ដោយៈ សាវុធ
ភ្នំពេញៈ អ្នកជំនាញរំពឹងថា វិស័យអចលនទ្រព្យនៅកម្ពុជា នឹងមានតម្រូវការខ្ពស់ស្ទើរតែគ្រប់ផ្នែក បន្ទាប់ពិភពលោកប្រកាសបញ្ចប់វិបត្តិកូវីដ១៩ ខណៈវ៉ាក់សាំងកូវីដ១៩បាននិងកំពុងចាប់ផ្តើម ចាក់ជូនប្រជាជនជុំវិញពិភពលោកជាបន្តបន្ទាប់។
លោកឌិត ចណ្ណាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យឡាក់គី បានថ្លែងប្រាប់កាលពី ថ្មីៗថា ស្ទើរតែគ្រប់ផ្នែកនៃវិស័យអចលនទ្រព្យនឹងមានតម្រូវការខ្ពស់វិញ ក្រោយពេលវ៉ាក់សាំងចាក់ជូនពលរដ្ឋក្នុងចំនួនសមស្រប និងពិភពលោកប្រកាសបញ្ចប់វិបត្តិកូវីដ១៩ ។
លោកបានបន្តថា “វិស័យអចលនទ្រព្យនៅកម្ពុជា លំនៅដ្ឋានក្នុងប្រទេសមានតម្រូវការច្រើន ប៉ុន្តែទទួលរងប៉ះពាល់ខ្លះផងដែរ ដោយសារតែកូវីដ១៩” ។ លោកបន្តថា “ម្យ៉ាងវិញទៀតទីផ្សារខុនដូក្នុងប្រទេសកម្ពុជា ក៏ត្រូវបានរំពឹងថានឹងអាចមានតម្រូវការខ្ពស់ដែរ បន្ទាប់ពីចប់កូវីដ១៩ ដូច្នេះសកម្មភាពវិនិយោគនៃវិស័យទាំងនេះ នឹងចាប់ផ្ដើមកម្រើក ក្រោយវិបត្តិជំងឺសកលនេះ ត្រូវបានដោះស្រាយ” ។
លោបានថ្លែងថា ជាបន្តបន្ទាប់អ្នកវិនិយោគក្រៅស្រុក ទេសចរ នឹងចូលមកហើយចេញចូលៗហូរហែរ ពេលនោះនឹងជំរុញឱ្យសេដ្ឋកិច្ចកម្ពុជា នឹងមានសន្ទុះប្រសើរឡើងវិញ។
លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងផងដែរថា កម្ពុជាត្រូវការពេលពី៦ ដល់៩ខែ ដើម្បីឱ្យវិស័យអចលនទ្រព្យមានដំណើរការប្រសើរឡើងវិញ ហើយសកម្មភាពគម្រោងតូចៗ និងម្រោងធំៗនឹងចាប់ផ្ដើមទៅតាមនោះដែរ។
អ្នកជំនាញជាច្រើនទៀតបានមើលឃើញថា បើទោះបីជាឆ្នាំ ២០២១នេះ កម្ពុជានៅតែជួបនឹងវិបត្តិកូវីដ១៩ក្ដី ក៏មិនធ្វើឱ្យតម្លៃអចលនទ្រព្យធ្លាក់ចុះខ្លាំងនោះដែរ។ តំបន់ខ្លះនៅតែមានតម្លៃខ្ព ស់និងងើបជាងឆ្នាំមុន តែតំបន់ខ្លះទៀតនៅទ្រឹង និងមានការថមថយតិចតួចប៉ុណ្ណោះ៕