ដោយៈ រ៉ាណេត
ភ្នំពេញៈ អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យបានអះអាងថា ទិញដីទុកលក់មានឱកាសចំណេញជាងទិញផ្ទះ ការទិញផ្ទះទុកលក់ចំណេញជាងទិញខុនដូរ តែទោះជាយ៉ាងណាការទិញដីទុកលក់ ក៏មិនមែនសុទ្ធតែចំណេញទាំងអស់នោះដែរ ទាល់តែចេះទិញ ស្គាល់ពីតំបន់ភូមិសាស្ត្រត្រូវមានការអភិវឌ្ឍ ទើបអាចទទួលបានផលចំណេញត្រឡប់វិញលឿន ហើយបានច្រើនទៀត។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអចលនទ្រព្យ Deythmey Real Estate លោកវិន ឈុនហ៊ាត បានមានប្រសាសន៍ប្រាប់ឱ្យដឹងថា ការទិញអចលនទ្រព្យ មិនមែនសុទ្ធតែទទួលបានផលចំណេញ ត្រឡប់មកវិញទាំងអស់នោះទេ ប្រសិនបើយើងមិនបានពិនិត្យ និងវិភាគឱ្យបានគ្រប់ជ្រុងជ្រោយ។ លោកថាជួនកាលអ្នកខ្លះ ទិញតាមការអូសទាញរបស់មិត្តភក្ដិ ឬបងប្អូនដោយមិនបានមើល ឬមិនបានពិនិត្យដោយខ្លួនឯង ជួនកាលទិញហើយទុកចោលលក់មិនចេញយូរឆ្នាំ ប្រៀបបានដូចជាយកលុយកប់ចោលក្នុងដី។
លោកបានបញ្ជាក់ថា “ការទិញដីវាអាស្រ័យទៅលើលុយតិច ឬច្រើន បើយើងមានលុយប្រហែលជា ៤០,០០០ដុល្លារ ឬ ៥០,០០០ដុល្លារ យើងទិញដីនៅទីតាំងល្អទំហំ ៥x២០ម៉ែត្រ នៅកៀកទីក្រុងមានផ្លូវបេតុងស្រាប់ ជាដីដែលអ្នកណាក៏ស្រលាញ់ដែរ។លោកបន្តថា “ប៉ុន្តែធាតុពិតដីមានតម្លៃថ្លៃដូច្នេះ បើយើងទិញសម្រាប់សង់លំនៅដ្ឋានទុក រស់នៅជាការប្រសើរហើយ តែបើយើងទិញទុកចំណេញវិញ ទោះបីវាឡើងក៏ឡើងមិនច្រើនដែរ ដោយសារតម្លៃដើមទិញមកវាឡើងខ្ពស់កល់ទៅហើយ។ ម្យ៉ាងទៀតទិញដីក្បែររោងចក្រមានស្រាប់វាក៏ឡើងថ្លៃខ្ពស់ហើយដែរ” ។
លោកបន្តថា ដើម្បីទិញដីឡូតិ៍ទុកចំណេញ ត្រូវរកទីតាំងដីដែលមាននឹងងាយស្រួលអភវឌ្ឍន៍ និងមានតម្លៃក្រោម១០,០០០ដុល្លារ លើទំហំ៥x ២០ម៉ែត្រ ជាដីនៅឆ្ងាយក្រុងបន្តិច(ព្រោះនៅកៀកក្រុងទិញមិនបានទេ) តែជាដីនៅជាប់ភូមិប្រជាពលរដ្ឋ នៅក្បែរសាលារៀន វត្តអារ៉ាម មន្ទីរពេទ្យបើមានផ្សារទៀតរឹតតែល្អ ជាពិសេសជាទីតាំងដី ដែលរៀបនឹងមានគម្រោងអភិវឌ្ឍន៍ធ្លាក់មកដល់ ដូចជា គម្រោងអភិវឌ្ឍន៍ផ្ទះល្វែង គម្រោងអភិវឌ្ឍន៍សួនឧស្សាហកម្ម ឬរោងចក្រជាដើម។
បច្ចុប្បន្នគេសង្កេតឃើញថា រដ្ឋាភិបាលបានដាក់គោលនយោបាយ ឱ្យរោងចក្ររើចេញទៅក្រៅក្រុង ពិសេសនៅតាមផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវ៥១ ឬផ្លូវ៤១ជាដើម។ នៅពេលដែលដឹងពីគម្រោងរោងចក្រ ត្រៀមផ្លាស់ទៅទីតាំងណាមួយជាក់លាក់ គួរទិញដីក្បែរនោះទុក។ សម្រាប់ដែលមានតម្លៃក្រោម១០,០០០ដុល្លារ ពេលរោងចក្រធ្លាក់មកដល់ វានឹងឡើងដល់ទៅជាង២០,០០០ដុល្លារជាមិនខាន ដូច្នេះបើសិនមានលុយទិញដីខ្ទង់ក្រោមមួយម៉ឺនដុល្លារចុះ ឱកាសចំណេញត្រឡប់គឺមានច្រើន៕