ឧកញ៉ា​ឃាង ពុ​ទ្ធីៈ ក្រុមហ៊ុន​អភិវឌ្ឍន៍​មុន​លក់​ផ្ទះ​ទៅឱ្យ​អតិថិជន​ដោយ​ការបង់​រំលស់​ក្នុងតំណាក់កាល​នេះ​ត្រូវ​សិក្សា

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ នៅក្នុង​បរិបថ​ដែល​កំពុង​ញាំញី​ដោយ​វិបត្តិ នៃ​ជំងឺ​កូ​វីដ១៩បណ្តាលឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ទៅដល់​វិស័យ​មួយចំនួន ដែល​ក្នុងនោះ​រាប់ទាំង​ទីផ្សារ​លំនៅដ្ឋាន​ផងដែរ​នោះ បានធ្វើឱ្យ​គម្រោង​នានា ដែល​កំពុង​ដាក់លក់​ប្រើ​នូវ​យុទ្ធសាស្ត្រ​ជាច្រើន ដើម្បី​ជំរុញ​ការលក់​ចេញ រហូត​មានពេលខ្លះ​មិនបាន​គិត ទៅលើ​ហានិភ័យ​ពី​ការលក់​នៅពេល​អនាគត​ផងដែរ។

ប្រធាន​ក្រុមប្រឹក្សាភិបាល សមាគម​អ្នកជំនាញ​អចល​ទ្រព្យ​កម្ពុជា ឧកញ៉ា​ឃាង ពុ​ទ្ធី​បាន​មានប្រសាសន៍​នៅ​ល្ងាច​ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ថា ក្រុមហ៊ុន​អ​ភ​វឌ្ឍន៍​មួយចំនួន នៅក្នុង​ដំណាក់​នេះ បាន​ប្រើ​នូវ​យុទ្ធសាស្ត្រ​ទីផ្សារ​ច្រើន​វិធី ដើម្បី​ធ្វើយ៉ាងណា​អាច​ជំរុញ​ការលក់​របស់ខ្លួន ជាពិសេស​ការលក់​លំនៅ​ដ្ឋា​ន​ក្រោម​ទម្រង់​នៃ​ការបង់​រំ​លោះ។

លោក​បន្តថា “ទម្រង់​នៃ​ការលក់​អចលនវត្ថុ ជាពិសេស​លំនៅដ្ឋាន​ដោយ​ការបង់​រំលស់​នេះ គឺមាន​ប្រជាប្រិយភាព​ណាស់ ហើយ​នៅតាម​បណ្តា​ប្រទេសផ្សេងៗ ក៏មាន​ការលក់​បែបនេះ​ដែរ” ។ លោក​បន្តថា “សូម្បី​នៅ​សហរដ្ឋអាមេរិក​ក៏ដោយ ព្រោះ​ងាយ​ទទួលបាន​អតិថិជន ហើយ​អតិថិជន​ក៏​អាចមាន​លទ្ធភាព ក្នុង​ការទិញ​ដោយ​បណ្តាក់​ជា​បន្តបន្ទាប់(បង់​រំ​លោះ)” ។

លោក​បាន​លើកឡើងថា ក្នុង​កាលៈទេសៈ​នេះ មិន​ថា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ផ្ទាល់ ឬ​ភ្នាក់ងារ​លក់​នោះទេ តែង​ជំរុញ​ការលក់​គម្រោង​របស់ខ្លួន ដែល​កំពុង​ជួប​ភាពស្ងប់ស្ងាត់ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​កុំ​ភ្លេច​ពិនិត្យ និង​សិក្សា​លម្អិត​ទៅលើ​អតិថិជន ដែល​កំពុង​មានបំណង​ទិញ​លំនៅដ្ឋាន ក្នុង​គម្រោង​របស់ខ្លួន​របស់ខ្លួន​ថា តើ​អាចមាន​ហានិភ័យ​ទៅ​ថ្ងៃ​អនាគត​ឬទេ ជាពិសេស​សំដៅ​ទៅលើ​លទ្ធភាព នៃ​ការបង់​រំលស់ ក្នុង​រយៈពេល​វែង​រប​ស់​អតិថិជន​តែម្ដង។

ឧកញ៉ា​បាន​បញ្ជាក់ថា “ជាធម្មតា​មនុស្ស​នៅពេលដែល​ឃើញ អចលវត្ថុ​ណាមួយ​ដែលមាន​តម្លៃ​ទាប​ជាង​ទីផ្សារ​គឺ​ចង់បាន ជាពិសេស​សម្រាប់​អ្នក​មិនទាន់មាន​លំនៅដ្ឋាន​ស្នាក់នៅ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន នៅពេលដែល​ឃើញ​គម្រោង​មួយ​ល្អ ផ្តល់​លក្ខខណ្ឌ​បង់ប្រាក់​ងាយស្រួល ក៏​ចាប់អារម្មណ៍​ទិញ ដោយ​ថ្លឹងថ្លែង​ពី​លទ្ធភាព នៃ​ការបង់​ជាក់ស្ដែង​ដែល​ខ្លួន​មាន ប៉ុន្តែ​ភាគច្រើន​ហាក់​មិន​បានគិត​វែងឆ្ងាយ ទៅ​ថ្ងៃ​អនាគត​ដែល​អាច​កើតមាន​ជាយថាហេតុ​ដោយ​ប្រការ​ណាមួយ​នោះទេ” ។

លោក​បាន​លើក​ជា​ឧទាហរណ៍​ថា ជាក់ស្ដែង​នៅក្នុង​សម័យ​កូ​វីដ​នេះ​ស្រាប់ មាន​អតិថិជន​មួយចំនួន គាត់​មិនទាន់មាន​បញ្ហារ​ច​ន្ត​សាច់ប្រាក់ ក្នុង​ការបង់​រំលស់​នោះទេ​បើទោះជា​គាត់​នៅជាប់​បំណុល​ធនាគារឯកជន និង​មានលទ្ធភាព​បង់​ជា​បន្តបន្ទាប់​ក៏ដោយ ហើយ​គាត់​ថែមទាំង​អាច នៅសល់​សាច់ប្រាក់​ប្រចាំខែ​ថែមទៀត។

ដូច្នេះ​នៅពេល​គាត់​ឃើញ​មាន​គម្រោង​ល្អ លក់​ក្នុងតម្លៃ​ទាប ហើយ​លក្ខខណ្ឌ​នៃ​ការបង់​ស្របទៅនឹង​ចរន្ត​សាច់ប្រាក់ ដែល​គាត់​កំពុងមាន ដូច្នេះ​គាត់​អាច​សម្រេចចិត្ត​ទិញ ដូច្នេះ​មានន័យថា គាត់​បាន​បន្ថែម​នូវ​បំណុល​ថ្មី។ ជួន​ជា​ចៃដន្យ អាជីវកម្ម ឬ​ការងារ ដែលជា​ប្រភព​ចំណូល​របស់គាត់ មាន​បញ្ហា​ដោយ​ប្រការ​ណាមួយ។ ដូច្នេះ​វា​នឹង​ជះឥទ្ធិពល​អាក្រក់ និង​កើតមាន​បញ្ហា​រួមគ្នា បញ្ហា​ទាំង​ចំណូល​គ្រួសារ បញ្ហា​ទាំង​ការបង់​ធនាគារ និង​បញ្ហា​នៃ​ការបង់​រំ​លោះ​លំនៅដ្ឋាន។ ជារួម នៅ​មុនពេល​សម្រេច​លក់ លំនៅដ្ឋាន​ទៅឱ្យ​អតិថិជន នៅក្នុង​ដំណាក់កាល​ត្រូវតែ​សិក្សា ពី​លទ្ធភាព​របស់​អតិថិជន​ឱ្យបាន​ច្បាស់​ជៀសវាង​កើតមាន​ហានិភ័យ​នៅ​ថ្ងៃ​ខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here