ដោយៈគង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលនឹងសាងសង់ផ្លូវពីរខ្សែទៀត នៅភាគខាងជើងក្រុងភ្នំពេញ ដើម្បីជួយលំហូរសម្រួលចរាចរណ៍ នៅកំឡុងពេលកម្ពុជារៀបចំព្រឹត្តិការណ៍ ស៊ីហ្គេម ដែលនឹងប្រារពធ្វើនៅខែឧសភា ឆ្នាំ២០២៣ ។
ផ្លូវពីរខ្សែនេះនឹងចាប់ផ្តើមពីខ្សែទី១ គឺចាកចេញពីផ្លួវមេនៃទីក្រុងរណបជ្រោយចង្វារ ទីក្រុងនៃអនាគត ឆ្ពោះទៅកាន់ស្តាតមរតកសម្តេចតេជោ និងផ្លូវមួយខ្សែទៀតគឺភ្ជាប់ពីមាត់ទន្លេសាបត្រើយខាងកើត ឆ្ពោះទៅតភ្ជាប់ជាមួយមហាវិថីឈ្នះ ឈ្នះ។
លោកវ៉ាត់ ចំរើន អគ្គលេខាធិការជាតិ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងកាលពីពេលថ្មីៗនេះថា យោងតាមការសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ផ្លូវពីរខ្សែនេះនឹងត្រូវសាងសង់ឡើង ដើម្បីជួយសម្រួលលំហូរចរាចរណ៍របស់ពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិ ដែលនឹងមកចូលរូមប្រារពកីឡាស៊ីហ្គេម ដែលមានពីរឆ្នាំម្តង និងជាពេលវេលាប្រវត្តិសាស្ត្រដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំនេះ ជាលើកដំបូង។
លោកបន្តថា “ការកសាងហេដ្ឋារចនាសម្ព័ន្ឋនេះ ក៏ដើម្បីសម្រួលលំហូរចរាចរណ៍៍របស់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់ខាងលើនេះ ដោយបច្ចុប្បន្ននេះតំបន់នេះកំពុងទាក់ទាញគំរោងវិនិយោគជាច្រើន” ។
ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់ បានមានប្រសាសន៍ថា ការកសាងហេដ្ឋារចនាសម្ព័ន្ឋទាំងពីរខ្សែរនេះ មិនត្រឹមតែបំរើដល់ព្រឹត្តិការណ៍កីឡាដ៏ធំខាងមុខនោះទេ ប៉ុន្តែវានឹងជួយដល់ការអភិវឌ្ឍលំនៅដ្ឋាន បុរី មជ្ឈមណ្ឌលពាណិជ្ជកម្មនៅតំបន់នេះកាន់តែច្រើន ខណៈបច្ចុប្បន្នអ្នកអភិវឌ្ឍន៍បុរីធំៗជាច្រើន បាននិងកំពុងសម្រុកទៅវិនិយោគនៅតំបន់នេះ។
លោកបន្តថា “នាពេលអនាគត តំបន់នេះនឹងក្លាយជាក្រុងរណបដ៏ស៊ីវិល័យមួយ ដែលបណ្តុំដោយលំនៅដ្ឋានប្រណីត មជ្ឈមណ្ឌលពាណិជ្ជកម្ម និងរមណីយដ្ឋានលំហែរកំសាន្តច្រើន” ៕