ដោយៈ លក្ខិណា
ភ្នំពេញៈ ក្នុងពេលវិបត្តិកូវីដ១៩ នៅតែមិនទាន់បានបញ្ចប់នៅឡើយ វិនិយោគិនក្នុងស្រុកមួយចំនួនបានចាប់ផ្ដើមដំណើរការវិនិយោគគម្រោងជាបណ្ដើរៗ ដោយមានសុទិដ្ឋនិយមថា វិបត្តិនឹងត្រូវបញ្ចប់នៅពេលឆាប់ៗ ពោលគឺនៅឆ្នាំ២០២១ខាងមុខនេះ។
ជាក់ស្ដែងវិនិយោគិនក្នុងស្រុកមួយ បានចាប់ផ្ដើមអភិវឌ្ឍន៍គម្រោង ១៣០ហិចតា ដើម្បីសង់លំនៅឋាន និងដីឡូត៏ ហើយក៏បានត្រៀមដីជាង ៥០០ហិចតារួចហើយសម្រាប់អភិវឌ្ឍន៍បន្តបន្ទាប់នៅពេលខាងមុខ។
លោកឧកញ៉ាអ៊ឹង គីមហុងវិនិយោគិនក្នុងស្រុកមួយរូបបានឱ្យដឹងកាលពីពេលថ្មីៗនេះថា លោកបានត្រៀមដីនៅតាមបណ្ដោយផ្លូវ៥១ ចំនួនជាង ៥០០ហិចតា ដែលលោកបានទិញជាយូរមកហើយ ដើម្បីអភិវឌ្ឍន៍គម្រោងអចលនទ្រព្យនានា ទោះបីជាកូវីដ១៩មិនទាន់បានបញ្ចប់ក្ដី ។
លោកបន្តថា “សម្រាប់ជំងឺកូវីដ១៩នេះ ប្រទេសធំៗ គេនឹងមិនទុកឱ្យវានៅអូសបន្លាយយូរនោះទេ ដូច្នេះលោកជឿជាក់ថានៅពេលឆាប់ៗខាងមុខនេះ វានឹងត្រូវបញ្ចប់ ហើយសម្រាប់កម្ពុជា ក៏ជាប្រទេសតូចមួយនិងរងគ្រោះ ដោយសារតែកូវីដ១៩ ក៏នឹងត្រូវបញ្ចប់វិបត្តិនេះដូចគ្នា” ។
លោកគឹមហុងបានបន្តថា កត្តាដែលលោកសម្រេចវិនិយោគ គម្រោងអចលនទ្រព្យនៅផ្លូវ៥១ ដោយសារតែលោកមើលឃើញថាតំបន់នេះ ត្រូវបានចាប់អារម្មណ៍ពីសំណាក់វិនិយោគិនជាច្រើនទៀត ហើយវាក៏ជាទីតាំងដែលកំពុងអភិវឌ្ឍន៍ ទៅជាតំបន់រោងចក្រជាក់ស្ដែងមានគម្រោងរោងចក្រជាច្រើន បាននិងកំពុងបាញឆ្ពោះមករកតំបន់ផ្លូវ៥១ ដូច្នេះហើយ ទើបលោកដាក់ទុនសាងសង់ជាលំនៅឋាន ឃ្លាំងរោងចក្រនិងដីឡូត៏ ដើម្បីពលរដ្ឋមានចំណូលទាបទិញ សម្រាប់ទុកនៅពេលរោងចក្រមកដល់ទីនោះ ។
តំបន់ផ្លូវជាតិលេខ៥១ ក៏ទាក់ទាញនូវការវិនិយោគតំបន់ឧស្សាហកម្ម ដ៏ធំរបស់សហគ្រាសកាណាឌីយ៉ា លើផ្ទៃដីរាប់រយហិកតាដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេស លក្ខណៈឧស្សាហកម្មផងដែរ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានឱ្យដឹងថា តំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធផ្លូវ ទឹក ភ្លើង តំបន់នោះនឹងមានការទាក់ទាញវិនិយោគទៅបណ្ដាក់ទុន។ នេះគឺជាចំនុចដ៏សំខាន់មួយ សម្រាប់ទាក់ទាញវិនិយោគិន ហើយរដ្ឋាភិបាលក៏បានខិតខំ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដើម្បីសម្រួលដល់ការវិនិយោគរបស់វិនិយោគិន ក៏ដូចជា សម្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរផងដែរ៕