អ្នកជំនាញ​ពីររូប លើកឡើង​ពី​សក្តានុពល​ខ័​ណ្ឌ​សែន​សុខ​ដែល​កំពុង​ផ្លាស់ប្តូរ​មុខមាត់​យ៉ាង​ឆាប់រហ័ស

0

ដោយៈ​គង់ សូរិយា

ភ្នំពេញៈ ធ្លាប់ជា​ដីស្រែ និង​បឹង​កាលពី៥ឆ្នាំមុន បច្ចុប្បន្ន​ខ័​ណ្ឌ​សែន​សុខ ត្រូវបាន​គេ​មើលឃើញថា កំពុង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម (CBD) ថ្មី​មួយ នៅ​ភាគ​ខាងជើង​ឆៀង​ខាង​លិ​ខ​រាជធានី​ភ្នំពេញ។

ជាមួយនឹង​វត្តមាន​ផ្សារ​ទំនើប AEON Mall2 ដែល​បាន​បើក​ដំណើរការ​កាលពី​ឆ្នាំ២០១៩ បានធ្វើ​ឲ្យ​ខ័​ណ្ឌ​នេះ​ទាក់ទាញ​គំរោង​វិនិយោគ​ជាច្រើន ពិសេស​អាគារ​ខុន​ដូ ដែល​បាននិងកំពុង​សាងសង់​ប្រណាំង​ជាមួយនឹង​ពេលវេលា។

លោក​ស៊ន សៀ​ប អគ្គនាយក​ក្រុមហ៊ុន Key Real Estate Co, Ltd បាន​មានប្រសាសន៍ថា ខណ្ឌ​សែន​សុខ​មាន​គម្រោង​លំនៅដ្ឋាន​ច្រើនជាងគេ និង​កំពុង​លេ​ចេញ​នូវ​គំរោង​ផ្សារ​ទំនើប ខុន​ដូ​កាន់តែច្រើន ដោយសារ​វា​ជា​តំបន់​ដែលមាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ស្អាត​ទើបនឹង​ស្ថាបនា​ជាច្រើន និង​ដែល​ទទួល​ចំហាយ​ពី​ខណ្ឌទួលគោក។

លោក​បន្តថា ម្យ៉ាងទៀត ខណ្ឌ​សែន​សុខ បាន​រីកចម្រើន​តាំងពី​ឆ្នាំ២០១៥មក ដែល​បាន​ទាក់ទាញ​គម្រោងធំៗជាច្រើន​ដូចជា ផ្សារ​អ៊ី​អន២ ផ្សារ​ម៉ាក្រូ បុរី​ប៉េង​ហួត បុរី​ជីបម៉ុង និង​បុរី​ពិភពថ្មី​ជាដើម។

ភាព​រីកចម្រើន​នៃ​ខណ្ឌ​សែន​សុខ បានធ្វើឱ្យ​តម្លៃ​ដីធ្លី​នៅ​តំបន់​នោះ​កើនឡើង​គួរឱ្យកត់សម្គាល់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។

យោងតាម​របាយការណ៍​ស្រាវជ្រាវ​ដីធ្លី​កាលពី​ឆ្នាំមុន របស់​ក្រុមហ៊ុន Key Real Estate បាន​ឲ្យ​ដឹងថា តម្លៃ​ដី​នៅ​ខណ្ឌ​សែន​សុខ បាន​កើនឡើង១៥ភាគរយ​នៅ​ឆ្នាំ២០២០នេះ​បើ​ធៀប​នឹង​ឆ្នាំ២០១៩កន្លងទៅ។

ក្នុងពេល​បច្ចុប្បន្ន លំនៅដ្ឋាន​តម្លៃ​មធ្យម​គឺជា​ទីផ្សារ ដែលមាន​ភាព​ពេញនិយម​ជាងគេ​នៅក្នុង​រាជធានី​ភ្នំពេញ ដែល​ត្រូវបាន​គេ​ឃើញ​សាងសង់​ច្រើន ជាងគេ​នៅ​ខណ្ឌ​សែន​សុខ ដង្កោ ឫស្សីកែវ និង​កំបូល។

ជាមួយគ្នានេះ​លោក​បណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia មានប្រសាសន៍ថា លំនៅដ្ឋាន ដែល​កំពុងមាន​តម្រូវការ​ទីផ្សារ​ខ្លាំងជាងគេ ក្នុងពេល​បច្ចុប្បន្ន គឺ​លំនៅដ្ឋាន​តម្លៃ​មធ្យម​ក្រោម១០ម៉ឺន​ដុល្លារ ជាពិសេស​តម្លៃ​ចន្លោះ៤ទៅ៦ម៉ឺន​ដុល្លារ។

លោក​បន្តថា គម្រោង​លំនៅដ្ឋាន​តម្លៃ​មធ្យម​ទាំងនេះ ត្រូវបាន​គេ​អភិវឌ្ឍ​ភាគច្រើន​នៅ​ជាយក្រុង​ភ្នំពេញ ដោយសារ​តម្លៃ​ដី​នៅ​ទីនោះ​នៅ​ធូរ​ថ្លៃ ជាង​តម្លៃ​ដី​នៅ​កណ្ដាល​ក្រុង។ បុរី​ពិភពថ្មី ស្ថិតនៅក្នុង​ចំណោម​អ្នក​អភិវឌ្ឍន៍​គម្រោង​លំនៅដ្ឋាន តម្លៃ​មធ្យម​ច្រើនជាងគេ​នៅក្នុង​រាជធានី​ភ្នំពេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here