ដោយៈគង់ សូរិយា
ភ្នំពេញៈ ធ្លាប់ជាដីស្រែ និងបឹងកាលពី៥ឆ្នាំមុន បច្ចុប្បន្នខ័ណ្ឌសែនសុខ ត្រូវបានគេមើលឃើញថា កំពុងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម (CBD) ថ្មីមួយ នៅភាគខាងជើងឆៀងខាងលិខរាជធានីភ្នំពេញ។
ជាមួយនឹងវត្តមានផ្សារទំនើប AEON Mall2 ដែលបានបើកដំណើរការកាលពីឆ្នាំ២០១៩ បានធ្វើឲ្យខ័ណ្ឌនេះទាក់ទាញគំរោងវិនិយោគជាច្រើន ពិសេសអាគារខុនដូ ដែលបាននិងកំពុងសាងសង់ប្រណាំងជាមួយនឹងពេលវេលា។
លោកស៊ន សៀប អគ្គនាយកក្រុមហ៊ុន Key Real Estate Co, Ltd បានមានប្រសាសន៍ថា ខណ្ឌសែនសុខមានគម្រោងលំនៅដ្ឋានច្រើនជាងគេ និងកំពុងលេចេញនូវគំរោងផ្សារទំនើប ខុនដូកាន់តែច្រើន ដោយសារវាជាតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធល្អស្អាតទើបនឹងស្ថាបនាជាច្រើន និងដែលទទួលចំហាយពីខណ្ឌទួលគោក។
លោកបន្តថា ម្យ៉ាងទៀត ខណ្ឌសែនសុខ បានរីកចម្រើនតាំងពីឆ្នាំ២០១៥មក ដែលបានទាក់ទាញគម្រោងធំៗជាច្រើនដូចជា ផ្សារអ៊ីអន២ ផ្សារម៉ាក្រូ បុរីប៉េងហួត បុរីជីបម៉ុង និងបុរីពិភពថ្មីជាដើម។
ភាពរីកចម្រើននៃខណ្ឌសែនសុខ បានធ្វើឱ្យតម្លៃដីធ្លីនៅតំបន់នោះកើនឡើងគួរឱ្យកត់សម្គាល់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
យោងតាមរបាយការណ៍ស្រាវជ្រាវដីធ្លីកាលពីឆ្នាំមុន របស់ក្រុមហ៊ុន Key Real Estate បានឲ្យដឹងថា តម្លៃដីនៅខណ្ឌសែនសុខ បានកើនឡើង១៥ភាគរយនៅឆ្នាំ២០២០នេះបើធៀបនឹងឆ្នាំ២០១៩កន្លងទៅ។
ក្នុងពេលបច្ចុប្បន្ន លំនៅដ្ឋានតម្លៃមធ្យមគឺជាទីផ្សារ ដែលមានភាពពេញនិយមជាងគេនៅក្នុងរាជធានីភ្នំពេញ ដែលត្រូវបានគេឃើញសាងសង់ច្រើន ជាងគេនៅខណ្ឌសែនសុខ ដង្កោ ឫស្សីកែវ និងកំបូល។
ជាមួយគ្នានេះលោកបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia មានប្រសាសន៍ថា លំនៅដ្ឋាន ដែលកំពុងមានតម្រូវការទីផ្សារខ្លាំងជាងគេ ក្នុងពេលបច្ចុប្បន្ន គឺលំនៅដ្ឋានតម្លៃមធ្យមក្រោម១០ម៉ឺនដុល្លារ ជាពិសេសតម្លៃចន្លោះ៤ទៅ៦ម៉ឺនដុល្លារ។
លោកបន្តថា គម្រោងលំនៅដ្ឋានតម្លៃមធ្យមទាំងនេះ ត្រូវបានគេអភិវឌ្ឍភាគច្រើននៅជាយក្រុងភ្នំពេញ ដោយសារតម្លៃដីនៅទីនោះនៅធូរថ្លៃ ជាងតម្លៃដីនៅកណ្ដាលក្រុង។ បុរីពិភពថ្មី ស្ថិតនៅក្នុងចំណោមអ្នកអភិវឌ្ឍន៍គម្រោងលំនៅដ្ឋាន តម្លៃមធ្យមច្រើនជាងគេនៅក្នុងរាជធានីភ្នំពេញ៕