ដោយគង់ សូរិយា
ភ្នំពេញៈ ជាមួយនឹងបទពិសោធន៍ក្នុងនាមជាភ្នាក់ងារ និងក្លាយជាអ្នកវិនិយោគអចលនទ្រព្យរយៈពេលយូរ លោកឧកញ៉ានួន រិទ្ឋីបានសម្តែងសុទិដ្ឋិនិយមពីការងើបឡើងវិញនៃវិស័យអចលនទ្រព្យ ខណៈពេលកម្ពុជាបានទទួលវាក់សាំងបង្ការជំងកូវីដ១៩កាលពីពេលថ្មីៗនេះ។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal ដែលជាអ្នកវិនិយោគ និងអភិវឌ្ឍក្នុងវិស័យលំនៅដ្ឋាន លោកឧកញ៉ានួន រិទ្ឋបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១៨ កុម្ភៈកន្លងមកថា ការដែលទទួលបានវ៉ាក់សាំងពីមហាមិត្តចិនកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះគឺជារឿងមួយដ៏ប្រសើរ សម្រាប់គ្រប់មុខជំនួញទាំងអស់នៅក្នុងប្រទេសកម្ពុជា ដោយសារតែក្នុងរយៈពេលជិតមួយឆ្នាំ កាលពីពេលកន្លងទៅស្ទើរតែគ្រប់ការធ្វើជំនួញ កិច្ចការងារវិនិយោគនានា ឬការធ្វើដំណើរផ្សេងៗត្រូវបានកាត់ផ្ដាច់ ។
លោកបន្តថា “ដូច្នេះនៅពេលដែលកម្ពុជាទទួលបានវ៉ាក់សាំង និងចាប់អនុវត្តប្រើប្រាស់ គឺជាពន្លឺនៃក្ដីសង្ឃឹមដែលកម្ពុជាទន្ទឹងរង់ចាំ។ មិនមែនតែកម្ពុជានោះទេ គ្រប់បណ្តាប្រទេសលើសាកលលោក គឺទន្ទឹងរង់ចាំវ៉ាក់សាំងមានប្រសិទ្ធភាពដូចគ្នា” ។ លោកឧកញ៉ាបញ្ជាក់ថា “សម្រាប់តែវិស័យអចលនទ្រព្យនៅកម្ពុជា បើទោះជាមានការវាយឡុកដោយកូវីដ១៩ ប៉ុន្តែនៅតែទទួលបានការបណ្តាក់ទុនវិនិយោគជាច្រើនពីសំណាក់អ្នកវិនិយោគក្នុងស្រុក ហើយក៏មានក្រៅស្រុកមួយចំនួនផងដែរ” ។
លោកឧកញ៉ាបានបន្តថា ជាការពិតកម្ពុជា គឺជាប្រទេសមួយដែលមានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្រោមការដាក់ចេញនូវវិធានការរបស់រាជរដ្ឋាភិបាល ក្រោមការតាំងចិត្តរបស់ប្រមុខថ្នាក់ដឹកនាំសម្ដេចតេជោ ហ៊ុន សែន ដែលមានយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ ដែលទាំងនេះមិនមែនជារឿងចៃដន្យនោះទេ។
លោកបន្តថា ប្រសិនបើមិនមានយន្តការ ប្រកបដោយភាពត្រឹមត្រូវនោះទេ កម្ពុជានឹងអាចធ្លាក់ចូលក្នុងវិនាសកម្មសេដ្ឋកិច្ចជាក់ជាមិនខាន ដូច្នេះទោះស្ថិតនៅក្នុងស្ថានភាពនៃវិបត្តកូវីដក៏ដោយ រាជរដ្ឋាភិបាលនៅតែបន្តផ្តល់នូវកញ្ចប់ថវិកា សម្រាប់ប្រជាពលរដ្ឋដែលជនងាយរងគ្រោះ ក៏ដូចជាបណ្តាសហគ្រិន និងបណ្តាក្រុមហ៊ុនដែលស្ថិតវិស័យផ្សេងផងដែរ ដើម្បីធ្វើយ៉ាងណាអាចជួយសម្រាល និងទ្រទ្រងដំណើរការអាជីវកម្ម ផលិតកម្មបានក្នុងស្ថានការដែលលំបាក។
លោកឧកញ៉ានួន រិទ្ធីបានបញ្ជាក់ទៀតថា “ក្នុងនាមខ្ញុំជាប្រជាជាតិខ្មែរពិតជាមានមោទនភាព ចំពោះថ្នាក់ដឹកនាំរបស់កម្ពុជា ដែលជ្រកក្រោមម្លប់សន្តិភាព និងមានសម្ដេចតេជោ ហ៊ុន សែនជាប្រមុខដឹកនាំប្រទេសដ៏ឆ្នើម និងធ្វើឱ្យកម្ពុជាមានកេរ្តិ៍ឈ្មោះល្បីល្បាញជាសាកល” ។
ដោយឡែក សម្រាប់វិស័យធ្វើជំនួញទោះ ស្ថិតក្នុងស្ថានភាពដែលកំពុងប្រឈមនឹងការឆ្លងជំងឺយ៉ាងណា សម្ដេចតេជោបានដឹកនាំគណៈប្រតិភូ ទៅកាន់ប្រទេសកូរ៉េ ហើយបានបន្តទៅដល់ប្រទេសចិន ដើម្បីសួរសុខទុក្ខ និងផ្តល់កម្លាំងចិត្តដល់មហាមិត្តចិន ខណៈដែលប្រទេសចិនកំពុងស្ថិតក្នុងភាពឯកោ។
លោកឧកញ៉ានួន រិទ្ឋីបានបន្តថា ក្រោមទឹកចិត្តមនុស្សធម៌ និងរួមសុខរួមទុក្ខជាមួយគ្នារវាងថ្នាក់ដឹកនាំកម្ពុជា និងមហាមិត្តចិន ជាលទ្ធផលកម្ពុជាបានស្រូបទាញទុនវិនិយោគ និងពាណិជ្ជកម្មមកពីបណ្តាប្រទេសនានា ជាច្រើនលើសាកលលោក ជាពិសេសប្រទេសចិនដែលបានក្លាយជាដៃគូវិនិយោគដ៏ធំធេង និងឈរនៅលំដាប់កំពូលជាងគេនៅកម្ពុជា ហើយនឹងបន្តទាក់ទាញ គម្រោងវិនិយោគថ្មីៗជាច្រើនទៀត នៅពេលខាងមុខនេះបន្ទាប់ពីកម្ពុជាប្រើប្រាស់វ៉ាក់សាំង ប្រកបដោយប្រសិទ្ធភាព ដែលជាជំនួយក្នុងដំណាក់កាលដំបូងពីមហាមិត្តចិនក្នុងនាមជាសម្ព័ន្ធមិត្តដែកថែប៕