ដំណឹងល្អ ! សាឡាងឆ្លងពីតំបន់កោះនរាមកកាន់ទីក្រុងកោះពេជ្រនឹងចាប់ផ្តើមនៅខែមីនាខាងមុខនេះ

0

ដោយ:គង់ សូរិយា

ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ នឹងអាចដាក់ដំណើរការសាឡាងឆ្លងពីតំបន់កោះនរា ភ្ជាប់មកកាន់ទីក្រុងកោះពេជ្រ នឹងចាប់ផ្តើមនៅកំឡុងខែមិនាខាងមុខនេះ ប្រសិនជាគ្មានការប្រែប្រួលទេនោះ។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកម៉េត មាសភ័ក្តីបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១៩ កុម្ភៈនេះថា បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញកំពុងរៀបចំនិតិវិធីលើការងារនេះ ដោយយើងអាចនឹងដាក់ដំណើរការសាឡាង ឆ្លងពីតំបន់ពយនៃកោះនរា មកកាន់ទីក្រុងកោះពេជ្រនាកំឡុងខែមិនាខាងមុខនេះ ប្រសិនជាមិនមានការប្រែប្រួលទេនោះ។

លោកបន្តថា “ការប្រើប្រាស់សាឡាងចំនួនប៉ុន្មាន យើងមិនទាន់ដឹងនៅឡើយទេ ព្រោះវាជាការងារបច្ចេកទេស ប៉ុន្តែនិតិវិធីកំពុងត្រូវបានរៀបចំ ដោយសារវាពាក់ព័ន្ឋចំណូលរបស់រដ្ឋ​ផងដែរ”។ លោកបន្តថា “ការរៀបចំឆ្លងសាឡាងនេះ នឹងអាចជួយសម្រួ​លការកកស្ទះមួយ​ចំណែក ដោយសារផ្លូវជាតិលេខ១ មានច្រកឆ្លងកាត់សំខាន់ គឺមានតែលើស្ពានព្រះមុនីវង្សប៉ុណ្ណោះ”។

ជាមួយគ្នានេះ លោកទូច សំណាងអគ្គនាយករងក្រុមហ៊ុនOCICបានមានប្រសា​សន៍ថា ខាងក្រុមហ៊ុនបានរៀបចំការងារនេះរួចហើយ ដោយរង់ចាំតែអាជ្ញាធរជាអ្នកចាប់ផ្តើម ដំណើរការនៅពេលណាប៉ុណ្ណោះ។ លោកបន្តថា ទីតាំងត្រូវឆ្លងពីកោះនរា មកកាន់ទីក្រុងកោះពេជ្រ គឺស្ថិតនៅក្បែរចំណុចសាងសង់ ស្ពានឆ្លងកាត់ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងកោះនរា។

លោកបន្តថា “ទោះជាមានការឆ្លងបែបននេះក្តី ប៉ុន្តែវានឹងមិនបង្កបញ្ហាសណ្តាប់ធ្នាប់ ឬការកកស្ទះណាមួយលើទីក្រុងកោះពេជ្រនោះទេ”។លោកបន្តថា “យើងរំពឹងថាវានឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ នៅលើផ្លូវជាតិលេខ១បានមួយចំណែក នៅពេល​សាឡាងនេះដាក់ឲ្យដំណើរការ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here