សេដ្ឋវិទូៈ វិស័យ​សំណង់ និង​អចលនទ្រព្យ​នឹង​រួមចំណែក​ស្តារ​សេដ្ឋកិច្ចកម្ពុជា​ឱ្យ​ងើបឡើងវិញ​បាន​ឆាប់រហ័ស

0

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ វិស័យ​សំណង់ និង​អចលនទ្រព្យ នឹង​រួមចំណែក​ស្តារ​សេដ្ឋកិច្ចកម្ពុជា ឱ្យ​ងើប​ឡើងវិញ​បាន​ឆាប់រហ័ស បន្ទាប់ពី​វិបត្តិ​កូ​វីដ១៩ ខណៈ​ក្នុងមួយឆ្នាំៗ វិស័យនេះ​បាន​ស្រូប​ទាញ​ទុនវិនិយោគ​រាប់ពាន់​លាន​ដុល្លារ និង​បង្កើត​ការងារ​រាប់ពាន់​កន្លែង​ដល់​ប្រជាជន។

លោក​បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិតសភា​កម្ពុជា បាន​ថ្លែងប្រាប់​កាល​ចុង​សប្តាហ៍​កន្លងមកនេះ​ថា វិស័យ​សំណង់​និង​អចលនទ្រព្យ រួមជាមួយ​នឹង​វិស័យសំខាន់ៗជាច្រើន នឹង​រួមចំណែក​ស្តារ​សេដ្ឋកិច្ចកម្ពុជា ឱ្យ​ងើប​ឡើងវិញ​បាន​ឆាប់រហ័ស។

លោក​បាន​ឱ្យដឹងទៀតថា ជាមួយគ្នានេះដែរ វិស័យ​ទេសចរណ៍​នៅតែ​បន្ត​រង​ផលប៉ះពាល់​ខ្លាំងជាងគេ ដែល​មិនទាន់​អាច​ចូលរួមចំណែក ជួយ​ដល់​ការជំរុញ​កំណើនសេដ្ឋកិច្ច ប៉ុន្តែ​វិស័យ​ដែល​យើង​រំពឹងទុក​ថា នឹង​ជួយ​ដល់​កំណើន​សេដ្ឋកិច្ចកម្ពុជា រួមមាន វិស័យ​សំណង់​និង​អចលនទ្រព្យ ព្រោះថា​វិស័យ​ទាំងអស់នេះ មិនសូវ​ជា​រង​ផលប៉ះពាល់​ពី​វិបត្តិ​នេះ​ទេ។

ទាក់ទង​នឹង​ការទម្លាក់​កញ្ចប់​ថវិកា ៨០០លាន​ដុល្លារ ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ លោក​បណ្ឌិត​បាន​ថ្លែងថា កញ្ចប់​ថវិកា​សង្គ្រោះ​សេដ្ឋកិច្ច​នេះ គឺ​ផ្នែក​មួយ​ដែល​នឹង​ជំរុញ​កំណើនសេដ្ឋកិច្ច​បន្ថែម ប៉ុន្តែ​ត្រូវ​ផ្តោតលើ​ការជំរុញ​វិស័យ​អទិភាព​ដូចជា វិស័យ​សំណង់​និង​អចលនទ្រព្យ វិស័យ​ឧស្សាហកម្ម និង​វិស័យ​កសិកម្ម​ជាដើម។

ប្រទេស​កម្ពុជា​នៅតែ​ជាទី​កន្លែង ដែល​ស្រូប​ទាញ​ការវិនិយោគ​ច្រើន ក្នុង​វិស័យ​សំណង់ ដោយ​ទុនវិនិយោគ​ប្រមាណ ៧៧០០លាន​ដុល្លារ ត្រូវបាន​អនុម័ត​ដោយ​ក្រសួង​រៀបចំ​ដែនដី​កាលពី​ឆ្នាំមុន។

យោងតាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​បង្ហាញថា ក្នុង​ឆ្នាំ២០២០កន្លងទៅ កម្ពុជា​ទទួលបាន​គម្រោង​សាងសង់ សំណង់​ទូទាំងប្រទេស​ចំនួន៤.៨៤១គម្រោង មាន​ផ្ទៃក្រឡា​កម្រាល​សំណង់​សរុប ចំនួន​ជាង២៩លាន​ម៉ែត្រក្រឡា និង​មានតម្លៃ​ប៉ាន់ស្មាន៧,៧៥ពាន់​លាន​ដុល្លារ​អាមេរិក ថយចុះ​ប្រមាណ៣២,២១ភាគរយ បើ​ធៀប​នឹង​ឆ្នាំ២០១៩ ។

លោក​វ​ង្សី វិស្សុត ​រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​កាលពីដើម​ឆ្នាំនេះ​ថា វិស័យ​សំណង់ និង​អចលនទ្រព្យ​ត្រូវបាន​ចាត់ទុកជា ចន្ទល់​ដ៏​រឹងមាំ​របស់​កម្ពុជា ក្នុង​ការគាំទ្រ​សេដ្ឋកិច្ច ក្នុងអំឡុងពេល​នៃ​ការធ្លាក់ចុះ​ដោយសារតែ​វិបត្តិ​កូ​វីដ១៩ ។

លោក​បាន​ថ្លែងថា “ខ្ញុំ​គិតថា​មកដល់ពេលនេះ វិស័យ​អចលនទ្រព្យ និង​វិស័យ​សំណង់ ជា​ចន្ទល់​សេដ្ឋកិច្ច​មួយ ដែលមាន​ភាពរឹងមាំ​គួរសម ដែល​ធ្វើ​ឲ្យ​វិស័យ​សេដ្ឋកិច្ចកម្ពុជា​ធ្លាក់ចុះ​យឺត” ។ លោក​បន្ថែមថា “សេដ្ឋកិច្ចកម្ពុជា​អាច​ធ្លាក់​ជាង​នេះ ប៉ុន្ដែ​ជាក់ស្ដែង​ធ្លាក់ចុះ​ត្រឹម-៣.១ភាគរយ​ប៉ុណ្ណោះ។ ចំពោះ​វិស័យ​សំណង់​ធ្លាក់ចុះ​ពី-១៣ភាគរយ មក​ត្រឹម-២.៤៥ភាគរយ ហើយ​អ​ច​នល​ទ្រព្យ​ងើបឡើង​វិញ​ពី-៥ភាគរយ មក​ត្រឹម-៤ភាគរយ” ។

លោក​បាន​បន្ដថា “ជា​គោល​យោ​បាយ​ត្រូវ​ថែទាំ​វិស័យនេះ ដោយសារតែ​វិស័យ​ទាំង២នេះ ជា​ចន្ទល់​សេដ្ឋកិច្ច​មួយ​នៅពេល​មាន​វិបត្តិ។ រដ្ឋ​ក៏មាន​គោលនយោបាយ​មិន​យកពន្ធ ចំពោះ​អចលនទ្រព្យ​ក្រោម៧ម៉ឺន​ដុល្លារ ដូច្នេះ​ការលក់ដូរ​អចលនទ្រព្យ តម្លៃ​ក្រោម៧ម៉ឺន​ដុល្លារ​កើនឡើង ចំណែកឯ​វិស័យ​ខុន​ដូ និង​ផ្ទះ​មានតម្លៃ​ថ្លៃ​ធ្លាក់ចុះ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here