អ្នកជំនាញ៖ ចង់​ទិញ​ដី​ឡូ​តិ៍​ទុក​លក់​យកចំណេញ​នៅតែមាន​ឱកាស​ឱ្យតែ​ចេះ​ទិញ

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ អ្នកជំនាញ​នៅក្នុង​វិស័យ​អចលនទ្រព្យ​បាន​អះអាងថា ទិញ​ដី​ទុក​លក់​មានឱកាស​ចំណេញ​ជាង​ទិញ​ផ្ទះ ការទិញ​ផ្ទះ​ទុក​លក់​ចំណេញ​ជាង​ទិញ​ខុន​ដូរ តែ​ទោះជា​យ៉ាងណា​ការទិញ​ដី​ទុក​លក់ ក៏​មិនមែន​សុទ្ធតែ​ចំណេញ​ទាំងអស់​នោះដែរ ទាល់តែ​ចេះ​ទិញ ស្គាល់​ពី​តំបន់​ភូមិសាស្ត្រ​ត្រូវមាន​ការអភិវឌ្ឍ ទើប​អាច​ទទួលបាន​ផលចំណេញ​ត្រឡប់​វិញ​លឿន ហើយ​បាន​ច្រើន​ទៀត។

ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​អចលនទ្រព្យ Deythmey Real Estate លោ​កវិន ឈុន​ហ៊ា​ត បាន​មានប្រសាសន៍​ប្រាប់ឱ្យដឹង​ថា ការទិញ​អចលនទ្រព្យ មិនមែន​សុទ្ធតែ​ទទួលបាន​ផលចំណេញ ត្រឡប់មកវិញ​ទាំងអស់​នោះទេ ប្រសិនបើ​យើង​មិនបាន​ពិនិត្យ និង​វិភាគ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ។ លោ​កថា​ជួនកាល​អ្នកខ្លះ ទិញ​តាម​ការអូសទាញ​របស់​មិត្តភក្ដិ ឬ​បងប្អូន​ដោយ​មិនបាន​មើល ឬ​មិនបាន​ពិនិត្យ​ដោយ​ខ្លួនឯង ជួនកាល​ទិញ​ហើយ​ទុកចោល​លក់​មិន​ចេញ​យូរ​ឆ្នាំ ប្រៀបបាន​ដូចជា​យកលុយ​កប់​ចោល​ក្នុង​ដី។

លោក​បាន​បញ្ជាក់ថា “ការទិញ​ដី​វា​អាស្រ័យទៅលើ​លុយ​តិច ឬ​ច្រើន បើ​យើង​មាន​លុយ​ប្រហែលជា ៤០,០០០ដុល្លារ ឬ ៥០,០០០ដុល្លារ យើង​ទិញ​ដី​នៅ​ទីតាំង​ល្អ​ទំហំ ៥x២០ម៉ែត្រ នៅ​កៀក​ទីក្រុង​មាន​ផ្លូវ​បេតុង​ស្រាប់ ជា​ដី​ដែល​អ្នកណា​ក៏​ស្រលាញ់​ដែរ។លោក​បន្តថា “ប៉ុន្តែ​ធាតុពិត​ដី​មានតម្លៃ​ថ្លៃ​ដូច្នេះ បើ​យើង​ទិញ​សម្រាប់​សង់​លំនៅដ្ឋាន​ទុក រស់នៅ​ជាការ​ប្រសើរ​ហើយ តែបើ​យើង​ទិញ​ទុក​ចំណេញ​វិញ ទោះបី​វា​ឡើង​ក៏​ឡើង​មិន​ច្រើន​ដែរ ដោយសារ​តម្លៃ​ដើម​ទិញ​មកវា​ឡើង​ខ្ព​ស់កល់​ទៅហើយ។ ម្យ៉ាងទៀត​ទិញ​ដី​ក្បែរ​រោងចក្រ​មាន​ស្រាប់​វា​ក៏​ឡើងថ្លៃ​ខ្ពស់​ហើយ​ដែរ” ។

លោក​បន្តថា ដើម្បី​ទិញ​ដី​ឡូ​តិ៍​ទុក​ចំណេញ ត្រូវ​រក​ទីតាំង​ដី​ដែលមាន​នឹង​ងាយស្រួល​អ​ភ​វឌ្ឍន៍ និង​មានតម្លៃ​ក្រោម១០,០០០ដុល្លារ លើ​ទំហំ​៥x ២០ម៉ែត្រ ជា​ដី​នៅ​ឆ្ងាយ​ក្រុង​បន្តិច(ព្រោះ​នៅ​កៀក​ក្រុង​ទិញ​មិន​បានទេ) តែ​ជា​ដី​នៅជាប់​ភូមិ​ប្រជាពលរដ្ឋ នៅក្បែរ​សាលារៀន វត្ត​អា​រ៉ា​ម មន្ទីរពេទ្យ​បើ​មាន​ផ្សារ​ទៀត​រឹតតែ​ល្អ ជាពិសេស​ជាទី​តាំង​ដី ដែល​រៀប​នឹងមាន​គម្រោង​អភិវឌ្ឍន៍​ធ្លាក់​មកដល់ ដូចជា គម្រោង​អភិវឌ្ឍន៍​ផ្ទះល្វែង គម្រោង​អភិវឌ្ឍន៍​សួន​ឧស្សាហកម្ម ឬ​រោងចក្រ​ជាដើម។

បច្ចុប្បន្ន​គេ​សង្កេតឃើញថា រដ្ឋាភិបាល​បានដាក់​គោលនយោបាយ ឱ្យ​រោងចក្រ​រើ​ចេញទៅ​ក្រៅ​ក្រុង ពិសេស​នៅតាម​ផ្លូវជាតិ​លេខ៣ ផ្លូវជាតិ​លេខ៤ ផ្លូវ៥១ ឬ​ផ្លូវ៤១ជាដើម។ នៅពេលដែល​ដឹង​ពី​គម្រោង​រោងចក្រ ត្រៀម​ផ្លាស់​ទៅ​ទីតាំង​ណាមួយ​ជាក់លាក់ គួរ​ទិញ​ដី​ក្បែរ​នោះ​ទុក។  សម្រាប់​ដែលមាន​តម្លៃ​ក្រោម១០,០០០ដុល្លារ ពេល​រោងចក្រ​ធ្លាក់​មកដល់ វា​នឹង​ឡើងដល់​ទៅជា​ង២០,០០០ដុល្លារ​ជាមិនខាន ដូច្នេះ​បើសិន​មាន​លុយ​ទិញ​ដី​ខ្ទង់​ក្រោម​មួយ​ម៉ឺន​ដុល្លារ​ចុះ ឱកាស​ចំណេញ​ត្រឡប់​គឺមាន​ច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here