លោក​ឧកញ៉ា នួន រិទ្ធីៈ​ចង់​រកស៊ី​ទទួលបាន​ចំណេញ​ច្រើន​ត្រូវតែមាន​វិន័យ​លើ​ខ្លួនឯង

0

ដោយៈ​រ៉ា​ណេ​ត

ភ្នំពេញៈ គ្មាន​អ្នកណាម្នាក់​ហ៊ាន​និយាយថា មិន​ចង់​ទទួលបាន​ភាពជោគជ័យ​ទៅលើ​អ្វីដែល​ខ្លួន​កំពុងតែ​ធ្វើ​នោះទេ ដោយ​ក្នុងនោះ​រាប់ទាំង​ការបំពេញ​កិច្ចការងារ ការចេញ​ប្រកប​អាជីវកម្ម ឬ​មុខ​ជំនួញ ក៏ដូចជា​ការវិនិយោគ​នៅក្នុង​វិស័យ​ណាមួយ។

ប៉ុន្តែ​សំណួរ​សួរថា តើ​គួរ​ធ្វើ​យ៉ាងដូចម្ដេច ដើម្បី​អាច​សម្រេចបាន​នូវ​ពាក្យ​ថា​ជោគជ័យ​មួយ​នេះ​បាន។ ជា​ចម្លើយ គឺ​ផ្តើមចេញពី​ពាក្យ​ថា “វិន័យ” ។ នេះ​ជាការ​លើកឡើង​របស់លោក​ឧកញ៉ា​នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ KFA ដែល​កំពុង​មមាញឹក​ក្នុងការ​អភិវឌ្ឍ​វិស័យ​លំនៅដ្ឋាន​នាពេល​បច្ចុប្បន្ន។

លោក​ឧកញ៉ា​នួន រិទ្ធី​បាន​មានប្រសាសន៍ថា “ធ្វើ​អ្វី​ក៏ដោយ​ក៏ត្រូវ​ផ្តើមចេញពី​ពាក្យ​ថា “វិន័យ” នេះដែរ ព្រោះ​វិន័យ​នៅលើ​ខ្លួនឯង​នេះ ជា​ចំណុច​ចាប់ផ្តើម​មុនដំបូង​គេ ហើយ​បើ​មនុស្ស​ណា​ដែល​គ្មាន​វិន័យ​នោះទេ ទោះជា​បំពេញ​កិច្ចការងារ​អ្វី​ក៏ដោយ គឺ​ស្ថិតនៅ​ឆ្ងាយ​ពី​ពាក្យ​ថា​ជោគជ័យ​ណាស់” ។

លោក​ឧកញ៉ា​បាន​បន្តថា ការ​មាន​វិន័យ​ចំពោះ​ខ្លួនឯង មិនមែនជា​ការដាក់ទណ្ឌកម្ម​នោះទេ ប៉ុន្តែ​វា​ជាការ​កំណត់ និង​ការជំរុញឱ្យ​មានការ​ខំប្រឹង​ឱ្យអស់​ពី​លទ្ធភាព ដែល​ខ្លួន​មាន ស្របទៅតាម​ចក្ខុវិស័យ និង​គោលដៅ​របស់ខ្លួន​ដែល​បាន​កំណត់ទុក។

លោក​បញ្ជាក់ថា “ខ្ញុំ​ក៏មាន​វិន័យ​សម្រាប់​ខ្លួន​ខ្ញុំ ខ្ញុំ​មាន​ផែនការ និង​គោលដៅ​ច្បាស់លាស់ ដូច្នេះ​ខ្ញុំ​ក៏ត្រូវ​តែមាន​វិន័យ​សម្រាប់​ខ្លួនឯង ក្នុងការ​អនុវត្ត​ដើម្បី​អាច​សម្រេចបាន​ទៅតាម​ផែនការ ដែល​ខ្ញុំ​បានគ្រោង​ទុក ព្រោះ​ការឱ្យ​តម្លៃ​ទៅលើ​ភាព​មាន​វិន័យ នៃ​សកម្មភាព​ប្រចាំថ្ងៃ វា​គឺជា​ការជំរុញឱ្យ​យើង​មាន​ថាមពល​វិជ្ជមាន​ដោយ​មិនដឹង​ខ្លួន” ។ លោក​បន្តថា “នៅពេលដែល​យើង​មាន​ថាមពល​វិជ្ជមាន មានការ​ខំប្រឹង​អនុវត្ត​ទៅតាម​ផែនការ​ច្បាស់លាស់ នោះ​លទ្ធផល​ដែល​យើង​អាច​ទទួលបាន​ក៏​ច្រើន​តាម​ហ្នឹង​ដែរ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here