ដោយ:គង់ សូរិយា
ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ នឹងអាចដាក់ដំណើរការសាឡាងឆ្លងពីតំបន់កោះនរា ភ្ជាប់មកកាន់ទីក្រុងកោះពេជ្រ នឹងចាប់ផ្តើមនៅកំឡុងខែមិនាខាងមុខនេះ ប្រសិនជាគ្មានការប្រែប្រួលទេនោះ។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកម៉េត មាសភ័ក្តីបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១៩ កុម្ភៈនេះថា បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញកំពុងរៀបចំនិតិវិធីលើការងារនេះ ដោយយើងអាចនឹងដាក់ដំណើរការសាឡាង ឆ្លងពីតំបន់ពយនៃកោះនរា មកកាន់ទីក្រុងកោះពេជ្រនាកំឡុងខែមិនាខាងមុខនេះ ប្រសិនជាមិនមានការប្រែប្រួលទេនោះ។
លោកបន្តថា “ការប្រើប្រាស់សាឡាងចំនួនប៉ុន្មាន យើងមិនទាន់ដឹងនៅឡើយទេ ព្រោះវាជាការងារបច្ចេកទេស ប៉ុន្តែនិតិវិធីកំពុងត្រូវបានរៀបចំ ដោយសារវាពាក់ព័ន្ឋចំណូលរបស់រដ្ឋផងដែរ”។ លោកបន្តថា “ការរៀបចំឆ្លងសាឡាងនេះ នឹងអាចជួយសម្រួលការកកស្ទះមួយចំណែក ដោយសារផ្លូវជាតិលេខ១ មានច្រកឆ្លងកាត់សំខាន់ គឺមានតែលើស្ពានព្រះមុនីវង្សប៉ុណ្ណោះ”។
ជាមួយគ្នានេះ លោកទូច សំណាងអគ្គនាយករងក្រុមហ៊ុនOCICបានមានប្រសាសន៍ថា ខាងក្រុមហ៊ុនបានរៀបចំការងារនេះរួចហើយ ដោយរង់ចាំតែអាជ្ញាធរជាអ្នកចាប់ផ្តើម ដំណើរការនៅពេលណាប៉ុណ្ណោះ។ លោកបន្តថា ទីតាំងត្រូវឆ្លងពីកោះនរា មកកាន់ទីក្រុងកោះពេជ្រ គឺស្ថិតនៅក្បែរចំណុចសាងសង់ ស្ពានឆ្លងកាត់ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងកោះនរា។
លោកបន្តថា “ទោះជាមានការឆ្លងបែបននេះក្តី ប៉ុន្តែវានឹងមិនបង្កបញ្ហាសណ្តាប់ធ្នាប់ ឬការកកស្ទះណាមួយលើទីក្រុងកោះពេជ្រនោះទេ”។លោកបន្តថា “យើងរំពឹងថាវានឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ នៅលើផ្លូវជាតិលេខ១បានមួយចំណែក នៅពេលសាឡាងនេះដាក់ឲ្យដំណើរការ”៕