្ម​ផងដែរ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម​បានឱ្យដឹងថា តំបន់​ដែលមាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ទឹក ភ្លើង តំបន់​នោះ​នឹងមាន​ការទាក់ទាញ​វិនិយោគ​ទៅ​បណ្ដាក់ទុន។ នេះ​គឺជា​ចំនុច​ដ៏​សំខាន់​មួយ សម្រាប់​ទាក់ទាញ​វិនិយោគិន ហើយ​រដ្ឋាភិបាល​ក៏បាន​ខិតខំ ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែមទៀត ដើម្បី​សម្រួល​ដល់​ការវិនិយោគ​របស់​វិនិយោគិន ក៏ដូចជា សម្រួល​ដល់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here