លោក​ឧកញ៉ា នួន រិទ្ធី​មាន​សុទិដ្ឋិនិយម​ពី​វិស័យ​អចលនទ្រព្យ​កម្ពុជា​នឹងងើបឡើង​វិញ​លឿន

0

ដោយ​គង់ សូរិយា

ភ្នំពេញៈ ជាមួយនឹង​បទពិសោធន៍​ក្នុងនាម​ជា​ភ្នាក់ងារ និង​ក្លាយជា​អ្នកវិនិយោគ​អចលនទ្រព្យ​រយៈពេល​យូរ លោក​ឧកញ៉ា​នួន រិ​ទ្ឋី​បាន​សម្តែង​សុទិដ្ឋិនិយម​ពី​ការ​ងើបឡើង​វិញ​នៃ​វិស័យ​អចលនទ្រព្យ ខណៈពេល​កម្ពុជា​បានទទួល​វាក់​សាំង​បង្ការ​ជំ​ង​កូ​វីដ១៩កាលពីពេលថ្មីៗនេះ។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Khmer Foundation Appraisal ដែលជា​អ្នកវិនិយោគ និង​អភិវឌ្ឍ​ក្នុង​វិស័យ​លំនៅដ្ឋាន លោក​ឧកញ៉ា​នួន រិ​ទ្ឋ​បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​ថ្ងៃទី១៨ កុម្ភៈ​កន្លងមក​ថា ការដែល​ទទួលបាន​វ៉ាក់សាំង​ពី​មហាមិត្ត​ចិន​កាលពី​ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ​គឺជា​រឿង​មួយ​ដ៏​ប្រសើរ សម្រាប់​គ្រប់មុខ​ជំនួញ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា ដោយសារតែ​ក្នុង​រយៈពេល​ជិត​មួយឆ្នាំ កាលពីពេល​កន្លងទៅ​ស្ទើរតែ​គ្រប់​ការធ្វើ​ជំនួញ កិច្ចការងារ​វិនិយោគ​នានា ឬ​ការធ្វើដំណើរផ្សេងៗត្រូវបាន​កាត់ផ្ដាច់ ។

លោក​បន្តថា “ដូច្នេះ​នៅពេលដែល​កម្ពុជា​ទទួល​បាន​វ៉ាក់សាំង និង​ចាប់​អនុវត្ត​ប្រើប្រាស់ គឺជា​ពន្លឺ​នៃ​ក្ដីសង្ឃឹម​ដែល​កម្ពុជា​ទន្ទឹងរង់ចាំ។ មិនមែន​តែ​កម្ពុជា​នោះទេ គ្រប់​បណ្តា​ប្រទេស​លើ​សាកលលោក គឺ​ទន្ទឹងរង់ចាំ​វ៉ាក់សាំង​មាន​ប្រសិទ្ធ​ភាពដូចគ្នា” ។ លោក​ឧកញ៉ា​បញ្ជាក់ថា “សម្រាប់តែ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា បើទោះជា​មានការ​វាយ​ឡុ​កដោយ​កូ​វីដ១៩ ប៉ុន្តែ​នៅតែ​ទទួលបាន​ការបណ្តាក់ទុន​វិនិយោគ​ជាច្រើន​ពី​សំណាក់​អ្នកវិនិយោគ​ក្នុងស្រុក ហើយក៏​មាន​ក្រៅ​ស្រុក​មួយចំនួន​ផងដែរ” ។

លោក​ឧកញ៉ា​បាន​បន្តថា ជា​ការពិត​កម្ពុជា គឺជា​ប្រទេសមួយ​ដែលមាន​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ក្រោម​ការដាក់ចេញ​នូវ​វិធានការ​របស់​រាជរដ្ឋាភិបាល ក្រោម​ការតាំង​ចិត្ត​រប​ស់​ប្រមុខ​ថ្នាក់ដឹកនាំ​សម្ដេច​តេ​ជោ ហ៊ុន សែន ដែលមាន​យុទ្ធសាស្ត្រ​ដ៏​ត្រឹមត្រូវ ដែល​ទាំងនេះ​មិនមែនជា​រឿង​ចៃដន្យ​នោះទេ។

លោក​បន្តថា ប្រសិនបើ​មិនមាន​យន្តការ ប្រកបដោយ​ភាពត្រឹមត្រូវ​នោះទេ កម្ពុជា​នឹង​អាច​ធ្លាក់​ចូលក្នុង​វិនាសកម្ម​សេដ្ឋកិច្ច​ជាក់​ជាមិនខាន ដូច្នេះ​ទោះ​ស្ថិតនៅក្នុង​ស្ថានភាព​នៃ​វិ​ប​ត្ត​កូ​វីដ​ក៏ដោយ រាជរដ្ឋាភិបាល​នៅតែ​បន្ត​ផ្តល់នូវ​កញ្ចប់​ថវិកា សម្រាប់​ប្រជាពលរដ្ឋ​ដែល​ជន​ងាយ​រងគ្រោះ ក៏ដូចជា​បណ្តា​សហគ្រិន និង​បណ្តា​ក្រុមហ៊ុន​ដែល​ស្ថិត​វិស័យ​ផ្សេង​ផងដែរ ដើម្បី​ធ្វើយ៉ាងណា​អាចជួយ​សម្រាល និង​ទ្រ​ទ្រ​ង​ដំណើរការ​អាជីវកម្ម ផលិតកម្ម​បាន​ក្នុង​ស្ថាន​ការដែល​លំបាក។

លោក​ឧកញ៉ា​នួន រិទ្ធី​បានបញ្ជាក់​ទៀតថា “ក្នុងនាម​ខ្ញុំ​ជា​ប្រជា​ជាតិខ្មែរ​ពិត​ជាមាន​មោទនភាព ចំពោះ​ថ្នាក់ដឹកនាំ​របស់​កម្ពុជា ដែល​ជ្រក​ក្រោម​ម្លប់​សន្តិភាព និង​មាន​សម្ដេច​តេ​ជោ ហ៊ុន សែន​ជា​ប្រមុខ​ដឹកនាំ​ប្រទេស​ដ៏​ឆ្នើម និង​ធ្វើឱ្យ​កម្ពុជា​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ជា​សាកល” ។

ដោយឡែក សម្រាប់​វិស័យ​ធ្វើ​ជំនួញ​ទោះ ស្ថិតក្នុង​ស្ថានភាព​ដែល​កំពុង​ប្រឈម​នឹង​ការឆ្លង​ជំងឺ​យ៉ាងណា សម្ដេច​តេ​ជោ​បាន​ដឹកនាំ​គណៈប្រតិភូ ទៅកាន់​ប្រទេស​កូរ៉េ ហើយ​បាន​បន្ត​ទៅដល់​ប្រទេស​ចិន ដើម្បី​សួរសុខទុក្ខ និង​ផ្តល់​កម្លាំងចិត្ត​ដល់​មហាមិត្ត​ចិន ខណៈដែល​ប្រទេស​ចិន​កំពុង​ស្ថិតក្នុង​ភាព​ឯកោ។

លោក​ឧកញ៉ា​នួន រិ​ទ្ឋី​បាន​បន្តថា ក្រោម​ទឹកចិត្ត​មនុស្សធម៌ និង​រួមសុខ​រួមទុក្ខ​ជាមួយគ្នា​រវាង​ថ្នាក់ដឹកនាំ​កម្ពុជា និង​មហាមិត្ត​ចិន ជា​លទ្ធផល​កម្ពុជា​បាន​ស្រូប​ទាញ​ទុនវិនិយោគ និង​ពាណិជ្ជកម្ម​មកពី​បណ្តា​ប្រទេស​នានា ជាច្រើន​លើ​សាកលលោក ជាពិសេស​ប្រទេស​ចិន​ដែល​បាន​ក្លាយជា​ដៃគូ​វិនិយោគ​ដ៏​ធំធេង និង​ឈរ​នៅ​លំដាប់​កំពូល​ជាងគេ​នៅ​កម្ពុជា ហើយនឹង​បន្ត​ទាក់ទាញ គម្រោង​វិនិយោគថ្មីៗជាច្រើន​ទៀត នៅពេល​ខាងមុខនេះ​បន្ទាប់ពី​កម្ពុជា​ប្រើប្រាស់​វ៉ាក់សាំង ប្រកបដោយ​ប្រសិទ្ធភាព ដែលជា​ជំនួយ​ក្នុងដំណាក់កាល​ដំបូង​ពី​មហាមិត្ត​ចិន​ក្នុងនាម​ជា​សម្ព័ន្ធមិត្ត​ដែកថែប៕

LEAVE A REPLY

Please enter your comment!
Please enter your name here