ដោយៈ ម៉ាណេត
ភ្នំពេញៈ វិស័យសំណង់ និងអចលនទ្រព្យ នឹងរួមចំណែកស្តារសេដ្ឋកិច្ចកម្ពុជា ឱ្យងើបឡើងវិញបានឆាប់រហ័ស បន្ទាប់ពីវិបត្តិកូវីដ១៩ ខណៈក្នុងមួយឆ្នាំៗ វិស័យនេះបានស្រូបទាញទុនវិនិយោគរាប់ពាន់លានដុល្លារ និងបង្កើតការងាររាប់ពាន់កន្លែងដល់ប្រជាជន។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា បានថ្លែងប្រាប់កាលចុងសប្តាហ៍កន្លងមកនេះថា វិស័យសំណង់និងអចលនទ្រព្យ រួមជាមួយនឹងវិស័យសំខាន់ៗជាច្រើន នឹងរួមចំណែកស្តារសេដ្ឋកិច្ចកម្ពុជា ឱ្យងើបឡើងវិញបានឆាប់រហ័ស។
លោកបានឱ្យដឹងទៀតថា ជាមួយគ្នានេះដែរ វិស័យទេសចរណ៍នៅតែបន្តរងផលប៉ះពាល់ខ្លាំងជាងគេ ដែលមិនទាន់អាចចូលរួមចំណែក ជួយដល់ការជំរុញកំណើនសេដ្ឋកិច្ច ប៉ុន្តែវិស័យដែលយើងរំពឹងទុកថា នឹងជួយដល់កំណើនសេដ្ឋកិច្ចកម្ពុជា រួមមាន វិស័យសំណង់និងអចលនទ្រព្យ ព្រោះថាវិស័យទាំងអស់នេះ មិនសូវជារងផលប៉ះពាល់ពីវិបត្តិនេះទេ។
ទាក់ទងនឹងការទម្លាក់កញ្ចប់ថវិកា ៨០០លានដុល្លារ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ លោកបណ្ឌិតបានថ្លែងថា កញ្ចប់ថវិកាសង្គ្រោះសេដ្ឋកិច្ចនេះ គឺផ្នែកមួយដែលនឹងជំរុញកំណើនសេដ្ឋកិច្ចបន្ថែម ប៉ុន្តែត្រូវផ្តោតលើការជំរុញវិស័យអទិភាពដូចជា វិស័យសំណង់និងអចលនទ្រព្យ វិស័យឧស្សាហកម្ម និងវិស័យកសិកម្មជាដើម។
ប្រទេសកម្ពុជានៅតែជាទីកន្លែង ដែលស្រូបទាញការវិនិយោគច្រើន ក្នុងវិស័យសំណង់ ដោយទុនវិនិយោគប្រមាណ ៧៧០០លានដុល្លារ ត្រូវបានអនុម័តដោយក្រសួងរៀបចំដែនដីកាលពីឆ្នាំមុន។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញថា ក្នុងឆ្នាំ២០២០កន្លងទៅ កម្ពុជាទទួលបានគម្រោងសាងសង់ សំណង់ទូទាំងប្រទេសចំនួន៤.៨៤១គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុប ចំនួនជាង២៩លានម៉ែត្រក្រឡា និងមានតម្លៃប៉ាន់ស្មាន៧,៧៥ពាន់លានដុល្លារអាមេរិក ថយចុះប្រមាណ៣២,២១ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ។
លោកវង្សី វិស្សុត រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងកាលពីដើមឆ្នាំនេះថា វិស័យសំណង់ និងអចលនទ្រព្យត្រូវបានចាត់ទុកជា ចន្ទល់ដ៏រឹងមាំរបស់កម្ពុជា ក្នុងការគាំទ្រសេដ្ឋកិច្ច ក្នុងអំឡុងពេលនៃការធ្លាក់ចុះដោយសារតែវិបត្តិកូវីដ១៩ ។
លោកបានថ្លែងថា “ខ្ញុំគិតថាមកដល់ពេលនេះ វិស័យអចលនទ្រព្យ និងវិស័យសំណង់ ជាចន្ទល់សេដ្ឋកិច្ចមួយ ដែលមានភាពរឹងមាំគួរសម ដែលធ្វើឲ្យវិស័យសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះយឺត” ។ លោកបន្ថែមថា “សេដ្ឋកិច្ចកម្ពុជាអាចធ្លាក់ជាងនេះ ប៉ុន្ដែជាក់ស្ដែងធ្លាក់ចុះត្រឹម-៣.១ភាគរយប៉ុណ្ណោះ។ ចំពោះវិស័យសំណង់ធ្លាក់ចុះពី-១៣ភាគរយ មកត្រឹម-២.៤៥ភាគរយ ហើយអចនលទ្រព្យងើបឡើងវិញពី-៥ភាគរយ មកត្រឹម-៤ភាគរយ” ។
លោកបានបន្ដថា “ជាគោលយោបាយត្រូវថែទាំវិស័យនេះ ដោយសារតែវិស័យទាំង២នេះ ជាចន្ទល់សេដ្ឋកិច្ចមួយនៅពេលមានវិបត្តិ។ រដ្ឋក៏មានគោលនយោបាយមិនយកពន្ធ ចំពោះអចលនទ្រព្យក្រោម៧ម៉ឺនដុល្លារ ដូច្នេះការលក់ដូរអចលនទ្រព្យ តម្លៃក្រោម៧ម៉ឺនដុល្លារកើនឡើង ចំណែកឯវិស័យខុនដូ និងផ្ទះមានតម្លៃថ្លៃធ្លាក់ចុះ” ៕